អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី ១១ ដល់ ១២ ខែ មីនា ឆ្នាំ ២០២៥, គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល ក្រោមការឧបត្ថម្ភពីមូលនិធិនៃការកសាងសមត្ថភាព និង ការស្រាវជ្រាវ និង ការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន (ស.អ.) នៃក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានបញ្ចប់ការរៀបចំកម្មវិធី “វេទិកាសេដ្ឋកិច្ចឌីជីថល ២០២៥” នៅសណ្ឋាគារ អូក វូដ ព្រេមៀរ ភ្នំពេញ ដោយជោគជ័យ។
វេទិកានេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ និង មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និង តំណាងក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាល, វិស័យឯកជន, គ្រឹះស្ថានអប់រំ, សមាគម, និង ដៃគូអភិវឌ្ឍន៍។ វេទិកាសេដ្ឋកិច្ចឌីជីថលត្រូវបានធ្វើឡើងក្រោមគោល-បំណង (១) លើកកម្ពស់ការផ្សព្វផ្សាយចំណេះដឹងអំពីបច្ចេកវិទ្យាឌីជីថល ជំនាញ និង សារៈសំខាន់នៃការចាប់យកឌីជីថលនៅក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល, (២) បង្កើនការចែករំលែកទស្សនទាន គំនិតនវានុវត្តន៍ និង បទពិសោធន៍ថ្មីៗ ពាក់ព័ន្ធសេដ្ឋកិច្ចឌីជីថល, និង (៣) ជំរុញការកសាងបណ្ដាញទំនាក់ទំនង និង សហគមន៍ធុរកិច្ច និង សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។
ក្នុងវេទិកាសេដ្ឋកិច្ចឌីជីថល ២០២៥ មានបទបង្ហាញចំនួន ៥ និង កិច្ចពិភាក្សាចំនួន ៤ ដែលផ្ដោតលើទិដ្ឋភាពរួមនៃសេដ្ឋកិច្ច និង សង្គមឌីជីថល, ការធ្វើបរិវត្តកម្មឌីជីថលសម្រាប់សហគ្រាស, អក្ខរកម្ម និង ជំនាញឌីជីថលសម្រាប់សហគ្រាស, សន្តិសុខសាយប័រ ការការពារទិន្នន័យ ទ្រព្យសម្បត្តិឌីជីថល និង ការទូទាត់ប្រាក់ឌីជីថល។ បទបង្ហាញនីមួយៗ បានផ្ដល់ព័ត៌មានជាមូលដ្ឋានសម្រាប់កិច្ចពិភាក្សាយ៉ាងផុសផុល ហើយនឹងទទួលបានធាតុចូលសំខាន់ៗពីវាគ្មិនកិតិ្តយស និង អ្នកចូលរួម។
ក្នុងការថ្លែងសុន្ទរកថាបើកកម្មវិធី ឯកឧត្តមបណ្ឌិត គង់ ម៉ារី បានគូសរំលេចពីការវិវឌ្ឍយ៉ាង ឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល និង សក្តានុពលនៃការចាប់យកឌីជីថលក្នុងការជំរុញសម្ទុះកំណើនសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា តាមរយៈការនាំមកនូវគំរូធុរកិច្ចថ្មី, ការលើកកម្ពស់នវានុវត្តន៍, និង ការបង្កើនផលិតភាព, និង ប្រសិទ្ធភាពការងារ ទាំងក្នុងវិស័យឯកជន និង សេដ្ឋកិច្ចទាំងមូល។ នៅក្នុងការថ្លែងសុន្ទរកថាបើកនេះ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តដល់ធុរជន និង សាធារណជន ចូលរួមចាប់យកបច្ចេកវិទ្យា និង ប្រើប្រាស់ ថ្នាលឌីជីថល ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមា សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ឱ្យកាន់តែមានភាពរស់រវើក។
ជាលទ្ធផល វេទិកានេះមានអ្នកចូលរួមសរុបចំនួន ២៥៦ នាក់នៅថ្ងៃទី ១ និង ចំនួន ១៤៨ នាក់ នៅថ្ងៃទី ២ និង បានបញ្ចប់ទៅដោយរលូន តាមរយៈការផ្ដល់វេទិកាដែលបង្កើតឱ្យមានការជជែកពិភាក្សាពីសេដ្ឋកិច្ចឌីជីថល។ គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល នឹងបន្តឱ្យមានការរៀបចំវេទិកាបែបនេះបន្តទៀត នៅឆ្នាំបន្តបន្ទាប់។