គាំទ្រណាស់! អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល ចុះ MOU ជាមួយសមាគមធំៗនៅខ្មែរ៣ ដើម្បីការជំរុញការចាប់យកឌីជីថលរបស់ធុរកិច្ចនៅកម្ពុជា
ផែន ផាន់ណា
MARCH 26 2025
ឌីជីថល
20 views
3 mins read

          នាព្រឹកថ្ងៃ ពុធ ទី ២៦ ខែ មីនា ឆ្នាំ ២០២៥, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​  ឯកឧត្តម-បណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច​ និង ហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ....)​​, ​ ឧកញ៉ា ​តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា,  លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា, និង​ឧកញ៉ា​​ ប៉ិច​ បូឡែន​​ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពី​​ “ការជំរុញការចាប់យកឌីជីថលរបស់ធុរកិច្ចនៅកម្ពុជា”

1

2     3

   ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង តំណាងសមាគម​ និង​ ដៃគូអភិវឌ្ឍនានា សរុបប្រមាណ​ ៥០ រូប, អនុស្សរណៈនៃការយោគយល់នេះ​ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល​ និង វិស័យឯកជន ដើម្បីពង្រីកវិសាលភាពនៃការផ្សព្វផ្សាយចំណេះដឹង និង ជំនាញបច្ចេកវិទ្យាថ្មីៗដល់ធុរជន​ ម្ចាស់អាជីវកម្ម និង សហគ្រាសនៅកម្ពុជា សំដៅកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចឌីជីថលនៅកម្ពុជា ឱ្យកាន់តែមានភាពរស់រវើក។ ឯកឧត្តមបណ្ឌិត​​ គង់ ម៉ារី បានគូសបញ្ជាក់ពីការវិវឌ្ឍយ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យាឌីជីថល និង ធុរកិច្ចនៅកម្ពុជា​ ព្រមទាំងបានលើកទឹកចិត្ត​​​ឱ្យសហគ្រាសគ្រប់កម្រិត និង គ្រប់វិស័យ ព្រមទាំងសហគ្រិនទាំងអស់ ប្រើ​­ប្រាស់បច្ចេកវិទ្យាឌី​ជីថល ដើម្បីធានាបាននូវចីរភាពអាជីវកម្ម បង្កើនផលិតភាព​ ប្រសិទ្ធភាពសេដ្ឋកិច្ច និង ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់ និង សកលលោក។ នៅក្នុងពិធីនេះដែរ ឧកញ៉ា​ តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា បានបង្ហាញពី ការជឿជាក់ថាការចុះអនុស្សរណៈនៃការយោគយល់នេះនឹង​ផ្តល់នូវកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ​​ ក្នុងការរួមចំណែកលើការជំរុញសេដ្ឋកិច្ចឌីជីថល ជាពិសេស លើវិស័យសហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា។ ទន្ទឹមនេះ លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានគូសបញ្ជាក់ពីការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល និង លើកទឹកចិត្តឱ្យសហគ្រិនស្រ្តី​ ព្រមទាំងសហគ្រិនគ្រប់កម្រិតឱ្យចាប់យកបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងអាជីវកម្ម។ ឧកញ៉ា​​ ប៉ិច​ បូឡែន​​  ប្រធានសមាគមសហគ្រិនវ័យក្មេង បានលើកឡើងស្រដៀងគ្នាថា ការចុះអនុស្សរណៈនៃការយោគយល់នេះនឹងរួមចំណែកក្នុងកិច្ចសហការ ជាពិសេស គាំទ្រដល់សហគ្រាស ម្ចាស់-អាជីវកម្ម និង ​ធុរកិច្ចថ្មីៗ ឱ្យកាន់តែរីកចម្រើន និង មានការប្រកួតប្រជែងខ្ពស់។  

4

5      6  

  កិច្ចសហប្រតិបត្តិការ រវាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល​ និង សម្ព័ន្ពសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា, សមាគមសហគ្រិនវ័យក្មេង, និង​ សមាគមសហគ្រិនវ័យក្មេងកម្ពុជា នាពេលនេះ គឺជាការបើកទំព័រថ្មីមួយទៀត ដែលអនុញ្ញាតឱ្យរដ្ឋាភិបាល និង វិស័យឯកជន បង្កើតជាគំរូនៃកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និង វិស័យឯកជន តាមរយៈការចែករំលែកនូវចំណេះដឹង​ បទពិសោធន៍ ឧត្តមានុវត្តន៍ និង​ ការបណ្តុះប​ណ្តាលពាក់ព័ន្ធនឹងធុរកិច្ចឌីជីថល និង ជំរុញការប្រើប្រាស់បច្ចេកវិទ្យាគាំទ្រ​ និង បច្ចេកវិទ្យាដែលកំពុងលេចឡើងថ្មីៗ ដែលជាគន្លឹះគាំទ្រដល់សេដ្ឋកិច្ច និង សង្គមឌីជីថលនៅកម្ពុជា។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ អគ្គលេខាធិការដ្ឋាន .... សហការជាមួយសមាគមទាំងបី នឹងនាំមកនូវគំនិតផ្ដួចផ្ដើម និង កម្មវិធីជាច្រើន សំដៅគាំទ្រដល់ការចាប់យកឌីជីថលរបស់ធុរកិច្ច។  

7

8

សម្រាប់ព័ត៌មានអំពីកម្មវិធីពាក់ព័ន្ធនឹងការចាប់យកឌីជីថលរបស់ធុរកិច្ចនៅកម្ពុជា សូមសាធារណជន ទាំងអស់មេត្តាតាមដានលើគេហទំព័រ និង គ្រប់បណ្ដាញសង្គមរបស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល​ និង សម្ព័ន្ពសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា, សមាគមសហគ្រិនវ័យក្មេងកម្ពុជា និង​ សមាគមសហគ្រិនស្រ្តីកម្ពុជា។

Img 9669

9

Img 9665

Img 9667

Img 9668

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia