និយាយអំពីវេបសាយ ប្រិយមិត្តអ្នកអានច្បាស់ជាបានស្គាល់ច្បាស់ហើយ ព្រោះសម័យឌីជីថលនេះ មនុស្សសឹងតែគ្រប់គ្នា គឺសុទ្ធតែចូលប្រើវេបសាយ។ ឧទាហរណ៍ដូចជាវេបសាយរបស់ចាប់ខៀវដែលអ្នកកំពុងកាន់អាននេះអញ្ចឹង។ សម្រាប់អ្នកចូលអានគឺមិនមានអ្វីត្រូវឈឺក្បាលទេ ប៉ុន្តែសម្រាប់អ្នកធ្វើវេបសាយ ឬ Web Developer គឺមិនអាចស្រណុកបានទេ ព្រោះទម្រាំចេញជារូបរាងវេបសាយមួយ ដែលអាចទទួលយកបាន គឺត្រូវឆ្លងកាត់ការសរសេរកូដដាច់យប់ក៏មាន។
![How To Become A Web Developer In 2023 [Complete Guide]](https://dpbnri2zg3lc2.cloudfront.net/en/wp-content/uploads/2021/01/web_dev_pillar_page.jpg)
ដើម្បីដឹងថា តើអ្នកអាយធី ឬ Web Developer នីមួយៗប្រើបច្ចេកវិទ្យា ឬប្រើកូដអ្វីខ្លះ ដើម្បីឱ្យវេបសាយមួយចេញជារូបរាងមកបាន ថ្ងៃនេះ Technology Cambodia សូមណែនាំកន្លែងមួយ ដែលមាននៅលើ Chrome Extension សម្រាប់លោកអ្នកចូលទៅមើលពីកូដបែបណា ដែលអ្នកធ្វើវេបសាយ យកមកប្រើ ដើម្បីបង្កើតវេបសាយនោះឡើង ដែលកន្លែងនេះគឺអាចជាឈ្នាន់ សម្រាប់សិស្សដែលកំពុងសិក្សាលើជំនាញអាយធី ស្រាវជ្រាវបន្ថែម។
កម្មវិធីនៅលើ Extension នេះមានឈ្មោះថា Wappalyzer ដែលអ្នកទាំងអស់គ្នាគ្រាន់តែចូលទៅក្នុង Chrome Extension រួចតម្លើងកម្មវិធីនេះរួច គឺយើងនឹងអាចមើលដឹងពីកូដទាំងអស់ ដែលអ្នកអាយធីយកមកប្រើនៅលើវេបសាយមួយៗ។ ឧទាហរណ៍ដូចជាវេបសាយប្រភេទព័ត៌មាន គឺយើងអាចដឹងពី Analytics, Miscellaneous, Font scripts, Web servers, Programming languages, Web frameworks, Static site generators, JavaScript libraries ជាដើម។
គូសបញ្ជាក់ថា នៅលើវេបសាយនេះគឺល្អសម្រាប់អ្នកដែលចាប់ជំនាញអាយធីលើផ្នែក Web Developer ថ្មីៗ អាចចូលទៅមើល និងសិក្សាស្រាវជ្រាវបាន ក្រៅរៀនតាមមុខវិជ្ជាដែលគ្រូដាក់ឱ្យ៕
អត្ថបទដោយ៖ ផែន ផាន់ណា
