របរលក់អនឡាញ គឺជារបរដ៏ពេញនិយមមួយ ដែលអាចឱ្យអ្នករកចំណូលបានទាំងពេញម៉ោង ឬម៉ោងទំនេរពីការងារ ឬការសិក្សា។ យ៉ាងណាមិញ អ្វីដែលជាបញ្ហាសម្រាប់អ្នកដែលចង់ចាប់ផ្ដើមលក់អនឡាញនោះ គឺមិនដឹងថាត្រូវធ្វើពីណាទៅណា និងមិនដឹងថាគួរលក់ផលិតផលអ្វីល្អនោះទេ។
ថ្ងៃនេះផងដែរ Technology Cambodia នឹងលើកយកគំនិតមួយចំនួនយកមកជជែក សម្រាប់ចែកជូនលោកអ្នកដែលចង់ចាប់ផ្ដើមលក់អនឡាញនាឆ្នាំ២០២២នេះ។
មុននឹងដកលុយទៅទិញផលិតផលណាមួយ យកមកទុកក្នុងស្ដុក ហើយ Boost លក់នៅលើបណ្ដាញសង្គម រឿងសំខាន់បំផុតមួយដែលអ្នកត្រូវគិតមុនគេនោះ គឺអ្នកត្រូវរកឱ្យឃើញ «តំបន់ឈ្នះ» ជាមុនសិន ពោលគឺត្រូវសិក្សាលើបណ្ដាញសង្គមមើលថា តើក្នុងទីផ្សារមានមនុស្សប៉ុន្មាននាក់កំពុងលក់ផលិតផលដែលអ្នកចង់លក់? គេកំណត់តម្លៃប៉ុន្មាន? មានជម្រើសអ្វីខ្លះ? ពោលគឺត្រូវរកឱ្យឃើញថា ទីផ្សារកំពុងតែមាន និងខ្វះអ្វី? ហើយផលិតផលរបស់អ្នកមានអ្វីពិសេសជាងគេ អាចថាមានមុខងារពិសេសនិងល្អជាងគេ ឬអាចថាដំបូងបំផុតក្នុងប្រទេសមិនធា្លប់មានពីមុនមក។
ឧទាហរណ៍ថា៖ នៅក្នុងទីផ្សារមានត្រង់ឌ័រកាត់សក់ធម្មតា ប៉ុន្ដែយើងរកឃើញថាមានត្រង់ឌ័រដែលអាចប្រើបានសម្រាប់កាត់សក់ និងកោពុកមាត់បានស្អាតល្អថែមទៀតផង ហើយចំណែកតម្លៃក៏មិនខុសគ្នាប៉ុន្មានដែរ ពោលគឺប្រសិនបើអ្នកលោតចូលទៅលេងក្នុងទីផ្សារនេះ អ្នកនឹងមានឱកាសឈ្នះក្នុងការប្រគួតប្រជែង។ និយាយមកដល់ចំណុចនេះ អ្នកប្រហែលស្រមៃឃើញរូបភាពហើយថា តែអ្វីជា «តំបន់ឈ្នះ» ឬអាចហៅថា «ចន្លោះប្រហោងទីផ្សារ»។
យ៉ាងណាមិញ ការសិក្សាឃើញ «តំបន់ឈ្នះ» តែមួយមុខមិនទាន់គ្រប់គ្រាន់ទេ ប៉ុន្ដែរឿងសំខាន់មួយទៀតដែលអ្នកត្រូវគិតនោះគឺត្រូវសួរមួយសំណួរទៀត «តើអតិថិជនមានតម្រូវការផលិតផលនោះដែរឬទេ»?
សរុបមក មុននឹងចាយលុយទិញផលិតផលអ្វីមកលក់លើអនឡាញ អ្នកត្រូវរកចំណុចប្រសព្វលើរឿង២ ទី១ គឺតំបន់ឈ្នះ និងទី២គឺតម្រូវការពិតប្រាកដពីអតិថិជន។ ដោយឡែកសម្រាប់បច្ចេកទេសធ្វើទីផ្សារ ការលក់ និងការ Boost ផ្សេងៗ យើងនឹងជជែកគ្នានៅអត្ថបទបន្ដបន្ទាប់ទៀត៕