យោងតាមប្រភពសារព័ត៌មាន CNN ចុះផ្សាយនៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៦ បានឱ្យដឹងថា អាជ្ញាធរ និងក្រុមហ៊ុននានាទូទាំងពិភពលោកកំពុងប្រញាប់ប្រញាល់ជួសជុលចំណុចខ្វះខាតធ្ងន់ធ្ងរ នៅក្នុងភាសាសរសេរកម្មវិធី PHP ដែលជាគ្រឹះទ្រទ្រង់រហូតដល់ ៧០% នៃគេហទំព័រទូទាំងពិភពលោក។ គេហទំព័រ និងសេវាកម្មមួយចំនួនបានផ្អាកដំណើរការជាបណ្តោះអាសន្នភ្លាមៗ បន្ទាប់ពីចន្លោះប្រហោងនេះត្រូវបានប្រកាសជាសាធារណៈ។ ស្ថាប័នសុវត្ថិភាពធំៗ ដូចជាទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA) និងទីភ្នាក់ងារសុវត្ថិភាពរបស់អឺរ៉ុប បានណែនាំឱ្យក្រុមហ៊ុនទាំងអស់ចាត់វិធានការជាបន្ទាន់ដើម្បីដោះស្រាយចន្លោះប្រហោងកម្រិតទាំងពីរនៅក្នុង PHP។ នៅចក្រភពអង់គ្លេស សេវាកម្មរដ្ឋាភិបាលជិត ៤០ ត្រូវបានផ្អាក ឬដំណើរការមិនពេញលេញ ខណៈដែលស្ថាប័នព័ត៌មាន The Journal របស់អៀរឡង់ក៏បានបិទប្រព័ន្ធបណ្តោះអាសន្នដើម្បីពង្រឹងការការពារផងដែរ។

ចំណុចខ្វះខាតដែលមានឈ្មោះរួមថា "PHP2Shell" នេះ ត្រូវរកឃើញ និងដោះស្រាយដោយក្រុមកាងារនៃ OpenAI, ក្រុមហ៊ុន Wiz របស់ Google និងក្រុមហ៊ុន Calif។ ទោះបីជាចន្លោះប្រហោងនេះមាននៅក្នុងប្រព័ន្ធអស់រយៈពេលជិត ១០ ឆ្នាំមកហើយក៏ដោយ ការកែច្នៃវាទៅជាវិធីសាស្ត្រវាយប្រហារ គឺតម្រូវឱ្យមានជំហានស្មុគស្មាញបំផុតដែលសមត្ថភាពមនុស្សទូទៅពិបាកធ្វើបាន។ ដោយសារតែការប្រើប្រាស់ម៉ូឌែល AI ជាន់ខ្ពស់ (ដូចជា Google Gemini 4 Argon, Wiz Atlas និង OpenAI GPT-5.6 Sol) អ្នកស្រាវជ្រាវតែម្នាក់អាចសម្រេចកិច្ចការក្នុងរយៈពេលត្រឹម ១ សប្តាហ៍ ដែលពីមុនត្រូវចំណាយពេលរាប់ខែដោយក្រុមអ្នកជំនាញលំដាប់ពិភពលោក។

ចន្លោះប្រហោង PHP2Shell អាចអនុញ្ញាតឱ្យក្រុម Hacker ជ្រៀតចូលក្នុងគេហទំព័រ និងចូលទៅអាន Memory នៃ System ដើម្បីលួចយកទិន្នន័យសម្ងាត់ ដូចជា លេខកូដសម្ងាត់ និងព័ត៌មានកាតធនាគារ។ លោក Nigel Green អគ្គនាយកក្រុមហ៊ុន deVere Group បានព្រមានថា ដោយសារ PHP ត្រូវគេប្រើប្រាស់លើប្រព័ន្ធបណ្តាញអ៊ីនធឺណិតដ៏ធំ ហានិភ័យនៃការលេចធ្លាយអាចកើតឡើងនៅស្ទើរតែគ្រប់ទីកន្លែងដែលមនុស្សចំណាយប្រាក់តាមអនឡាញ រាប់ចាប់ពីប្រព័ន្ធកក់សំបុត្រ ទីផ្សារអនឡាញ កម្មវិធី Delivery រហូតដល់ប្រព័ន្ធបង់ប្រាក់ផ្សេងៗ។

អ្នកជំនាញបានប្រៀបធៀបព្រឹត្តិការណ៍នេះទៅនឹងវិបត្តិ Heartbleed កាលពីឆ្នាំ ២០១៤ ដោយចាត់ទុកវាជារបត់ដ៏សំខាន់មួយក្នុងពិភព Cybersecurity។ ទោះបីជាអង្គការ PHP Foundation បានចេញ Patch កែប្រែភ្លាមៗ ហើយក្រុមហ៊ុន Cloudflare សង្កេតឃើញការព្យាយាមវាយប្រហាររាប់លានលើកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះក៏ដោយ បញ្ហាប្រឈមធំបំផុតគឺក្រុមហ៊ុនមិនបាន Update ប្រព័ន្ធព្រមៗគ្នានោះទេ។ ចន្លោះពេលនេះផ្តល់ឱកាសឱ្យក្រុម Hacker កាន់តែងាយស្រួលប្រើប្រាស់ AI មកវាយប្រហារក្នុងល្បឿនលឿនជាងមុនផងដែរ។
