បើមានទម្លាប់អាក្រក់ទាំង៧ នេះ ទោះមានទូរសព្ទថ្មីប៉ុន្មានរយគ្រឿងទៀត ក៏ហិនហោចថ្មអស់ដែរ
Raty Oun
MAY 12 2022
គន្លឹះល្អៗ
386 views
1 min read

អ្នកប្រើប្រាស់ទូរសព្ទភាគច្រើនច្បាស់ជាមិនចាប់អារម្មណ៍នោះទេថាទម្លាប់នៃការប្រើប្រាស់ទូរសព្ទមួយចំនួនវាអាចបង្កជាផលប៉ះពាល់ផ្សេងៗដល់សុខភាពថ្មទូរសព្ទរបស់យើង។ ដូច្នេះថ្ងៃនេះ Technology Cambodia (ចាបខៀវ) នឹងលើកយកទម្លាប់មិនល្អ ចំនួន៧ចំណុចដែលយើងគួរតែកែប្រែដើម្បីកុំឲ្យថ្មទូរសព្ទឆាប់ខូច ដូចខាងក្រោម៖

ទី១ ប្រើទូរសព្ទដល់រលត់

ការឌីហ្សាញថ្មទូរសព្ទមួយចេញមក គេបានក្រឹតនូវកន្លែងទុកសម្រាប់បញ្ចូលថ្មគឺនៅចន្លោះពី ៣០%-៨0% នៅពេលដែលយើងប្រើទូរសព្ទដល់រលត់វាធ្វើឲ្យថ្មនៅខាងក្នុងពិបាកទ្រាំទ្រក្នុងការបញ្ចូលថ្ម បើនិយាយឲ្យងាយយល់មនុស្សយើងដែលធ្វើការរហូតអស់កម្លាំងរលីងអ៊ីចឹង។

ទី២ បើក WIFI ចោល

ការបើក WIFI ចោលវាក៏ជាផ្នែកមួយធ្វើឲ្យទូរសព្ទអ្នកអស់ថ្មដែរ ព្រោះថានៅពេលដែលយើងបើក WIFI ចោលទោះបីទូរសព្ទយើងកំពុងជាប់សោរក៏ដោយ ប៉ុន្តែប្រព័ន្ធទូរសព្ទនៅខាងក្នុងវាខំប្រឹងស្វែងរកសេវាអ៊ីនធឺណិត ដែលជាហេតុធ្វើឲ្យថ្មទូរសព្ទចុះស្រកចុះ។

ទី៣ ការប្រើក្បាលឆ្នាំងសាកដែលបញ្ចូលថ្មលឿន (Fast Charger)

អ្នកណាៗក៏ចង់បានដែរនូវឆ្នាំងសាកដែលបញ្ចូលថ្មបានលឿន ប៉ុន្តែអ្នកទាំងអស់គ្នាកុំច្រឡំ ការដែលយើងប្រើឆ្នាំងសាកបញ្ចូលថ្មបានលឿនបែបនោះវាមិនល្អសម្រាប់ថ្មទូរសព្ទរបស់យើងទេ ព្រោះថាការធ្វើបែបនេះវាអាចបណ្តាលឲ្យថ្មដែលផ្សំឡើងមកពី ប្រូតុង និងអេឡិចត្រុងនៅក្នុងទូរសព្ទរបស់យើង (និយាយឲ្យខ្លីទៅ ធាតុគីមីនៅក្នុងទូរសព្ទ) ដំណើរការខុសប្រក្រតីពីធម្មជាតិរបស់វា​ ដែលជាហេតុធ្វើឲ្យថ្មទូរសព្ទរបស់យើងកាន់តែខ្សោយទៅៗ។ 

ទី៤ ទុកទូរសព្ទនៅសីតុណ្ហភាពក្តៅពេក ឬត្រជាក់ពេក

ទូរសព្ទប្រៀបដូចទៅនិងមនុស្សយើងអ៊ីចឹងមិនអាចស្ថិតនៅក្រោមសីតុណ្ហភាពក្តៅ ឬត្រជាក់ពេកនោះទេ ពោលគឺ ប្រសិនបើយើងទុកទូរសព្ទនៅកន្លែងត្រជាក់ពេកវាអាចបណ្តាលឲ្យទូរសព្ទយើងបញ្ចូលថ្មយឺតជាងមុន ឬជួនកាលគឺវាគាំងទូរសព្ទយក​តែម្តង ជាមួយគ្នានេះដែរ ប្រសិនបើយើងទុកទូរសព្ទនៅកន្លែងក្តៅពេកធ្វើឲ្យទូរសព្ទរបស់យើងបញ្ចេញថាមពលខ្លាំង ឬជួនកាលវាអាចផ្ទុះក៏មាន។

ទី៥ បញ្ចូលថ្មពេញដល់​១០០% 

ការបញ្ចូលថ្មទូរសព្ទចោលរយៈពេលពេញមួយយប់វាមិនល្អសម្រាប់សុខភាពថ្មរបស់យើងទេ ប៉ុន្តែការធ្វើបែបនេះ វាបណ្តាលឲ្យទូរសព្ទរបស់យើងឆាប់ខូចថ្មទៅវិញ ដូច្នេះអ្នកគួរតែសាកថ្មទូរសព្ទត្រឹមតែ ៣០%-៨០% អីទៅបានហើយ។

ទី៦ បើកពន្លឺភ្លឺខ្លាំង

មែនទែនទៅការបើកពន្លឺកញ្ចក់ឱ្យភ្លឺខ្លាំងគឺវាមិនទាស់ខុសទេ ប៉ុន្ដែប្រសិនបើអ្នកទម្លាប់បើកពន្លឺកញ្ចក់ខ្លាំងៗជាប្រចាំ វាអាចនឹងធ្វើឱ្យស៊ីថ្មទូរស័ព្ទខ្លាំង ដោយសារតែទូរស័ព្ទរបស់អ្នកត្រូវប្រឹងយកថាមពលដើម្បីទៅផ្គត់ផ្គង់បំភ្លឺកញ្ចក់ ហើយមួយវិញទៀត ការបើកពន្លឺងខ្លាំងក៏អាចធ្វើឱ្យប៉ះពាល់ដល់ភ្នែកផងដែរ។

ទី៧ គ្មានទម្លាប់បើកមុខងារ Airplane mode

តាមពិតទៅចំណុចនេះអ្នកទាំងអស់គ្នាមិនចង់បើកក៏បានដែរ ប៉ុន្តែប្រសិនបើនៅក្នុងករណីដែលអ្នកចង់រក្សាថ្មឱ្យបានកាន់តែច្រើនថែមទៀតនោះ អ្នកអាចបើក Airplane Mode ពេលគេងនៅពេលយប់បាន៕​

អត្ថបទដោយ៖ អូន​ រ៉ាទី 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia