Bill Gates ថា ការចាក់សាក់របៀប E-Tattoo នឹងមកសម្លាប់ទូរស័ព្ទមួយពិភពលោក
Navasiri Morm
MARCH 18 2022
ឌីជីថល
1.6 K views
1 min read

មហាសេដ្ឋី Bill Gates បានធ្វើការទាយថា បច្ចេកវិទ្យា «TECH TATS» Electronic Tattoo ឬ E-Tattoo ដែលជាបច្ចេកវិទ្យាសាក់អេឡិចត្រូនិច ដែលបង្កើតឡើងដោយក្រុមហ៊ុន Startup ដែលមានឈ្មោះថា Chaotic Moon នឹងក្លាយជាបច្ចេកវិទ្យាដែលអាចនឹងមកជំនួសស្មាតហ្វូននៅថ្ងៃអនាគត នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Marca។

ប្រភពដដែលបានឱ្យដឹងទៀតថា សម្រាប់បច្ចេវិទ្យា E-Tattoo នេះគឺជាបច្ចេកវិទ្យាមួយនៅក្នុងចំណោមបច្ចេកវិទ្យាបូកនឹងវិទ្យាសាស្រ្ដជាច្រើនទៀត ដោយគេនឹងដាក់បន្ទះសៀគ្វីម៉ាញេទិកនៅលើស្បែក ដែលមានសេនស៊រ ដែលអាចផ្ញើនិងទទួលព័ត៌មាន ក៏ដូចជាទិន្នន័យផ្សេងៗតាមរយៈទឹកថ្នាំពិសេសដែលអាចចម្លងអគ្គិសនីបាន។ ដោយឡែកសម្រាប់សាក់នេះ គឺជាសាក់ដែលជាប់នឹងស្បែកបណ្ដោះអាសន្នតែប៉ុណ្ណោះ ពោលគឺមិនជាប់នឹងស្បែករហូតដូចសាក់ធម្មតានោះទេ។

ជាមួយគ្នានេះដែរ សម្រាប់បច្ចេកវិទ្យា E-Tattoo នេះវានឹងប្រមូលទិន្នន័យសំខាន់ៗរបស់អ្នកទាំងអស់ទុកឱ្យអ្នកប្រើប្រាស់ពោល គឺ វាអាចជំនួសកាបូបលុយបានថែមទៀតផង ពោលគឺវាអាចធ្វើការផ្ទុកទិន្នន័យអត្តសញ្ញាប័ណ្ណ ក្រេឌីតកាត និងឯកសារសំខាន់ៗផ្សេងៗផ្ទាល់ខ្លួនរបស់អ្នកបានផងដែរ។ បន្ថែមពីនេះទៀត E-Tattoo ក៏នឹងដើរតួនាទីជាអ្នកជួយតាមដានមើលសុខភាពរបស់យើង ដូចជាការវាស់ចង្វាក់បេះដូងជាដើម។

ហើយលោក Bill Gates បានទាយទុកថា នៅថ្ងៃអនាគតគេនឹងអភិវឌ្ឍន៍បច្ចេកវិទ្យា E-Tattoo ឱ្យមានមុខងារពិសេសៗជាច្រើនទៀតដូចជាដូចជាមុខងារវីដេអូខល និងផ្ញើសារ និងមុខងារពិសេសៗជាច្រើនផ្សេងទៀត ដែលផ្ដល់ភាពងាយស្រួលច្រើនជាងការប្រើស្មាតហ្វូនទៅទៀត៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia