ទូតសុឆន្ទៈ ឬ Brand Ambassador (BA) គឺជាពាក្យដ៏ល្បីដែលត្រូវបានចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងមួយរយៈពេលចុងក្រោយនេះ ខណៈក្រុមហ៊ុនធំៗជាច្រើននៅស្រុកខ្មែរ សុទ្ធតែមាន BA ប្រចាំក្រុមហ៊ុនរបស់ខ្លួន។ ហើយថ្ងៃនេះផងដែរ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅដឹងថាតើអ្វីជា Brand Ambassador (BA)ឬ ឯកអគ្គរដ្ឋទូតម៉ាកយីហោទាំងអស់គ្នា។
តើអ្វីជាទូតសុឆន្ទៈ ឬ Brand Ambassador (BA)?
ទូតសុឆន្ទៈ ឬ Brand Ambassador បើនិយាយឱ្យងាយយល់ គឺសំដៅទៅលើបុគ្គលទាំងឡាយណាដែល ជាតំណាងក្នុងការផ្សព្វផ្សាយពីផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុនណាមួយ ដើម្បីជំរុញការលក់ និងជំរុញយីហោឱ្យកាន់តែល្បី។ ហើយភាគច្រើន BA គឺជាបុគ្គលល្បី ឬជា Influencer ដែលមានគេស្គាល់ច្រើន ឬអាចជាអ្នកគាំទ្រម៉ាកយីហោមួយខ្លាំងដែលមានឥទ្ធិពលទៅមនុស្សជុំវិញខ្លួន។
តើ Brand Ambassador ជួយអ្វីខ្លះ?
មែនទែនទៅ BA ម្នាក់ អាចជួយទៅលើរឿងជាច្រើនទៅដល់យីហោក្រុមហ៊ុនមួយ ហើយខាងក្រោមនេះ យើងនឹងលើកយកនូវគុណតម្លៃមកត្រឡប់មកកាន់យីហោធំៗមួយចំនួនពី BA៖
១.ជួយឱ្យយីហោល្បីលឿន ទទួលបានទំនុកចិត្តពីមហាជន និងចំណេញពេលវេលា៖
ប្រសិនបើក្រុមហ៊ុនមួយគ្រាន់តែឌីហ្សាញរូប ឬផលិតវីដេអូនិយាយពីគុណសម្បត្តិល្អៗ ពីផលិតផល ឬសេវាកម្មរបស់ខ្លួនហើយផ្សព្វផ្សាយទៅកាន់មហាជន ជួនកាលគឺត្រូវចំណាយពេលយូរនិងចំណាយលុយច្រើន ដើម្បីឱ្យមហាជនបានស្គាល់ និងសម្រេចចិត្តទិញ។ ស្របពេលដែលការជួល BA ដែលជាបុគ្គលល្បី ឬមានឥទ្ធិពលមួយរូបដែលមានគេស្គាល់ច្រើនស្រាប់ ឱ្យមកជួយនិយាយគុណសម្បត្តិល្អៗ ពីផលិតផលឬសេវាកម្ម គឺអាចចាក់ធ្លុះដល់បេះដូងអ្នកមើល ឱ្យទុកចិត្ត និងហ៊ានសម្រេចចិត្តប្រើផលិតផល ឬសេវាកម្មនោះដោយប្រើរយៈពេលខ្លីជាង។
២. ទទួលបានអតិថិជនថ្មី និងបង្កើនចំនួននៃការលក់៖
ដូចដែលបានរៀបរាប់ពីខាងដើម BA ភាគច្រើនគឺជាបុគ្គលដែលមានឥទ្ធិពល ឬជាបុគ្គលល្បីដែលមានគេស្គាល់ច្រើននៅក្នុងសង្គម ហេតុនេះ ក្រុមហ៊ុនមួយអាចមានឱកាសទទួលបានអតិថិជនថ្មីជាច្រើននាក់ត្រឡប់មកវិញ ដែលអតិថិជនទាំងនោះ អាចជាអ្នកគាំទ្រ BA ដែលខាងក្រុមហ៊ុនជួលមក ឬក៏ភាសារបស់យុវវ័យសម័យ២០២២ ច្រើនតែនិយាយថា ប្រើតាម Idol។
លើពីនេះ អតិថិជនថ្មីមួយក្រុមទៀត អាចជាក្រុមមនុស្សដែលកំពុងតែចាប់អារម្មណ៍ទៅលើផលិតផលឬសេវាកម្មក្រុមហ៊ុនមួយនោះស្រាប់ ប៉ុន្ដែមិនទាន់សម្រេចចិត្តទិញដោយសារមិនទាន់ទុកចិត្ត ហើយក្រោយពេលដែលឃើញ BA ដែលជាបុគ្គលសាធារណៈល្បីមានការជាប់ពាក់ព័ន្ធតំណាងឱ្យក្រុមហ៊ុនដូច្នេះ វាក៏អាចជាកត្តារុញច្រានមួយឱ្យក្រុមមនុស្សដែលចាប់អារម្មណ៍ស្រាប់ទាំងនៅះ ហ៊ានសម្រេចចិត្តទិញដោយលែងមានការសង្ស័យផងដែរ។
៣.ការនិយាយតមាត់៖
ការនិយាយតមាត់គ្នា គឺជាទីផ្សារដែលមានឥទ្ធិពលបំផុតមួយ ដោយជាទូទៅនៅពេលដែលចង់ទិញរបស់អ្វីមួយ មនុស្សច្រើនតែសួរនៃអ្នកជុំវិញខ្លួន ហើយប្រសិនបើមនុស្សដែលគាត់ស្គាល់ ណែនាំថា ទៅទិញកាសយីហោមួយនេះល្អណាស់សូម្បីតែតារាចម្រៀងម្នាក់នោះក៏ប្រើដែរ ហើយបើមានអ្នកណែនាំបែបដូច្នេះ ឱកាសដែលបុគ្គលមួយរូបនោះទៅទិញកាសមួយនោះ គឺខ្ពស់ខ្លាំងណាស់ ព្រោះគាត់ជឿជាក់លើបទពិសោធន៍មនុស្សដែលគាត់ស្គាល់ ក៏ដូចជាជឿទុកចិត្តតាមអ្វីតារាចម្រៀងល្បីមួយរូបនោះបញ្ជាក់ផងដែរ។
៤.ជួយឱ្យការបង្កើតមាតិការផ្សព្វផ្សាយកាន់តែសម្បូរបែប៖
ការមាន BA ប្រចាំក្រុមហ៊ុន នឹងជួយឱ្យការបង្កើតមាតិកាផ្សព្វផ្សាយកាន់តែសម្បូរបែប មិនថាតែការផលិតមាតិកាសម្រាប់ផ្សព្វផ្សាយនៅលើអនឡាញឬក៏អហ្វឡាញនោះទេ។ បន្ថែមពីនេះទៀត ការរើស BA ត្រូវជាមួយនឹងផលិតផល ឬសេវាកម្មរបស់អ្នក គឺអាចជួយឱ្យការផលិតមាតិការផ្សព្វផ្សាយរបស់អ្នកកាន់តែចំគោលដៅ ហើយជួនកាលអាចនិយាយបានថាត្រូវចំណេញជាងការចំណាយលុយផលិតមាតិកាធម្មតាថែមទៀតផង។
ផលអវិជ្ជមាននៃទូតសុឆន្ទៈ ឬ Brand Ambassador (BA)
បញ្ហាធំបំផុតមួយក្នុងការប្រើ BA គឺខាងក្រុមហ៊ុនពិបាកក្នុងការគ្រប់គ្រងពួកគាត់ ហើយប្រសិនបើ BA ដែលគាត់ជួលមកមានបញ្ហា ឬប្រព្រឹត្ត ដែលនាំឱ្យកើតមានរឿងអាស្រូវ ក្នុងករណីខ្លះវាក៏អាចជះឥទ្ធិពលអវិជ្ជមានត្រឡប់មកកាន់យីហោផងដែរ។ ហេតុនេះ មុននឹងសម្រេចចិត្តរើសនរណាម្នាក់ធ្វើ BA ម្ចាស់យីហោត្រូវតែជ្រើសរើសដោយការប្រុងប្រយ័ត្ន។
គួរជម្រាបផងដែរថា ការប្រើប្រាស់ ទូតសុឆន្ទៈ ឬ Brand Ambassador (BA) នៅក្នុងការធ្វើទីផ្សារ គឺមានតាក់តិច របៀបគិត និងយុទ្ធសាស្រ្ដជាច្រើននៅក្នុងនោះ៕
ប្រភព៖ influencer marketing hub, Crew Fire
អត្ថបទដោយ៖ Nava Siri