ក្រៅពីជាអាណាចក្រផលិតគ្រឿងអេឡិចត្រូនិច Apple ក៏ជាក្រុមហ៊ុនរកស៊ីទៅលើប្រព័ន្ធគ្រប់គ្រង (Operating System Business) ដ៏ធំមួយមួយនៅលើពិភពលោក ខណៈបច្ចុប្បន្ននេះបើរាប់បញ្ចូលចំនួនអ្នក ទាំងប្រព័ន្ធប្រតិបត្តិការណ៍ iOS សម្រាប់ iPhone ដែលក្នុងមួយសប្ដាហ៍មានមនុស្សប្រើប្រាស់សកម្មរហូតដល់ទៅ ៦០០លាននាក់ រហូតអ្នកខ្លះមានទម្លាប់ប្រើប្រព័ន្ធប្រតិបត្តិការណ៍ iOS របស់ Apple មិនអាចផ្លាស់ប្ដូរទៅប្រើប្រព័ន្ធប្រតិបត្តិការណ៍ផ្សេងបាន។ ហើយក្នុងនាមជាម្ចាស់ប្រព័ន្ធគ្រប់គ្រងដែលមានមនុស្សប្រើរាប់រយលាននាក់បែបនេះ គឺបានធ្វើឱ្យ Apple មានអំណាច អាចធ្វើការកែប្រែ និងមានវិធីជាច្រើនដើម្បីអាចរកចំណូលត្រឡប់ទៅវិញ។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះ Apple បានងាកទៅផ្ដោតនិងជំរុញឱ្យអ្នកប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងរបស់ខ្លួន ងាកទៅប្រើមុខងារ In-app purchasing ដែលជាមុខងារមួយនេះ គុណសម្បត្តិរបស់វាអាចជួយកាត់បន្ថយភាពស្មុគស្មាញ និងជួយឱ្យអ្នកប្រើចំណេញពេលវេលា ដោយអ្នកប្រើអាចភ្ជាប់ក្រេឌីតកាតរបស់ខ្លួនជាមួយ Apple ID ហើយអាចទូទាត់លុយទិញផលិតផលអនឡាញបានយ៉ាងងាយស្រួល ដោយមិនបាច់វាយបញ្ចូលលេខក្រេឌីតកាតវែងឆ្ងាយ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ worldnewsera។
យ៉ាងណាក៏ដោយ ស្របពេលដែលអ្នកប្រើហាក់មានភាពងាយស្រួល និងរីករាយជាមួយមុខងារនេះ ខាងអ្នកបង្កើត App ដាក់ឱ្យអ្នកប្រើប្រាស់ iOS ទាញយក (Download) តាមរយៈ AppStore ហាក់មានការមិនសប្បាយចិត្ត និងនាំគ្នារអ៊ូរទាំរិះគន់ទៅកាន់ Apple ស្របពេលដែល Apple នឹងកាត់លុយ ៣០% រាល់ពេលដែលមានអ្នកប្រើប្រាស់ចាយលុយតាមរយៈមុខងារ In-app purchasing នេះ ខណៈ Apple កំពុងតែប្រឹងជំរុញអ្នកប្រើប្រាស់ឱ្យប្រើមុខងារនេះកាន់តែច្រើន ហើយគេជឿថានេះគឺជាវិធីរកចំណូលមួយច្រកថ្មីបន្ថែមរបស់ Apple។
ដោយឡែក បើយើងក្រឡេកទៅមើលក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Facebook វិញ ហាក់ក្ដៅស្លឹកត្រចៀកចំពោះមុខងារមួយនេះ ដោយ Meta នឹងត្រូវចែកចំណូល៣០% ទៅកាន់ Apple រាល់ពេលដែលអ្នកដែលចាយលុយ Boost នៅលើ Facebook ធ្វើការទូទាត់លុយតាមរយៈមុខងារ In-app Purchasing របស់ Apple ។
គួរជម្រាបផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុន Meta ត្រូវខាតលុយអស់រាប់លានដុល្លារ ដោយសារតែការធ្វើកំណែទម្រង់របស់ Apple។ ជាក់ស្ដែង នៅក្នុងឆ្នាំ២០២២នេះ ប្រធានផ្នែកហិរញ្ញវត្ថុរបស់ ក្រុមហ៊ុន Meta ធ្លាប់បានប៉ាន់ប្រមាណថា ខ្លួននឹងបាត់ចំណូលរហូតដល់ទៅ ១០ពាន់លានដុល្លារ ដោយសារតែ Apple ធ្វើកំណែកទម្រង់ទៅលើប្រព័ន្ធប្រតិបត្តិការណ៍ iOS។ ហើយការជំរុញមុខងារ In-app purchasing លើកនេះ ក៏ធ្វើឱ្យ Meta នឹងត្រូវចំណាយលុយអស់មិនតិចនោះឡើយ។