ជំនាញចំណូលខ្ពស់! ឯកឧត្ដម ឈួន ចាន់ថន បង្ហាញផ្លូវសម្រាប់សិស្សចប់ថ្នាក់ទី១២ ដែលចង់រៀនជំនាញឌីជីថល
ផែន ផាន់ណា
NOVEMBER 9 2023
ស្ទីម - STEAM
618 views
3 mins read

ប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើននៃការចាប់យកជំនាញឌីជីថល ហាក់មានសន្ទុះខ្លាំង តួយ៉ាងយុវវ័យ យើង បានចាប់យកជំនាញព័ត៌មានវិទ្យា ដូចជាការឌីហ្សាញ (កាត់តវីដេអូ, រូបភាព, គូរប្លង់...) ឬអ្នកខ្លះទៀត បានងាកទៅចាប់យកផ្នែក Social Media, Digital Marketing និងជំនាញពាក់ព័ន្ធនឹងផ្សេងៗទៀត។ ជាក់ស្ដែង អ្វីដែលយើងបានរៀបរាប់អម្បាញ់មិញ សុទ្ធសឹងតែជាជំនាញចំណូលខ្ពស់ និងមានតម្រូវការទីផ្សារច្រើន នៅក្នុងសម័យកាល បដិវត្តន៍ឧស្សាហកម្ម៤.០នេះ មិនថានៅក្នុងប្រទេសកម្ពុជា ឬពិភពលោកទាំងមូល។ ចុះបើគេនាំគ្នា រៀនជំនាញនេះច្រើន តើសិស្សទើបបញ្ចប់ថ្នាក់ទី១២ថ្មីៗនេះ គួររៀនតាមគេដែរអត់???

399910924 729997169153709 1403286816109326428 N

ទាក់ទិននឹងទំនោរនៃការចាប់យកជំនាញឌីជីថលរបស់យុវវ័យសម័យទំនើបនេះ បើតាមការយល់ឃើញរបស់ឯកឧត្ដម ឈួន ចាន់ថន សាកលវិទ្យាធិការសាកលវិទ្យាល័យ  អាយអាយស៊ី នៃបច្ចេកវិទ្យា បានឱ្យដឹងថា “ពាក្យថាឌីជីថល (Digital) គឺវាមានន័យទូលាយ។ បើយើងនិយាយថា ហេតុអ្វីបានជានិស្សិត គួរចាប់យកជំនាញឌីជីថល ក្រោយបញ្ចប់ថ្នាក់ទៅ១២ កន្លែងនេះ ខ្ញុំចង់សង្កត់ធ្ងន់ថា សម័យឥឡូវអ្វីក៏ត្រូវការឌីជីថលដែរ ពោលគឺសូម្បីតែផ្នែកសេដ្ឋកិច្ច កសិកម្ម ឧស្សាហកម្ម កិច្ចការងាររដ្ឋ...។ ជាទូទៅអ្នករៀនជំនាញពាក់ព័ន្ធនឹងឌីជីថល គឺពួកគេទទួលបានប្រាក់ខែល្អ ពីកម្រិតមធ្យមទៅខ្ពស់ និងងាយស្រួលរកការងារធ្វើ នេះបើយើងនិយាយនៅក្នុងបរិបថ សង្គមខ្មែរសព្វថ្ងៃ។

Photo 2023 10 20 16 41 17

បន្ថែមពីលើនេះ ខ្ញុំអាចនិយាយបានថា នរណាក៏ត្រូវតែចេះជំនាញឌីជីថលដែរ សូម្បីតែផ្នែកទីផ្សារ គណនេយ្យ គ្រប់គ្រង អេឡិចត្រូនិក ទេសចរណ៍ជាដើម ក៏ត្រូវតែស្ទាត់លើផ្នែកនេះ មិនមែនទាល់តែរៀនព័ត៌មានវិទ្យា ទើបត្រូវចេះជំនាញឌីជីថលនោះទេ។ បើនិយាយពីនិស្សិតយើងវិញ ខ្ញុំទទួចថាត្រូវតែចេះជំនាញឌីថល មិនថាកំពុងរៀននៅក្នុងផ្នែកណាក៏ដោយ ព្រោះពិភពលោកបច្ចុប្បន្នត្រូវបានព័ទ្ធជុំវិញដោយឌីជីថលហើយ។

Digital World

Using Digital Programs to up Your Computer Skills

ចំពោះសិស្សដែលរៀនជំនាញនេះដែរ ប្រាក់ចំណូលដែលរកបាន យើងអាចនិយាយបានថា​ ល្អជាងគេ បើធៀបនឹងការរៀនជំនាញដទៃ នេះបើយើងមើលតាមជាក់ស្ដែង ព្រោះគ្រប់វិស័យ គ្រប់ក្រុមហ៊ុន ទាំងអស់សុទ្ធតែត្រូវការអ្នកជំនាញផ្នែកឌីជីថល ឧទាហរណ៍ជាក់ស្ដែង សព្វថ្ងៃនេះពិភពលោកបានដើរដល់បច្ចេកវិទ្យា E-Learning, E-Commerce, E-accounting, E-wallet, E-Marketing... ដែលគេត្រូវការអ្នកជំនាញដើម្បីធ្វើ និងដោះស្រាយបញ្ហា ឱ្យក្រុមហ៊ុនរបស់គេ។ បើនិយាយពីទីផ្សារការងារវិញ ពិតណាស់ អ្នករៀនផ្នែកនេះ ងាកស្រួលរក ព្រោះមានតម្រូវការច្រើន សំខាន់តើយើងជានិស្សិតនេះ មានសមត្ថភាព អាចចាប់យកឱកាសធំៗបានកម្រិតណា។”

Employee Working

ដល់ត្រង់នេះ ខ្ញុំចង់រំលឹកបន្តិចថា “ឌីជីថលវាចាប់ផ្ដើមរីកចម្រើនតាំងពីសត្សវតរ៍ទី២០ និងជាបច្ចេកវិទ្យាមួយ ដែលរីកចម្រើនបំផុត ហើយមកដល់ម៉ោងនេះវាកាន់តែរីកចម្រើន។ ជាមួយគ្នានេះដែរ សូម្បីតែទិសដៅអភិវឌ្ឍប្រកបដោយចីរភាពទាំង១៧ របស់អង្គការសហប្រជាជាតិដែលបានដាក់ចេញកាលពីឆ្នាំ២០១៥កន្លងមក ក៏ត្រូវយកឌីជីថលទៅទ្រទ្រង់ទាំងអស់ដែរ។

Digital Twin

នៅក្នុងទិសដៅអភិវឌ្ឍប្រកបដោយចីរភាពទាំង១៧ របស់អង្គការសហប្រជាជាតិ ត្រង់ចំណុចទី០៤ គឺគេផ្ដោតសំខាន់ទៅលើ Quality Education ដែលគេត្រូវធ្វើយ៉ាងម៉េច ឱ្យមានបរិយាបន្ន និងសមភាព ក្នុងការអប់រំ ដោយការធ្វើបែបនេះហើយ គឺចប់សំដៅទៅលើ Lifelong Learning ដែលខ្មែរយើងនិយាយថា ការសិក្សាពេញមួយជីវិត ហើយការសិក្សាមួយជីវិតនេះ គឺគេចង់សំដៅទៅលើឌីជីថល។ ដូច្នេះឌីជីថលពិតជាសំខាន់ណាស់ ដែលយុវជនគួរចាប់យក។”

ដូច្នេះ ចំពោះនិស្សិតដែលចង់ចាប់យកជំនាញឌីជីថល គឺនៅតែមានឱកាសល្អ ពិសេសដូចជានៅក្នុងប្រទេសកំពុងអភិវឌ្ឍ ដូចជាកម្ពុជាយើងជាដើម។ ព្រោះមានក្រុមហ៊ុនច្រើនណាស់ ដែលត្រូវការអ្នកជំនាញផ្នែកនេះ។ 

គូសបញ្ជាក់ថា សាកលវិទ្យាល័យ អាយអាយស៊ីនៃបច្ចេកវិទ្យា ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៩ ដែលកាលនោះមានឈ្មោះថា វិទ្យាស្ថានអន្តរជាតិនៃកម្ពុជា។ វាត្រូវបានប្ដូរឈ្មោះទៅជា សាកលវិទ្យាល័យ អាយអាយស៊ីនៃបច្ចេកវិទ្យាក្នុងឆ្នាំ២០០៨។ សាកលវិទ្យាល័យឯកជនឯករាជ្យមួយប្រកបទៅដោយសីលធម៌ខ្ពស់ និងជំហរសាកលក្នុងពុទ្ធិ។អាចនិយាយថា សាកលវិទ្យាល័យ អាយអាយស៊ីនៃបច្ចេកវិទ្យា មានលក្ខណៈជាខ្មែរ ប៉ុន្តែទស្សនវិស័យជាអន្តរជាតិ។

What Does a Coder Do 2022 Career Guide 1

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia