បច្ចុប្បន្ននេះ YouTube គឺជាកន្លែងផ្តល់ចំណេះដឹង និងជាកន្លែងកំសាន្តដ៏ពេញនិយមបំផុតមួយ សម្រាប់អ្នកធ្វើការសិក្សារៀនសូត្រ និងលំហែអារម្មណ៍។ មិនតែប៉ុណ្ណោះ YouTube ក៏ជាកន្លែងមួយដែលអ្នកអាចកសាងកេរ្តិ៍ឈ្មោះ ហើយរកចំណូលបានយ៉ាងច្រើនផងដែរ។ ហើយខាងក្រោមនេះ គឺជា១០វិធី សម្រាប់រកចំណូលពីក្រុមហ៊ុនយក្ស YouTube៖
១. Shorts Fund៖ សម្រាប់ឆ្នាំ ២០២២កន្លងទៅ ខាងក្រុមហ៊ុន YouTube បានទម្លាក់កញ្ចប់ថវិការ ១០០លានដុល្លារ សម្រាប់អ្នកផលិតវីដេអូទម្រង់ខ្លីៗ ដែលជាមុខងារថ្មីមួយនេះមានឈ្មោះថា «YouTube Shorts»។ ហើយសម្រាប់ឆ្នាំ២០២៣ ខាងក្រុមហ៊ុន YouTube ទំនងជាធ្វើការដាក់ពាណិជ្ជកម្មនៅលើវីដេអូខ្លី ដែលអាចឱ្យអ្នកផលិតវីដេអូអាចរកចំណូលដូចវីដេអូវែងបែបផ្ដេកដែរ។
២. Ads៖ សម្រាប់ចំណុចនេះអ្នកផលិតវីដេអូ អាចរកចំណូលបានតាមកម្មវិធី «YouTube Partner Program» ពោលគឺរកចំណូលបានតាមរយៈពាណិជ្ជកម្មដែលដែលបង្ហាញនៅលើវីដេអូរបស់យើង។
៣.YouTube Premium៖ សម្រាប់អ្នកប្រើប្រាស់ដែលមិនចង់ឃើញពាណិជ្ជកម្ម ពួកគេអាចធ្វើការចុះឈ្មោះបង់លុយប្រើសម្រាប់មុខងារ Premium នេះបាន។ ហើយប្រសិនបើសមាជិករបស់ YouTube Premium មើលវីដេអូរបស់អ្នក នោះ Youtube នឹងចែកលុយខ្លះមកឱ្យអ្នកវិញ។
៤. Channel memberships៖ សម្រាប់មុខងារនេះ អ្នកដែលជាម្ចាស់ឆានែល អាចធ្វើការបើកទទួលសមាជិក ដោយផ្ដល់មាតិការពិសេស ឬអាចថាជាមេរៀនអ្វីមួយ បង្រៀនដល់សមាជិករបស់អ្នក។ ហើយសម្រាប់អ្នកដែលចុះឈ្មោះធ្វើជាសមាជិត ទាំងអស់នឹងត្រូវបង់លុយប្រចាំខែដល់អ្នក។
៥.Super Chat៖ សម្រាប់មុខងារនេះគឺអ្នកទន្សសនា អាចធ្វើការទិញ Super Chat ដើម្បី Comment នៅពីក្រោមការ Live ផ្ទាល់របស់តារាក្នុងដួងចិត្តរបស់គេ។ ហើយតាមរយៈ Super Chat នេះនឹងធ្វើឱ្យ idol គេឃើញ Comment របស់អ្នកមុនគេ។
៦.Super Thanks៖ បច្ចុប្បន្ននេះ អ្នកទស្សនាវីដេអូទាំងអស់ អាចធ្វើការអរគុណម្ចាស់វីដេអូ បានតាមរយៈ Super Thanks។ ហើយអ្នកផលិតវីដេអូនឹងទទួលបានលុយនៅពេលដែលអ្នកទស្សនាវីដេអូរបស់គេផ្ញើ Super Thanks ឱ្យគេ។
៧.Super Stickers៖ មុខងារនេះ អ្នកទស្សនាអាចធ្វើការអរគុណម្ចាស់វីដេអូ បានតាមរយៈការទិញ Sticker តាម Super Thanks។ ហើយម្ចាស់វីដេអូនឹងទទួលបានលុយតិចតួចនៅពេលដែលមានអ្នកទស្សនា Comment Sticker ដែលបានទិញនេះនៅក្រោមវីដេអូគេ។
៨. Merchandise៖ សម្រាប់មុខងារនេះ អនុញ្ញាតឱ្យម្ចាស់ឆានែលអាចធ្វើការដាក់លក់ផលិតផលរបស់គេនៅលើ ឆានែលរបស់គេបាន។ បន្ថែមពីនេះទៀត គេអាចរើសតំណាងចែកចាយបាន៣០នាក់ទូទាំងពិភពលោក ឱ្យជួយលក់ផលិតផលរបស់គេ៕
៩.Ticketing៖ នេះជាមុខងារពិសេសមួយដែល YouTube បង្កើតឡើងសម្រាប់ជាជំនួយដល់សិស្បៈករ ក៏ដូចជាតារាចម្រៀង ដើម្បីឱ្យពួកគាត់អាចបង្កើតទំនាក់ទំនងក៏ដូចជាភាពស្និតស្នាលជាមួយអ្នកគាំទ្រ និងដើម្បីជួយឱ្យពួកគាត់អាចរកចំណូលបានបន្ថែមផងដែរ។ តាមរយៈមុខងារ Ticketing នេះ សិល្បៈករអាចធ្វើការបង្កើតកម្មវិធី Live សម្ដែងច្រៀងបទចម្រៀងផ្សេងៗ និងអាចឆ្លៀតផ្សព្វផ្សាយលក់សំបុត្រកម្មវិធីប្រគុំតន្ដ្រីផ្សេងៗរបស់ខខ្លួនផងដែរ។
១០.YouTube BrandConnect៖ នេះជាមុខងារជួយសម្រួលដល់ដល់អ្នកផលិតវីដេអូ (Creator) និងខាង Brand ធំៗ ក្នុងការសហការផ្សព្វផ្សាយពីផលិតផលផ្សេងៗ។ បន្ថែមពីនេះទៀត YouTube បានផ្ដល់នូវកន្លែងចូលមើលទិន្នន័យសំខាន់ៗ ដែលអាចយកទៅវាស់វែងមើលលទ្ធផលនៃការផ្សព្វផ្សាយ។ ជាពិសេសគឺជួយភ្ជាប់ទំនាក់ទំនងរវាងខាងក្រុមហ៊ុនធំៗ និង Creator បានមកជួបធ្វើការជាមួយគ្នា ពោលគឺខាងក្រុមហ៊ុនអាចរក Creator ដែលសាកសមក្នុងការជួយផលិតវីដេអូផ្សព្វផ្សាយពី Brand របស់ពួកគេ ចំណែកឯ Creator វិញក៏ទទួលបានចំណូលបន្ថែមដូចគ្នា។
គួរជម្រាបផងដែរថា ទាំង១០ ចំណុចខាងលើនេះ ជាវីធីសាស្រ្ដដែលអ្នកផលិតមាតិកាវីដេអូ (Content Creator) ជុំវិញពិភពលោក ប្រើប្រាស់ក្នុងការកចំណូលនាពេលបច្ចុប្បន្ននេះ។ ប៉ុន្ដែយ៉ាងណាក៏ដោយ មុខងារមួយចំនួនហាក់មិនទាន់សូវពេញនិយម ឬដំណើរការល្អនៅក្នុងប្រទេសកម្ពុជាយើងនៅឡើយទេ។ ប៉ុន្ដែយ៉ាងណាក៏ដោយ សម្រាប់ការផលិតវីដេអូរកលុយពីពាណិជ្ជកម្ម (Ads) ដូចទៅនឹងចំណុចទី២ខាងលើ គឺជាវិធីរកលុយដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសកម្ពុជា រហូតមានអ្នកខ្លះបាននិយាយមាន YouTube Channel ធំមួយដែលអាចរកលុយបាន គឺមិនខុសពីមានដើមលុយ ដែលចេញផ្លែលុយឱ្យយើងរាល់ខែនោះទេ ពោលគឺសូម្បីតែកំពុងដេកលក់ក៏មានលុយចូលដែរ ឱ្យតែមានអ្នកមើលវីដេអូរបស់យើង៕
ប្រភព៖ YouTube
អត្ថបទដោយ៖ ម៉ម ណាវ៉ាសិរិ