បច្ចេកវិទ្យាកាន់តែរីកចម្រើនខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ របរថ្មីៗក៏កើតឡើងកាន់តែច្រើនផងដែរ។ ជាក់ស្ដែងបើយើងក្រឡេកទៅមើលតារា Snapchat វ័យ២៣ឆ្នាំមួយរូបគឺកញ្ញា Caryn Marjorie បានធ្វើការបង្កើតផ្លែតហ្វម AI មួយឈ្មោះថា Caryn AI ដែលអាចជជែកឆ្លងឆ្លើយបានដូចមនុស្សពិតៗ និងអាចជួយដោះស្រាយបញ្ហាដែលនៅមិនទាន់មានគូររងាកំព្រាឯកាគ្មានអ្នកជជែកជាមួយ។
បើតាមការចុះផ្សាយរបស់គេហទំព័រ The Fortune បានឱ្យដឹងថា សម្រាប់ Caryn AI ដែល Caryn Marjorie បង្កើតឡើងនេះ គឺមានភាពឆ្លាតវៃខ្លាំងអាចធ្វើការឆ្លងឆ្លើយដូចមនុស្សពិតៗ។ ដោយ AI មួយនេះមានភាពឆ្លាតវៃខ្លាំង អាចកំដរអ្នកដែលនៅទំនេរមិនទាន់មានដៃគូរ ដោះស្រាយបញ្ហាឯកាបាន ដោយវាមានសមត្ថភាពអាចឆ្លងឆ្លើយដូចនិយាយជាមួយមនុស្សពិត ខណៈការជជែកលេងជា AI នេះមួយនាទីត្រូវចំណាយលុយមួយដុល្លារ។
ប្រភពដដែលបានឱ្យដឹងទៀតថា សម្រាប់ការបង្កើត Caryn AI នេះក្រុមការងារបស់កញ្ញា Caryn Marjorie បានចំណាយពេលអស់ជាង២០០០ម៉ោងក្នុងបន្ទប់ស្ទូឌីយូ ដើម្បីថតបង្កើតជារូបតំណាង AI ដែលមានមុខមាត់ សំឡេង និងកាយវិកាដែលដូចទៅនឹងកញ្ញា Caryn Marjorie។ បន្ថែមពីនេះទៀត គេក៏បានបញ្ចូល ChatGPT4 បូកជាមួយនឹងកម្មវិធី Telegram ផងដែរ។
គួរជម្រាបផងដែរថា បើតាមកញ្ញា Caryn Marjorie បានឱ្យដឹងថា បច្ចុប្បន្ននេះ ផ្លែតហ្វម Caryn AI របស់កញ្ញា Caryn Marjorie ទើបតែដាក់ឱ្យប្រើប្រាស់សាកល្បងក្នុងតំណាក់កាលដំបូង ប៉ុន្ដែមានអ្នក Subcribed ជាង១ម៉ឺននាក់ និងអាចរកចំណូលបាន ៧១៦១០ដុល្លាររួចមកហើយ ខណៈអ្នកប្រើប្រាស់៩៩% ជាមនុស្សប្រុស។ កញ្ញា Caryn Marjorie ជឿថាផ្លែតហ្វមដែលខ្លួនបង្កើតឡើងនេះ នឹងជួយព្យាបាលភាពឯកាបាន។ បន្ថែមពីនេះទៀត នៅពេលដែលផ្លែតហ្វមរបស់ខ្លួនដាក់ឱ្យដំណើរការពេញលេញ កញ្ញា Caryn Marjorie រំពឹងថានឹងមានអ្នកប្រើកាន់តែច្រើន ហើយអាចរកចំណូលបានយ៉ាងហោចណាស់៥លានដុល្លារក្នុង១ខែ៕