សាជីវកម្ម Orbital Assembly Corporation (OAC) ដែលជាក្រុមហ៊ុនសាងសង់លំហអាកាសដ៏ធំបំផុតមួយនៅសហរដ្ឋអាម៉េរិក មានបំណងចង់ចាប់ផ្ដើមសាងសង់គម្រោង សណ្ឋាគារអវកាសមួយដោយឱ្យឈ្មោះថា Voyager Station នៅឆ្នាំ២០២៦ និងបើកដំណើរការទទួលភ្ញៀវនៅឆ្នាំ២០២៧ ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ Business Insider។
ប្រភពដដែលបានឱ្យដឹងថា OAC បានបង្ហាញពីផែនការ បង្កើតសណ្ឋាគារ Voyager Station តាំងពីឆ្នាំ២០២១ មកម្ល៉េះ ដោយគ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ ៦០ពាន់លានដុល្លារ សម្រាប់ដំណើរគម្រោងដ៏អស្ចារ្យមួយនេះ។
OAC បានបញ្ជាក់ថា សណ្ឋាគារអវកាស ដែលធ្វើដំណើរជុំវិញផែនដី លើកម្ពស់ដ៏ខ្ពស់ក្នុងដែនលំហ មួយនេះអាចផ្ទុកភ្ញៀវបានរហូតដល់ទៅ ២៨០នាក់ រួមបញ្ចូលទាំង ភោជនីយដ្ឋាន ដែលមានអាហារឆ្ងាញ់ៗដឹកមកពីផែនដី បារ កន្លែងហាត់ប្រាណ និងកន្លែងលេងកីឡាផ្សេងៗថែមទៀត។ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចង់សាកល្បងទៅគេងលេងលើសណ្ឋាគារអវកាស អាចត្រៀមលុយប្រហែលជា ៥លានដុល្លារ សម្រាប់ការស្នាក់នៅ ៣ថ្ងៃ។
គួរជម្រាបផងដែរថា វិស្វករជំនាញរបស់ OAC បានគិតគូរពីសុវត្ថិភាពរបស់ភ្ញៀវ ដើម្បីធានាបានថាពួកគេនឹងមិនអណ្ដែតទៅឆ្ងាយ គេបានសាងសង់សណ្ឋាគារមានរាងជារង្វង់ និងបង្កើតឱ្យមានទំនាញសិប្បនិម្មិត ហេតុនេះមនុស្សគ្រប់គ្នាអាចដើរបាន និងមានទំនាញធម្មតាដូចនៅលើផែនដីដែរ៕
លោកអ្នកយល់យ៉ាងណាចំពោះសណ្ឋាគារអវកាស Voyager Station? ចង់សាកទៅគេងមើលលំហដែរទេ? កុំភ្លេចខមិនប្រាប់ Admin ផងណា!