YouTube កំពុងបន្ថែមមុខងារកំណត់ ម៉ោងរាប់ថយក្រោយ (Timer) មួយដើម្បីជួយអ្នកប្រើប្រាស់កុំឱ្យអូសមើលវីដេអូ Shorts ច្រើនហួសកម្រិត។

ជាទូទៅការ Scroll Short ក្នុង Timeline YouTube គឺជារឿងធម្មតា ដែលអ្នកតាមដានអាចអូសមើលបានគ្រប់ពេលគ្រប់ម៉ោងដោយគ្មានការកំណត់ ឬ Lock ការ Scroll ណាមួយឡើយ តែឥឡូវនេះក្រុមហ៊ុនយូធូបបានចេញមុខងារថ្មី មុខងារកំណត់ម៉ោងសម្រាប់ Shorts (Shorts Timer) នៅថ្ងៃទី ២២ ឬ ២៣ ខែតុលា ឆ្នាំ២០២៥។

គោលបំណងរបស់យូធូប សម្រាប់មុខងារនេះបង្កើតឡើងដើម្បីជួយទប់ស្កាត់ទម្លាប់ "Doomscrolling" (ការអូសមើលដោយគ្មានគោលដៅ) និងគ្រប់គ្រងពេលវេលាដែលអ្នកចំណាយលើ Shorts។
របៀបដំណើរការ៖
- អ្នកប្រើប្រាស់អាចកំណត់ ដែនកំណត់ពេលវេលាប្រចាំថ្ងៃ សម្រាប់ការមើល Shorts តាមរយៈ Settings ក្នុង App។
- នៅពេលអ្នកមើលដល់ដែនកំណត់នោះ YouTube នឹងបង្ហាញសារជូនដំណឹង (Pop-up) មួយថាការអូសមើល Shorts ត្រូវបាន ផ្អាកសម្រាប់ថ្ងៃនេះ។
- សារជូនដំណឹងនេះ អាចចុចបិទ (dismissible) បាន ដែលមានន័យថាអ្នកនៅតែអាចបន្តមើល Shorts បាន ប្រសិនបើអ្នកចង់។
- YouTube ក៏មានគម្រោងបញ្ចូលមុខងារកំណត់ម៉ោងនេះទៅក្នុង Parental Controls (ការគ្រប់គ្រងដោយអាណាព្យាបាល) នាពេលខាងមុខផងដែរ។

គូសបញ្ជាក់ផងដែរថា មុខងារនេះបន្ថែមលើមុខងារផ្សេងទៀតរបស់ YouTube ដែលមានស្រាប់ ដូចជា "Take a Break" (រំលឹកឱ្យឈប់សម្រាក) និង "Bedtime" (រំលឹកចូលគេង) ដើម្បីជំរុញទម្លាប់ប្រើប្រាស់ឌីជីថលប្រកបដោយសុខភាពល្អ។
