អ្នកដែលប្រើប្រាស់ឯកសារជាប្រភេទ PDF ប្រហែលជាធ្លាប់ជួបបញ្ហាមួយចំនួន ដូចជាពិបាក្នុងការធ្វើការកែប្រែ ឬពិបាកក្នុងការចម្លងអក្សរពី PDF ចូលទៅដាក់ក្នុងកម្មវិធី Microsoft Words ជាដើម។ ហើយថ្ងៃនេះផងដែរ ចាបខៀវ Technology Cambodia នឹងបង្ហាញនូវវេបសាយចំនួន២ ដែលនឹងជួយឱ្យអ្នកអាចធ្វើការកែ ឬបម្លែងប្ដូរពី PDF ទៅជា Word បានយ៉ាងងាយស្រួល ដោយមិនចាំបាច់ដំឡើងកម្មវិធី Software ច្រើនលើកុំព្យូទ័រនោះឡើយ។ ដោយវេបសាយទាំង២នោះរួមមាន៖
១. PDG Simpli.com ៖ តាមរយៈវេបសាយមួយនេះអ្នកអាចធ្វើការកែ លុប ឬបន្ថែមអក្សរក៏ដូចជារូបភាពផ្សេងៗទៅលើឯកសារ PDF របស់អ្នកាបានយ៉ាងងាយស្រួល និងអាចធ្វើការបម្លែងពី File PDF ទៅជា Word បានត្រឹមរយៈពេលដ៏ខ្លី និងអាចទាញយក (Download) យកមកទុកប្រើបានភ្លាមៗតែម្ដង។
២. Tiny Wow.com ៖ ខុសពីវេបសាយខាងលើបន្ដិច សម្រាប់វេបសាយមួយនេះ ក្រៅពីអនុញ្ញាតឱ្យអ្នកកែ PDF និងបម្លែងឯកសារពីទម្រង់ PDF ទៅ Word តែប៉ុណ្ណោះទេ ប៉ុន្ដែវាមានមុខងារជាច្រើននិងស្មានមិនដល់ ពោលគឺចូលវេបសាយនេះមួយស្មើនឹងដំឡើងកម្មវិធី (Software) បួនប្រាំ ពោលគឺល្អខ្លាំងមែនទែន។ តាមរយៈ Tiny Wow អាចអាចធ្វើរឿងជាច្រើនដូចជា៖
- បម្លែងពី PDF ទៅជា រូបភាព (JPG)
- ពី PDF ទៅ Word
- កែ PDF
- យកឯកសារ PDF ពីបីខុសគ្នា មកច្របាច់បញ្ចូលគ្នា (Merge PDF)
- បំបែកឯកសារ PDF ។ល។
គូសបញ្ជាក់ថា សម្រាប់វេបសាយទាំងពីរខាងលើ គឺដំណើរការល្អក្នុងការកែឯកសារ PDF ជាភាសាអង់គ្លេស ប៉ុន្ដែសម្រាប់ភាសាខ្មែរ ពេលខ្លះអាចនឹងមានភាពរអាក់រអួល។ តែទោះបីជាយ៉ាងនេះក្ដី យើងនៅតែអាចប្រើវាក្នុងការកែអក្សរខ្មែរបានដដែល ឬអាចធ្វើការគូសផ្ទៃស និងសរសេរអក្សរខ្មែរពីលើបន្ថែមបាន នៅពេលដែលអ្នកចង់កែ ឬមានអ្វីចង់បន្ថែមចូលទៅក្នុងឯកសាររបស់អ្នក៕