ទើបតែមានវ័យ១៧ឆ្នាំ ក្មេងប្រុសជនជាតិកូរ៉េម្នាក់ដែលមានឈ្មោះ Sukone Hong អាចបង្កើតអាជីវកម្ម២ធំៗ បានយ៉ាងជោគជ័យ និងអាចរកចំណូលបានប្រមាណ ១លានដុល្លារឯណោះ ក្នុងមួយឆ្នាំ ខណៈគាត់ចាប់ផ្ដើមពីការលក់អនឡាញជាមួយទុន១៥០ដុល្លារ និងទើបតែចាប់ផ្ដើមរកស៊ីបាន៤ឆ្នាំតែប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
ក្រឡេកទៅមើលដំណើរនៃសហគ្រិនភាពរបស់ Sukone Hong វិញ គាត់បានចាប់ផ្ដើមរកស៊ីតាំតែពីគាត់នៅរៀនក្នុងថ្នាក់ទី៨ ដោយចាប់ផ្ដើមដំបូងគាត់បានចាប់របរលក់អនឡាញជាមួយនឹងទុន១៥០$ ដោយគាត់បានធ្វើការដាក់លក់អាវប្រេននៅលើវេបសាយកូរ៉េ Naver និងធ្វើការផ្សព្វផ្សាយនៅលើ Instagram។ ដោយមួយអាទិត្យដំបូង គ្មាននរណាទិញអាវគាត់ឡើយ ប៉ុន្ដែនៅថ្ងៃចន្ទនៃសប្ដាហ៍បន្ទាប់គាត់ក៏ទទួលបានការកម្ម៉ង់ដល់ទៅ៨០អាវ ហើយក្នុងសប្ដាហ៍ទី២នេះ មានអ្នកកម្ម៉ង់អាវរបស់គាត់ដល់ទៅ ៣០០ អាវឯណោះ។
ដោយមើលឃើញថារបរមួយនេះអាចទៅមុខរួច Sukone Hong ក៏បានសម្រេចចិត្តខ្ចីលុយម្ដាយរបស់គាត់៥,០០០ដុល្លារ និងបានបង្កើតយីហោសម្លៀកបំពាក់ខ្លួនឯងមួយដែលមានឈ្មោះថា Olaga Studios និងបានបង្កើតវេបសាយមួយឈ្មោះថា styleshare.kr/ ដើម្បីជាកន្លែងសម្រាប់ឱ្យអតិថិជនចូលមើលម៉ូតខោអាវ។
ដោយសារតែខោអាវមានគុណភាពល្អ និងត្រូវចំពោះយុវវ័យសម័យថ្មី បូករួមនិងការចេះធ្វើទីផ្សារនៅលើបណ្ដាញសង្គមយ៉ាងស្ទាត់ជំនាញផងនោះ ជាហេតុធ្វើឱ្យយីហោ Olaga Studios មួយនេះអាចរកចំណូលពីការលក់សរុបបាន ១.២លានដុល្លារក្នុងមួយឆ្នាំ។ ហើយបច្ចុប្បន្ន យីហោមួយនេះកំពុងតែលក់ចេញទៅកាន់ទីផ្សារអាស៊ីធំៗចំនួន៦ ខណៈយីហោមួយនេះទើបតែចាប់កំណើតបាន៣ឆ្នាំប៉ុណ្ណោះ។
អាជីវកម្មដំណើរការល្អ ចំណូលក៏កើន CEO វ័យក្មេង Sukone Hong ក៏មានលុយសងម្ដាយវិញ និងបានសម្រេចចិត្តចេញពីប្រទេសកូរ៉េមករៀននៅអាមេរិក និងបានជួលក្រុមការងារ១២នាក់ដើម្បីដំណើរការអាជីវកម្មរបស់ខ្លួនបន្ដផងដែរ។
យ៉ាងណាក៏ដោយ បើទោះបីជាអាជីវកម្ម Olaga Studios របស់គាត់ទទួលបានជោគជ័យហើយក្ដី ប៉ុន្ដែក្រោយចូលមករស់នៅលើទឹកដីអាមេរិក Sukone Hong ក៏មើលឃើញឱកាសរកស៊ីមួយទៀត ដោយលើកនេះគាត់បានចាប់របរលក់នាឡិកាឆ្លាតវ័យ (SmartWatches) សម្រាប់ជនពិការភ្នែកវិញម្ដង។ ដោយនាឡិការនេះ មានមុខងារដែលអាចផ្ដល់ព័ត៌មានភ្លាមៗដល់ជនពិការភ្នែកឱ្យបានដឹង ដូចជាការខល ឬសារពីទូរស័ព្ទរបស់ពួកគេ។
មូលហេតុដែល Sukone Hong សម្រេចចិត្តចចាប់ផ្ដើមរបរមួយនេះ គឺដោយសារតែគាត់ មើលឃើញឱកាសរកស៊ី និងចង់ចូលរួមចំណែកជួយដល់ជនពិការផង។ ហើយ តាមពិតទៅនាឡិការឆ្លាតវ័យសម្រាប់ជនពិការ គឺមានយូរហើយ ប៉ុន្ដែវាមានតម្លៃរហូតដល់ទៅ៣០០ដុល្លារ ដែលជាតម្លៃមួយខ្ពស់ពេក។
យ៉ាងណាមិញ ក្រោយពីសិក្សាទៅលើគម្រោងមួយទាក់ទងនឹងនាឡិការឆ្លាតវ័យសម្រាប់ជនពិការនេះ Sukone Hong ក៏បានរកឃើញថា តាមពិតទៅគឺនៅមានវិធីដែលអាចធ្វើឱ្យថ្លៃដើមនៃការផលិតនាឡិការឆ្លាតវ័យទាបជាងនេះ ដែលជនពិការទាំងអស់អាចមានលទ្ធភាពទិញយកទៅប្រើប្រាស់បាន ហើយគាត់ក៏ចាប់ផ្ដើមធ្វើវាតែម្ដង។
ចាប់ផ្ដើមលើកនេះ គាត់មិនបានទៅខ្ចីលុយម្ដាយគាត់ដូចលើកមុនទេ ប៉ុន្ដែលើកនេះ គាត់អាចរកទុនពីអ្នកវិនិយោគបានដល់ទៅ ៣០០,០០០ដុល្លារ មកចាប់ផ្ដើមលើគម្រោងថ្មីមួយនេះ។ ក្រោយពីចំណាយពេល៦ខែ ជាមួយនឹងក្រុមអ្នកជំនាញបច្ចេកវិទ្យាដែលខ្លួនបានជួលមក Sukone Hong ក៏អាចបង្កើតនាឡិការឆ្លាតវ័យថ្មីសម្រាប់ជនពិការ ដែលចំណាយថ្លៃដើមតែ៨០ដុល្លារប៉ុណ្ណោះ។
ក្រោយពីធ្វើទីផ្សារបានមួយរយៈបច្ចុប្បន្ននាឡិការឆ្លាតវ័យរបស់ Sukone Hong ទទួលបានការកម្ម៉ង់ទុមុនជាង ៣,០០០នាឡិការ ហើយបច្ចុប្បន្នគាត់កំពុងតែឱ្យរោងចក្រចិនដែលជាដៃគូររបស់ខ្លួន ប្រឹងផលិតនាឡិការនេះសម្រាប់អតិថិជនរបស់ខ្លួន។ យ៉ាងណាក៏ដោយ Sukone Hong បានប្ដេជ្ញាថានឹងបន្ដធ្វើការអភិវឌ្ឍន៍នាឡិការនេះឱ្យកាន់តែល្អប្រសើរនាពេលអណាគតនេះ។
គួរជម្រាបផងដែរថា ក្រោយពីរកស៊ីបាន ៤ឆ្នាំ បច្ចុប្បន្ន Sukone Hong មានអាជីវកម្មពីរនៅក្នុងដៃ ទី១គឺអាជីវកម្មសម្លៀកបំពាក់ Olaga Studios និងទីពីរអាការបង្កើតនាឡិការឆ្លាតវ័យសម្រាប់ជនពិការភ្នែក ដែលកំពុងតែទទួលបាននូវពន្លកនៃភាពជោគជ័យ។
មេរៀនដែលយើងអាចរៀនបានពី សហគ្រិនកូរ៉េវ័យ១៧ឆ្នាំ Sukone Hong៖
១.ចេញរកស៊ីជោគជ័យឬអត់ មិនមែនស្ថិតនៅលើអាយុទេ ប៉ុន្ដែអ្វីដែលសំខាន់សមត្ថភាពពិតក្នុងខ្លួន,គំនិត, ការស្គាល់ពីឱកាស, និងការធ្វើសកម្មភាពដ៏ត្រឹមត្រូវក្នុងការចាប់ឱកាស។
២. ចេញរកស៊ីដំបូង ត្រូវដាក់គោលដៅឱ្យធំ សំឡឹងឱ្យឆ្ងាយ ប៉ុន្ដែត្រូវចាប់ផ្ដើមឱ្យតូចបំផុតតាមដែលអាចធ្វើទៅបាន។ ធ្វើបែបនេះបើចាប់ផ្ដើមហើយដួល ក៏មិនសូវឈឺដែរ។
៣. Digital Marketing៖ កាលពីមុនចង់ឱ្យមនុស្ស១០០នាក់ ស្គាល់ពីទំនិញរបស់អ្នក យ៉ាងហោចណាស់អ្នកក៏ត្រូវដើរទៅ១០០ផ្ទះ ឬធ្វើដំណើរទៅជួបមនុស្ស១០០នាក់ដែរ ប៉ុន្ដែសម័យនេះអ្នកគ្រាន់តែចុច បូតុង Boost នៅលើទូរស័ព្ទដៃឬកុំព្យូទ័រតែមួយ Click អ្នកចង់ឱ្យពាណិជ្ជកម្មរបស់អ្នកទៅដល់មនុស្សមួយចំហៀងផែនដីក៏បានដែរ។ ហេតុនេះចង់រកស៊ីជោគជ័យក្នុងសម័យថ្មី ត្រូវចេះខ្ចីកម្លាំងអ៊ីនធ័រណិតធ្វើទីផ្សារ។
៤. ចង់រកស៊ីជោគជ័យត្រូវមានគំនិតច្នៃប្រឌិត កុំធ្វើអ្វីតាមតែគ្នា៕