នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦ Nvidia បានប្រកាសជាផ្លូវការតាមរយៈអត្ថបទ Blog របស់លោកស្រី Kari Briski ដែលជាអនុប្រធានផ្នែក Open Models and Software របស់ក្រុមហ៊ុន ដោយក្រុមហ៊ុន Nvidia បានប្រកាសចេញនូវម៉ូឌែល AI បើកចំហ (Open-weight models) ថ្មីចំនួនពីរប្រភេទ ដែលត្រូវបានរចនាឡើងសម្រាប់ដំណើរការ AI Agent និង Edge computing។ ក្នុងនោះ ម៉ូឌែលធំ Nemotron 3.5 Super VL មានទំហំ ១២០ ពាន់លានប៉ារ៉ាម៉ែត្រ (120-billion parameters) ត្រូវបានបង្កើតឡើងសម្រាប់តម្រូវការអាជីវកម្ម និងសហគ្រាស ដោយវាមានសមត្ថភាពខ្ពស់ ព្រមទាំងបំពេញការងារបានលឿនជាងម៉ូឌែលប្រកួតប្រជែងផ្សេងទៀតលើការងារសំខាន់ៗ ដូចជាផ្នែកហិរញ្ញវត្ថុ វេជ្ជសាស្ត្រ និងសុវត្ថិភាពស៊ីប័រជាដើម។

ក្រៅពីម៉ូឌែលធំសម្រាប់សហគ្រាស Nvidia ក៏បានបញ្ចេញម៉ូឌែលធុនស្រាលចំនួនពីរគឺ Bolt (រាប់បញ្ចូលទាំង Nemotron 3.5 Bolt 74B-A9B និង Bolt E4B) ដែលត្រូវបានរចនាឡើងដើម្បីឱ្យដំណើរការដោយផ្ទាល់នៅលើកុំព្យូទ័រ AI PCs ផ្ទាល់ខ្លួន ឬ Workstations (ដែលប្រើប្រាស់ឈីប Nvidia RTX Spark ឬ DGX Spark)។ ការដាក់ឱ្យដំណើរការលើកុំព្យូទ័រផ្ទាល់ខ្លួននេះ ជួយឱ្យអ្នកប្រើប្រាស់អាចប្រគល់ការងារឱ្យ AI ធ្វើបានដោយមិនចាំបាច់បញ្ជូនទិន្នន័យឯកជន គ្រួសារ ឬហិរញ្ញវត្ថុទៅកាន់ Cloud ឡើយ។

បច្ចុប្បន្ន ម៉ូឌែល Super VL និង Bolt 74B-A9B ត្រូវ បានដាក់ឱ្យប្រើប្រាស់ហើយ ខណៈដែល Bolt E4B នឹងមកដល់នៅចុងខែនេះ។ Nvidia បានបញ្ជាក់ថា មានក្រុមហ៊ុនធំៗជាច្រើនបានចាប់ផ្តើមយកម៉ូឌែល Super VL ទៅប្រើប្រាស់រួចហើយ ដូចជា Salesforce, Crowdstrike, EY, Perplexity, Ramp និង Skydance។ បន្ថែមពីនេះ កុំព្យូទ័រ AI PC ជំនាន់ថ្មីៗដែលគាំទ្របច្ចេកវិទ្យានេះ ក៏កំពុងតែត្រូវ បានបញ្ចេញលក់លើទីផ្សារតាមរយៈក្រុមហ៊ុនដៃគូធំៗដូចជា Microsoft និង Dell ផងដែរ។

