ភ្នំពេញ ថ្ងៃទី 1 រហូតដល់ 31 ខែសីហា ឆ្នាំ 2023- Cambodia Capture The Flag 2023 (Cambodia CTF 2023) បានបើកទទួលការចុះឈ្មោះ និងស្វែងរកយុវជនយុវតីដែលស្រលាញ់ចូលចិត្តនូវជំនាញសន្តិសុខព័ត៌មាន និងមានអាយុចាប់ពី 15-30 ឆ្នាំ ដើម្បីចូលរួមក្នុងការប្រកួតប្រជែងថ្នាក់ជាតិនេះ។ កម្មវិធីនេះត្រូវបានផ្តួចផ្តើមឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងរៀបចំដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាដែលហៅកាត់ថា CADT ក៏ដូចជាជំនួយបច្ចេកទេសពីដៃគូសហការដូចជា Technovage Solution និង SalaCyber ។ អ្នកចូលរួមនឹងមានឱកាសទទួលបានការណែនាំបន្ថែមពីអ្នកជំនាញ និងចូលរួមធ្វើការប្រកួតប្រជែងក្នុងការជ្រៀតចូលទៅក្នុងប្រព័ន្ធដែលបានរៀបចំទុកជាមុនដូចទៅនឹងប្រព័ន្ធដំណើរការជាក់ស្ដែង ដើម្បីទទួលបានរង្វាន់ជាទឹកប្រាក់និងការទទួលស្គាល់ផងដែរ។
កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិ Cambodia CTF កាលពីឆ្នាំ 2022 ទទួលបានការចុះឈ្មោះចូលរួមប្រកួតជុំទី១ (Qualification Round) រហូតដល់ជាង300នាក់ និងបានជម្រុះនៅត្រឹមតែ 100នាក់ប៉ុណ្ណោះដើម្បីការទទួលបានការបណ្តុះបណ្តាលបន្ថែមជាមួយអ្នកជំនាញ មុននឹងចូលរួមក្នុងការប្រកួតប្រជែងនៅជុំចុងក្រោយ។ នៅថ្ងៃប្រកួតប្រជែងជុំចុងក្រោយ មានការថ្លែងសុន្ទរកថាដ៏គួរអោយចាប់អារម្មណ៍ពីសំណាក់ថ្នាក់ដឹកនាំក៏ដូចជាអ្នកជំនាញក្នុងវិស័យសន្តិសុខព័ត៌មាននេះផងដែរមុននឹងការប្រកួតចាប់ផ្ដើម។
អ្នកទទួលបានជ័យលាភី ៣ រូប នឹងទទួលបានរង្វាន់ជាទឹកប្រាក់រហូតដល់ ២ លានរៀល និងក្លាយជាតំណាងប្រទេសកម្ពុជាទៅប្រគួតក្នុងកម្មវិធី "ASEAN Cyber SEAGAME" "Singapore Cyber Conquest" និងការប្រកួតប្រជែងផ្សេងៗទៀត។
Cambodia CTF 2023 នឹងជួយជំរុញដល់វិស័យសន្តិសុខព័ត៌មាន និងលើកកម្ពស់ការសិក្សា ព្រមទាំងការសហការគ្នានៅក្នុងបរិបទឌីជីថលនេះ។ សន្តិសុខព័ត៌មានពិតជាដើរតួនាទីយ៉ាងសំខាន់នៅក្នុងបរិបទឌីជីថលនាពេលបច្ចុប្បន្ន ហើយព្រឹត្តិការណ៍នេះនឹងផ្តល់នូវវេទិកាដ៏ល្អមួយដើម្បីបង្ហាញពីទេពកោសល្យរបស់អ្នក និងធ្វើឱ្យមានការអភិវឌ្ឍន៍ជំនាញកាន់តែច្បាស់លាស់ និងនៅតែបន្តធ្វើបច្ចុប្បន្នភាពជាមួយបច្ចេកទេស និងបច្ចេកវិទ្យាចុងក្រោយបំផុតនៅក្នុងជំនាញនេះ។
ចូលរួមជាមួយ Cambodia CTF 2023 ដើម្បីជាផ្នែកមួយនៃសហគមន៍សន្តិសុខព័ត៌មាន ដែលប្រមូលផ្តុំដោយអ្នកបច្ចេកទេស អ្នកជំនាញ សិស្សនិស្សិត និងអ្នកចូលចិត្តនូវវិស័យសន្តិសុខព័ត៌មាននេះ និងដើម្បីអភិវឌ្ឍជំនាញបច្ចេកទេសរបស់ពួកយើង។
ដាក់ពាក្យឥឡូវនេះ៖ forms.office.com/r/15ZU46T60p
គេហទំព័រ CTF៖ ctf.idt.edu.kh/
CADT Telegram៖ t.me/cadt_official
CADT FB៖ facebook.com/CADT.Academy/