ក្រុមហ៊ុន Apple បានពង្រឹងគោលការណ៍ណែនាំសម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធី (Developers) យ៉ាងម៉ឺងម៉ាត់ ដើម្បីហាមឃាត់កម្មវិធីទាំងឡាយណាដែលប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការបង្កើតមាតិកាអាសអាភាស ឬប្រមាថ មើលងាយ និងកម្មវិធីដែលក្លែងបន្លំធ្វើជា App ធម្មតាដើម្បីឱ្យឆ្លងផុតពីការពិនិត្យរបស់ App Store ប៉ុន្តែក្រោយមកបានផ្លាស់ប្តូរទៅជាកម្មវិធីកាត់តរូបអាក្រាត (Nudify Apps) ឬបង្ហាញមុខងារអាក្រាតទាំងនោះយ៉ាងចំហ។ ក្រុមហ៊ុនបានធ្វើបច្ចុប្បន្នភាពគោលការណ៍របស់ខ្លួនដោយប្រើប្រាស់ខ្លឹមសារច្បាស់ៗជុំវិញរឿង AI និងមាតិកាដែលបង្កើតឡើងដោយអ្នកប្រើប្រាស់ ដោយតម្រូវឱ្យអ្នកអភិវឌ្ឍន៍កម្មវិធីត្រូវដាក់បញ្ចូលនូវវិធានការបង្ការគ្រប់គ្រាន់ ដើម្បីគ្រប់គ្រង និងទប់ស្កាត់មាតិកាមិនសមរម្យទាំងនោះ។

ក្រុមហ៊ុន Apple បានបញ្ជាក់នៅក្នុងអត្ថបទសេចក្តីថ្លែងការណ៍ថា កម្មវិធីណាដែលមានមាតិកាបង្កើតដោយអ្នកប្រើប្រាស់ ត្រូវតែមានប្រព័ន្ធស្កេនមាតិកាមិនសមរម្យ មានមុខងារឱ្យអ្នកប្រើប្រាស់រាយការណ៍ និងអាចប្លុកគណនីដែលរំលោភបំពានបាន។ លើសពីនេះ កម្មវិធីដែលលាក់មុខងារ ឬគ្មានឯកសារបញ្ជាក់ច្បាស់លាស់ ក៏ត្រូវហាមឃាត់ដាច់ខាតផងដែរ រាប់បញ្ចូលទាំងកម្មវិធីដែលកុហក ពីគោលបំណងរបស់ខ្លួនអំឡុងពេលពិនិត្យ ហើយទើបតែទម្លាក់មុខងារបង្កគ្រោះថ្នាក់ (ដូចជាការកាត់តរូបអាក្រាត) បន្ទាប់ពីទទួលបានការអនុម័តរួច ដែលល្បិចនេះត្រូវបានគេស្គាល់ថាជា Bait-and-switch។ ក្រុមហ៊ុនក៏បានបន្ថែមថា ខ្លួននឹងលុបកម្មវិធីណាដែលលួចបន្ថែមមុខងារខុសពីកំណែ ដែលបានដាក់ជូនពិនិត្យដំបូងចេញពីហាង App Store។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone មួយនេះបានធ្វើបច្ចុប្បន្នភាពផ្នែកច្បាប់របស់ខ្លួន ដើម្បីបញ្ជាក់ជំហរជាថ្មីថានឹងហាមឃាត់កម្មវិធីទាំងឡាយណាដែលជួញដូរមនុស្ស និងកេងប្រវ័ញ្ចលើកុមារ។ កាលពីឆ្នាំមុន ប្រព័ន្ធពិនិត្យរបស់ Apple បានរារាំងកម្មវិធីជាង ១៥០,០០០ និងបានលុបគណនីអ្នកអភិវឌ្ឍន៍ចំនួន ១៩៣,០០០ ដោយសារតែការឆបោក និងរំលោភបំពាន។ ការចាត់វិធានការនេះបានកើតឡើង បន្ទាប់ពីរដ្ឋអាជ្ញាក្រុង San Francisco បានបង្គាប់ឱ្យ Apple និង Google លុបកម្មវិធីកាត់តរូបអាក្រាតចេញពី Store របស់ពួកគេកាលពីខែកក្កដា ខណៈដែលរបាយការណ៍របស់ Tech Transparency Project កាលពីខែមេសា បានបង្ហាញថា ក្រុមហ៊ុនយក្សទាំងពីរបានដាក់ឱ្យទាញយកកម្មវិធីកាត់តរូបអាក្រាតជាច្រើន ហើយកម្មវិធីខ្លះថែមទាំងត្រូវបានកំណត់ថាសមស្របសម្រាប់អនីតិជនទៀតផង។
