មើលៗផង! អ្នកធ្វើការងារទាំង៥នេះ អាចនឹងបាត់បង់ការងារដោយសារតែ AI ដណ្ដើម ក្នុងរយៈពេល១០ឆ្នាំទៀត
Navasiri Morm
JANUARY 19 2023
ឌីជីថល
602 views
3 mins read

បច្ចេកវិទ្យាបាននឹងកំពុងតែវិវត្តន៍ទៅមុខឥតឈប់ឈរមួយថ្ងៃទៅមួយថ្ងៃ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះបច្ចេកវិទ្យា AI បានក្លាយជាប្រធានបទក្ដៅមួយ ដែលអ្នកប្រើប្រាស់អ៊ីនធឺណិតជាច្រើនលើកយកមកជជែក ខណៈបច្ចុប្បន្ននេះបច្ចេកវិទ្យា AI បានវិវត្តន៍មកដល់ចំណុចដ៏អស្ចារ្យមួយ ដែលអាចធ្វើការងារជាច្រើនបានមិនចាញ់មនុស្សឡើយ មិនថាតែការងារនិពន្ធចម្រៀង សរសេរអត្ថបទ ការងារផ្នែកសិល្បៈ និងការងារផ្សេងៗ ជាច្រើនទៀត។

យ៉ាងណាក៏ដោយ ទោះបីជាវត្តមានរបស់បច្ចេកវិទ្យា AI បានចូលរួមមកដោះស្រាយបញ្ហាមួយចំនួន និងធ្វើ​ឱ្យជីវិតប្រចាំថ្ងៃរបស់មនុស្សកាន់តែទំនើបជាងមុនក៏ពិតមែន ប៉ុន្ដែ AI ក៏អាចក្លាយជាអ្នកដែលដណ្ដើមការងារមួយចំនួនរបស់មនុស្សផងដែរ។ ហើយខាងក្រោយនេះ គឺជាការងារទាំង៥ ដែលអាចនឹងបាត់បង់នៅក្នុងរយៈពេល ១០ឆ្នាំខាងមុខនេះ ដោយសារតែ AI៖

១.ការងាររោងចក្រ​៖ អ្នកធ្វើការរោងចក្រ អាចប្រឈមមុខជាមួយនឹងការបាត់បង់ការងារ ខណៈវត្តមានរបស់ AI អាចធ្វើការបានដូចមនុស្ស និងអាចបញ្ជាឱ្យធ្វើការ២៤ម៉ោង លើ២៤ម៉ោងបាន ដោយមិនចេះតវ៉ា។ ឧទាហរណ៍ជាក់ស្ដែង គឺរោងចក្រផលិតរថយន្ដរបស់មហាសេដ្ឋីលេខ១ ពិភពលោក Elon Musk ត្រូវបានដាក់ឱ្យដំណើរការដោយម៉ាស៊ីនរ៉ូបូត AI ទំនើបៗសុទ្ធតែម្ដង។ ហើយប្រសិនបើទៅថ្ងៃអនាគត ទំនោរនៃការបើករោងចក្រដោយប្រើរ៉ូបូត AI នេះកាន់តែកើនឡើងនោះ មានន័យថា អ្នកធ្វើការរោងចក្រជាច្រើ អាចនឹងប្រឈមជាមួយនឹងការបាត់បង់ការងារ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Forbes។

១៨២ឪ

២.ការងារដឹកជញ្ជូនទំនិញ និងអ្នកបើករថយន្ដ៖ បច្ចុប្បន្ននេះ ក្រុមហ៊ុនផ្សារអេឡិចត្រូនិច (E-Commerce) ធំៗ ដែលត្រូវលក់ទំនិញចេញរាប់លានមុខដូចជា Amazon ជាដើមនោះ បាននឹងកំពុងតែវិនិយោគរាប់លានដុល្លារ ទៅលើការបង្កើតនូវប្រព័ន្ធស្វ័យប្រវត្តិកម្មរ៉ូបូត ជាមួយនឹង​ AI ប្រើនៅក្នុងភស្ដុភារកម្មរបស់ខ្លួន ដែលអាចបញ្ជូនទំនិញទៅដល់អតិថិជន ទៅតាម Google Map ដែលបានកំណត់ទីតាំងអាស័យដ្ឋានផ្ទះរបស់អតិថិជនដែលជាទិសដៅត្រូវបញ្ជូនទំនិញទៅ។ បន្ថែមពីនេះទៀត បច្ចុប្បន្ននេះ សម្រាប់ក្រុមហ៊ុន Tesla ក៏បាននឹងកំពុងតែព្យាយាមផលិតឡានអគ្គិសនី (Self-Drive) ដែលអាចបើកបរដោយខ្លួនឯងដោយស្វ័យប្រវត្តិ ទៅតាម Google Map។ ការរួមបញ្ចូលនៃបច្ចេកវិទ្យាទាំងពីរនេះ អនាគតអាចនឹងមកដណ្ដើមការងាររបស់អ្នកដឹកជញ្ជូន និងតៃកុងបើករថយន្ដបាន។​ ប៉ុន្ដែយ៉ាងណាក៏ដោយ ទំនោរមួយនេះទំនងជានឹងមិនកើតឡើងក្នុងប្រទេសកម្ពុជាឆាប់ៗនោះទេ។

៣. ការងារបម្រើសេវាកម្មអនឡាញ (Customer Services)៖ ប្រសិនបើអ្នកធ្លាក់ទិញទំនិញ ឬចូលប្រើវេបសាយណាមួយ អ្នកប្រហែលជាធ្លាប់ប្រទះភ្នែកពី​ AI Chatbot តូចមួយដែលនៅជ្រុកខាងស្នាំផ្នែកខាងក្រោមនៃវេបសាយ លោតមកចាំជួយអ្នកនៅពេលអ្នកមានចម្ងល់ផ្សេងៗ ពីផលិតផល ឬសេវាកម្ម ក៏ដូចជាបញ្ហាផ្សេងៗ ដែលអ្នកជួប។ ដោយបច្ចុប្បន្ន បច្ចេកវិទ្យា AI Chatbot កាន់តែមានភាពឆ្លាតវៃខ្លាំងឡើងៗ ដោយវាអាចឆ្លើយនូវសំណួរ របស់អតិថិជនបានយ៉ាងល្អថែមទៀតផង។ ហេតុនេះទៅថ្ងៃអនាគត AI Chatbot អាចនឹងដណ្ដើមការងារបម្រើសេវាកម្មពីមនុស្សបាន។

181

៤.បុគ្គលិកគិតលុយក្នុងម៉ាតឬហាងលក់ទំនិញ៖ បច្ចុប្បន្ននេះ ក្នុងម៉ាត ក៏ដូចជាហាងលក់ទំនិញនៅក្នុងប្រទេសមួយចំនួន ចាប់ផ្ដើមងាកទៅប្រើប្រាស់ទូ និងធ្នើដាក់តាំងទំនិញបច្ចេកវិទ្យា​ AI សុទ្ធដែលអនុញ្ញាតឱ្យអតិថិជនអាចចុច និងធ្វើការបញ្ជាទិញភ្លាមៗ អាហារ ផ្លែឈើឬ ភេសជ្ជៈ ហើយអាចធ្វើការបង់លុយភ្លាមៗ បានយ៉ាងងាយស្រួល ដោយមិនចាំបាច់មានមនុស្សចាំគិតលុយដូចមុននោះឡើយ។

៥.សន្ដិសុខ៖ សន្ដិសុខដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារសុវត្ថិភាព ប៉ុន្ដែយ៉ាងណាក៏ដោយ តាមរយៈបច្ចេកវិទ្យា AI វាអាចធ្វើការចាប់មុខ និងអាចតាមដានវិភាគទៅលើកាយវិកា ក៏ដូចជាសកម្មភាពផ្សេងៗ របស់មនុស្សបានតាមរយៈការមេរ៉ាសុវត្ថិភាព និងឧបរកណ៍ផ្សេងៗទៀត។ បន្ថែមពីនេះទៀត ប្រសិនបើវាសង្កេតឃើញថា មានសកម្មភាពមិនប្រក្រតី នោះ AI នឹងជូនដំណឹងទៅកាន់ពលីសភ្លាមៗ តែម្ដង។

គួរជម្រាបផងដែរថា ការងារដែលបានរៀបរាប់ខាងលើទំនងជាអាចនឹងបាត់បង់ដោយសារតែ AI ប៉ុន្ដែយ៉ាងណាក៏ដោយទំនោរនៃការផ្លាស់ប្ដូរនេះ សម្រាប់ការងារមួយចំនួនអាចនឹងមិនទាន់កើតមានចំពោះប្រទេសកម្ពុជាយើងភ្លាមៗ ឬត្រឹមរយៈពេល១០ឆ្នាំនោះទេ។ ប៉ុន្ដែយ៉ាងណាក៏ដោយ អ្វីដែលអ្នកគួរធ្វើគឺគួរតែតាមដានឱ្យដឹងពីការវិវត្តន៍នៃបច្ចេកវិទ្យា ថាតើអ្វីជាផលប៉ះពាល់? ហើយតើយើងអាចទាញប្រយោជន៍អ្វីខ្លះបានពីបច្ចេកវិទ្យាទាំងអស់នោះ៕

ប្រភព៖ Forbes

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia