ព្រឹត្តិការណ៍ WWDC26 (Worldwide Developers Conference 2026) របស់ក្រុមហ៊ុន Apple ដែលទើបតែបានប្រកាសបើកឆាកឡើង ផ្ដោតសំខាន់បំផុតទៅលើការធ្វើបដិវត្តន៍ប្រព័ន្ធ AI និងការផ្លាស់ប្តូរមុខមាត់ថ្មីនៃប្រព័ន្ធប្រតិបត្តិការ (OS) ជំនាន់ក្រោយ។

ព្រឹត្តិការណ៍ WWDC ឆ្នាំនេះ Apple មិនបានផ្ដោតលើឧបករណ៍ Hardware ថ្មីនោះទេ ប៉ុន្តែបានចំណាយពេលទាំងស្រុងទៅលើការបង្ហាញមហិច្ឆតា AI ដ៏ធំសម្បើម និងការប្រកាសកំណែទម្រង់ប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី រួមមាន iOS 27, iPadOS 27, macOS 27 (ឈ្មោះផ្លូវការ macOS Golden Gate) និង visionOS 27។
១. កំណែទម្រង់ពិសេស ការកើតជាថ្មីរបស់ Siri AI
ចំណុចទាក់ទាញបំផុតប្រចាំឆ្នាំគឺការធ្វើបដិវត្តន៍ Siri ឲ្យទៅជា Siri AI ដែលជាការផ្លាស់ប្តូរធំបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ 2011 មក៖
- Siri អាចជជែកឆ្លើយឆ្លងបែបធម្មជាតិ ដឹងពីបរិបទបន្តបន្ទាប់ (មិនមែនសួរមួយម៉ាត់ ឆ្លើយមួយម៉ាត់ដូចមុនទេ)។ វាអាចស្វែងរកព័ត៌មានលម្អិតឆ្លងកាត់ពី App មួយទៅ App មួយទៀតបាន ដូចជាការឲ្យ Siri ទៅរកលេខកូដសណ្ឋាគារដែលកប់ក្នុងអ៊ីមែលចាស់ៗ ឬស្វែងរករូបថតជាក់លាក់ណាមួយ។
- Siri អាចមើលដឹងថាមានអ្វីខ្លះនៅលើអេក្រង់របស់អ្នក រួចជួយធ្វើសកម្មភាពភ្លាមៗ ដូចជាការជួយសរសេរអ៊ីមែលតប ឬបង្កើតតារាងកាលវិភាគ។
- Apple បានបង្កើត App Siri ថ្មីមួយ ដែលរក្សាទុកប្រវត្តិជជែករបស់អ្នក និងអាចសម្តុម្ភ (Sync) គ្នាតាម iCloud ទៅកាន់គ្រប់ឧបករណ៍ Apple ទាំងអស់។

២. ការអាប់ដេតជំនាន់ថ្មីនៃ Apple Intelligence
Apple បានពង្រឹងសមត្ថភាពម៉ូដែល AI ផ្ទាល់ខ្លួន (Apple Foundation Models) ឲ្យកាន់តែវៃឆ្លាត៖
- ពង្រីកសមត្ថភាពយល់ដឹងពីប្លង់រូបភាព។ ក្រៅពី iPhone មុខងារនេះបានដាក់ឲ្យប្រើលើ iPad, Mac និង Apple Vision Pro ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់សួរសំណួរអំពីវត្ថុ ឬខ្លឹមសារដែលបង្ហាញនៅលើអេក្រង់បាន។
- អាចបង្កើតរូបភាពលក្ខណៈ Photorealistic រូបភាពពិតៗ ចេញពីអក្សរ ប្លែងរូបថតទៅជាស្ទីលសិល្បៈផ្សេងៗ និងមានឧបករណ៍កាត់តថ្មីៗដូចជា Cleanup, Extend (ពង្រីកព្រំដែនរូបថត) និង Spatial Reframing។
- ប្រព័ន្ធជួយសរសេរអត្ថបទ និងអ៊ីមែលកាន់តែវៃឆ្លាត ដោយវាអាចរៀនសូត្រពីទម្លាប់ និងស្ទីលសរសេរប្រចាំថ្ងៃរបស់អ្នក ដើម្បីកែតម្រូវទម្រង់ពាក្យពេចន៍ឲ្យត្រូវចិត្ត contact នីមួយៗ។
៣. រចនាបថថ្មី Liquid Glass និងការផ្លាស់ប្តូរលើ OS
- Apple បានណែនាំទម្រង់រចនាថ្មីលើការរចនា Icon នៃកម្មវិធីនានា ដោយបន្ថែមស្រទាប់ថ្លាៗដូចកញ្ចក់រាវ ធ្វើឲ្យ Interface មើលទៅកាន់តែមានជម្រៅ ច្បាស់ និងទាក់ទាញជាងមុន។
- ប្រព័ន្ធស្វែងរក Spotlight Search ត្រូវបានរៀបចំឡើងវិញទាំងស្រុង។ វាធ្វើការកត់ត្រាទិន្នន័យ រូបថត ឯកសារ និងអ៊ីមែលភ្លាមៗនៅពេលទទួលបាន ធ្វើឲ្យការ Search លើម៉ាស៊ីនលឿនស្លេវ និងមិនរអាក់រអួល។

៤. បង្កើនសុវត្ថិភាពកុមារ
Apple បានដាក់បញ្ចូលប្រព័ន្ធគ្រប់គ្រងរបស់មាតាបិតាកាន់តែតឹងរ៉ឹង៖
- មានមុខងារណែនាំកម្រិតម៉ោងប្រើប្រាស់ (Screen Time) ផ្អែកលើការណែនាំរបស់អ្នកជំនាញអភិវឌ្ឍន៍កុមារ។
- គណនីកុមារ Child Accounts នឹងទទួលបានការការពារដោយស្វ័យប្រវត្តិ Safer Default Settings និងការចម្រោះមាតិកាមិនសមរម្យបានល្អជាងមុន។
៥. ឯកជនភាពនៅតែជាចំបង
ទោះបីជា AI ខ្លាំងជាងមុន ប៉ុន្តែ Apple នៅតែសង្កត់ធ្ងន់លើសុវត្ថិភាពទិន្នន័យ។ រាល់ការគណនា AI ភាគច្រើនគឺធ្វើឡើងផ្ទាល់នៅលើម៉ាស៊ីន (On-device) ហើយរាល់កិច្ចការធំៗដែលត្រូវបញ្ជូនទៅ Cloud គឺធ្វើឡើងតាមរយៈប្រព័ន្ធ Private Cloud Compute ដែលធានាថា Apple ខ្លួនឯងក៏មិនអាចមើលឃើញ ឬរក្សាទុកទិន្នន័យរបស់អ្នកដែរ។

គូសបញ្ជាក់ផងដែរថា បច្ចុប្បន្ន Apple បានដាក់ឲ្យ Developers តេស្តសាកល្បងហើយ ចំណែកឯ Public Beta នឹងត្រូវបញ្ចេញនៅក្នុងឆ្នាំនេះ មុននឹងទម្លាក់កំណែទម្រង់ផ្លូវការ ប្រហែលខែកញ្ញា ឬតុលា សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS 27, iPadOS 27, macOS 27 និង visionOS 27។
