របាយការណ៍មួយពី Bloomberg បានបង្ហាញថា ក្រុមហ៊ុន Apple បានថែមលុយប្រាក់បំណាច់ចុងឆ្នាំដល់បុគ្គលិក ជាពិសេសទៅលើអ្នកធ្វើការផ្នែកវិស្វកម្ម និង ផ្នែកបច្ចេកវិទ្យាសំខាន់ៗមួយចំនួនចាប់ពី ៥ម៉ឺនដុល្លារ រហូតដល់ ១៨០ ០០០ ដុល្លារ ដែលជាចំនួនយ៉ាងច្រើនសម្បើម ដោយទំនងជាចាប់បុគ្គលិកទុកមិនឱ្យងាករេទៅក្រុមហ៊ុន Meta ជាគូរប្រជែងដែលកំពុងរើសបុគ្គលិក និងផ្ដល់ប្រាក់ខែយ៉ាងច្រើនសម្បើម។
នេះក៏អាចជាការឆ្លើយតបភ្លាមៗពីផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន Apple ដែរ ក្រោយរបូតវិស្វករខ្លាំងៗ រហូតដល់ ១០០នាក់ក្នុងរយៈពេល២ ៣ ខែកន្លងទៅនេះ ខណៈ Meta កំពុងតែចាយលុយមិនស្ដាយស្រណោះដើម្បីតែទាញមនុស្សមានសមត្ថភាពចូលក្រុមហ៊ុនខ្លួន ក្នុងគោលបំណងកសាងក្ដីស្រមៃ Metaverse របស់ Mark Zuckerberg។
យ៉ាងណាក៏ដោយ Apple ក៏មិនមែនហុចលុយសុទ្ធឱ្យដែរ ដោយឱ្យរបស់ល្អជាងលុយសុទ្ធទៅទៀតនោះគឺភាគហ៊ុន Apple តែភ្ជាប់ជាមួយលក្ខខណ្ឌមួយដែលចងជើងបុគ្គលិកជាប់តែម្ដង ពោលបុគ្គលិកនោះត្រូវនៅ Apple គ្រប់ ៤ឆ្នាំ ទើបអាចទទួលបានភាគហ៊ុននោះដាច់មកជាកម្មសិទ្ធឯកជនរបស់ខ្លួន ស្របពេលដែលតម្លៃភាគហ៊ុននោះបន្តឡើងរហូតជារៀងរាល់ឆ្នាំ។
ប្រាក់បំណាច់បន្ថែមនេះជាការបន្ថែមទៅលើអត្ថប្រយោជន៍ដែលមានស្រាប់ដូចជា ប្រាក់ខែគោល ប្រាប់បំណាច់ និង ភាគលាភ ព្រមទាំងការតម្លើងប្រាក់ប្រចាំឆ្នាំបន្ថែមពី ១០ ទៅ ២០% ទៅតាមផ្នែក ឬបច្ចេកវិទ្យាដែលបុគ្គលិកទាំងនោះធ្វើការ។
ត្បិតថាមានការបន្ថែមប្រាក់បំណាច់ច្រើនសន្ធឹកក៏ពិតមែនក៏មានផលអវិជ្ជមានមួយចំនួនខ្លះដែរ ដោយមានដំណឹងបែកធ្លាយពីការមិនពេញចិត្តពីវិស្វករខ្លះដែលមិនទទួលបានប្រាក់បន្ថែម ឬ ទទួលបានមិនស្មើរគ្នាហើយលួចខ្សិបប្រាប់សារព័ត៌មានថា ការតម្លើងនោះធ្វើឡើងតាមតែទំនើងចិត្តរបស់អ្នកគ្រប់គ្រង (Manager)។
មែនទែនសម្រាប់ Apple ឆ្នាំនេះត្រូវព្រនង់ពាក្យសម្ដីរបស់បុគ្គលិកមិនតិចទេ តែក៏មិនមែនជាកំហុសរបស់ Apple ទាំងស្រុងដែរ តួរយ៉ាងដូចជារឿងប្រមែប្រមូលបុគ្គលិកចូលធ្វើការនៅក្នុងការិយាល័យក្រុមហ៊ុនវិញ ក្រោយស្ថានភាពកូវីដ១៩ ធូរស្រាល ទាំងដែលបុគ្គលិកភាគច្រើនកំពុងនឹងស្រណុកសុខស្រួលជាមួយនឹងទម្លាប់ធ្វើការពីផ្ទះ ហើយលែងចង់ធ្វើការបែកពីអ្នកផ្ទះទៀតនោះ ដោយ Apple បានធ្វើការប៉ះប៉ូវវិញ ដោយអនុញ្ញាតឱ្យធ្វើការពីផ្ទះមកដដែល ជាមួយនឹងប្រាក់បន្ថែមក្នុងម្នាក់ ១ពាន់ដុល្លារទៀត។
សម្រាប់បច្ចុប្បន្នធនធានមនុស្សលើផ្នែកបច្ចេកវិទ្យា សូម្បីតែនៅប្រទេសអភិវឌ្ឍដូចជាសហរដ្ឋអាមេរិក ក៏កំពុងតែមានបញ្ហាខ្វះខាតខ្លាំងដែរ ដោយក្រុមហ៊ុនជាច្រើនចាយលុយមិនតិចទេ ដើម្បីទាញ និង រក្សាធនធានមនុស្សលើផ្នែកនោះ ខណៈដែលអាជីវកម្មជាច្រើនកំពុងតែត្រូវការបច្ចេកវិទ្យាដើម្បីវិវឌ្ឍខ្លួនទៅមុខនោះ៕