មានមនុស្សច្រើនណាស់ចូលចិត្តការគូរគំនូរ ឬរចនារូបភាពអ្វីមួយឱ្យបានស្អាត ដើម្បីលក់ឬបង្ហោះនៅលើបណ្ដាញសង្គមក្នុងគោលបំណងបង្ហាញពីស្នាដៃរបស់ខ្លួនជាដើម។ បច្ចុប្បន្ននេះឌីជីថលកាន់តែមានភាពរីកចម្រើនខ្លាំង គេចាប់ផ្ដើមងាកមកគូរគំនូរនៅលើទូរស័ព្ទ iPad ឬកុំព្យូទ័រជាដើម្បី ព្រោះវាមានភាពងាយស្រួល អាចលុបបាន និងថែមថយពណ៌តាមចិត្ត បានគ្រប់ពេលគ្រប់វេលា។
គំនូរឌីជីថលកំពុងពេញនិយមខ្លាំង ដូច្នេះយើងសូមណែនាំ App មួយដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកចង់ចេះគូរគំនូរនៅលើឌីជីថល ពិសេសគឺអ្នកគូរដំបូងៗ។ App Sketchbook គឺ App មួយដែលយើងអាចគូររូបភាពផ្សេងៗ បានយ៉ាងងាយស្រួល មិនស៊ាំញ៉ាំច្រើន។
App នេះអាចឱ្យយើងជ្រើសរើសក្បាលជក់ បានគ្រប់ទម្រង់ ជាមួយនឹងការជ្រើសរើសពណ៌មានគ្រប់ពណ៌។ ក្រៅពីមុខងារទាំងនេះ យើងក៏អាចជ្រើសរើសមុខងារជាច្រើនទៀត ដើម្បីឱ្យរូបភាពរបស់យើង កាន់តែមានភាពស្រស់ស្អាត រស់រវើក តាមអ្វីដែលយើងចង់បាន។
អត្ថបទដោយ៖ ផែន ផាន់ណា