បច្ចុប្បន្ននេះ កុំព្យូទ័រម៉ាក Dell មានអ្នកប្រើប្រាស់ពាលពេញពិភពលោកទៅហើយ មិនថាកន្លែងធ្វើការ ឬការទិញប្រើប្រាស់ផ្ទាល់ខ្លួនជាដើមគឺមានការពេញនិយមខ្លាំងមែនទែន។ ប៉ុន្តែនៅពីក្រោយភាពល្បីល្បាញនេះ មានមនុស្សតិចនាក់ណាស់ដែលបានដឹងអំពីរឿងរ៉ាវនៅពីក្រោយយីហោមួយនេះ ជាពិសេសនោះគឺដើមទុន ដែលស្ថាបនិក Dell យកមកស៊ីដំបូង ក៏ដូចជាការយុទ្ធសាស្រ្តរកស៊ីផ្សេងៗទៀត។
សម្រាប់ដើមទុនរកស៊ីដំបូងនេះដែរ គឺលោក Michael Dell ជាមេធំរបស់ក្រុមហ៊ុនយក្ស Dell ប្រើទុនត្រឹមតែ ១ពាន់ដុល្លា ដោយចាប់ផ្តើមធ្វើការតែនៅក្នុងបន្ទប់តូវមួយនៅក្នុងសាលាប៉ុណ្ណោះ តែអ្វីដែលអស្ចារ្យជាងនេះ គឺលោកអាចច្នៃលុយ ១ ពាន់ដុល្លារនោះរហូតក្លាយជាក្រុមហ៊ុនមួយមានតម្លៃជាង ៧៧ ពាន់លានដុល្លារ និងបានជាប់ឈ្មោះជាមហាសេដ្ឋីវ័យក្មេងមួយរូប ដែលមានទ្រព្យសម្បត្តិប្រមាណជា៤០ ពាន់លានដុល្លារថែមទៀតផង។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC បានឱ្យដឹងថា លោក Michael Dell ជាមនុស្សម្នាក់ដែលស្រឡាញ់បច្ចេកវិទ្យាតាំងតែពីលោកនៅពីក្មេងមកម្លេះ រហូតដល់លោកមានអាយុ ១៩ ឆ្នាំ លោកបានងាកមកធ្វើអ្វីដែលខ្លួនចូលចិត្តនេះ តាមរយៈការលុយដែលមានត្រឹមតែ ១០០០$ នេះទៅទិញកុំព្យូទ័រមួយ និងបានតំឡើងវា ហើយលក់ចេញក្នុងតម្លៃថ្លៃជាងពេលទិញ។ការទិញចូលថោកលក់ចេញវិញថ្លៃបានធ្វើឱ្យលោក Michael Dell អាចរកប្រាក់ចំណេញបានជាហូហែរ ដោយក្នុងមួយខែលោកអាចរកបានប្រាក់ពី ៥ ទៅ ៨ ម៉ឺនដុល្លារតាមមធ្យោបាយនេះ។
ការកើនឡើងប្រាក់ចំណូលពីមួយខែទៅមួយខែបានជម្រុញឱ្យការរកស៊ីនេះចេះតែរីកចម្រើនជាបន្តបន្ទាប់រហូតនៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ១៩៨៤ លោក Michael Dell ប្តូរកន្លែងធ្វើការនៅតែក្នុងបន្ទប់ក្លាយជាការិល័យតូចមួយ និងបានបង្កើតជាចេញជាយីហោមួយផ្ទាល់ថា PC’s Limited ។លុះឈានដល់ នៅឆ្នាំ ១៩៩២ ក្នុងវ័យ ២៧ ឆ្នាំគាត់បានក្លាយជានាយកប្រតិបត្តិក្មេងជាងគេរបស់ក្រុមហ៊ុនដែលជាប់ក្នុងបញ្ជីឈ្មោះអ្នករកស៊ីកំពូល ៗ ទាំង ៥០០ របស់ទស្សនាវដ្តី។
បន្ទាប់ពីនោះ នៅឆ្នាំ ១៩៩៦ ឌែលបានចាប់ផ្តើមធ្វើការ លក់កុំព្យូទ័រលើបណ្តាញអ៊ីនធឺណេត និងបានបើកដំណើរការម៉ាស៊ីនមេដំបូងរបស់ខ្លួនផងដែរ។ មិនយូរប៉ុន្មានក្រុមហ៊ុន Dell Inc បានរាយការណ៍អំពីការលក់ប្រហែល ១ លានដុល្លារក្នុងមួយថ្ងៃពីគេហទំព័រ dell.com ។ នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០០១ ក្រុមហ៊ុន Dell Inc បានឈានដល់ចំណែកទីផ្សារពិភពលោក ១២,៨ ភាគរយដែលលើសក្រុមហ៊ុន Compaq ក្លាយជាក្រុមហ៊ុនផលិតកុំព្យូទ័រធំជាងគេបំផុតនៅលើពិភពលោក ហើយក៏បានបន្តភាពល្បីល្បាញនេះមកដល់បច្ចុប្បន្ន៕