ក្រុមហ៊ុន Vinfast ដែលមានមូលដ្ឋានផលិតយានយន្តអគ្គិសនីនៅប្រទេសវៀតណាម បច្ចុប្បន្ននេះកំពុងឈរឈ្មោះបោះសំឡេងខ្លាំងណាស់នៅសហរដ្ឋអាមេរិក ហើយខណ:ពេលនេះផងដែរ Vinfast ក៏បានផលិតនូវម៉ូតូអគ្គិសនីថ្មីស្រឡាងមួយទៀតគឺ Klara S ដែលមានរូបរាងស្រដៀងទៅនឹងប្រេនម៉ូតូដ៏ប្រណិតរបស់អ៊ីតាលីគឺ Vespa ។
ថ្វីត្បិតតែ Vinfast បានចម្លង DNA រូបរាងពី Vespa ក៏ពិតមែនតែគ្រឿងបង្គុំផ្សេងៗ រួមទាំងបច្ចេកវិទ្យាម៉ូទ័រអគ្គិសនីថែមទៀតនោះ Vinfast មិនមែនបង្ហាញម៉ូតូពីភាពប្រណិត ជាមួយតម្លៃថ្លៃនោះទេ ពោលគឺបង្ហាញពីផលិតផលដ៏ល្អ ងាយស្រួលក្នុងការប្រើប្រាស់ ជាពិសេសផ្តោតលើការការពារបរិស្ថាន មិនមានផ្សែងពុលក្នុងទីក្រុង ឬ គេហៅថាទីក្រុងបៃតង ។
ហើយថ្ងៃនេះដែរ Technology Cambodia នឹងលើកយកនូវចំណុចខ្លឹមៗ អំពីម៉ូតូអគ្គិសនីរបស់ Vinfast ដែលជាផលិតផលរបស់ប្រទេសវៀតណាមចែកជូនលោកអ្នកឲ្យដឹងពីកម្រិត Performance របស់ម៉ូតូមួយនេះ ។
ចំពោះ Klara S មានរូបរាងបែប Classic ជាច្រើនដូចទៅនឹង Vespa ផងដែរ ប៉ុន្តែចំពោះបចេ្ចកវិទ្យាដែល Vinfast បានញោតចូលម៉ូតូមួយ អាចនិយាយបានថាជាម៉ូតូអនាគតអ៊ីចឹង ដោយសារការបំពាក់នូវអេក្រង់ឌីជីថលទំហំ 4.5 អ៊ីញ មានកម្រិតភ្លឺច្បាស់ល្អ អាចបង្ហាញនូវព័ត៌មានអំពីម៉ូតូបានច្រើនដូចជា កម្រិតថ្ម លេខកុងទ័រល្បឿន នាឡិកាម៉ោង ព្រមទាំងមានប្រព័ន្ធ GPS ចាប់ទីតាំង ដែលភ្ជាប់ជាមួយមកស្រាប់ ដោយអាចមើលទិន្នន័យផ្សេងៗបាននៅលើស្មានហ្វេន ។
ម្យ៉ាងវិញទៀត ក្នុងការធ្វើដំណើរតាមដងផ្លូវ ម៉ូតូនេះអាចមួលកុងទ័រកប់ដល់ 48km/h និងមានកម្លាំងម៉ូទ័រ 1.2kw ។ ចំណែកឯ ការបើកបរផ្លូវឆ្ងាយ Vinfast ក៏បានត្រៀមកញ្ចប់សម្រាប់ដាក់ថ្មម្តងបាន ២គ្រាប់ ដើម្បីឲ្យ Klara S អាចរត់ចម្ងាយអតិបរមាខ្ពស់បំផុតរហូតដល់ 120Km ប៉ុន្តែក្រុមហ៊ុនបានបញ្ជាក់ថាទាល់តែកំណត់ល្បឿនឲ្យក្រោម 30km/h ទើបអាចរត់បានចម្ងាយប៉ុណ្ណេះ ។
រីឯចំណុចលេចធ្លោរខ្លាំង ម៉ូតូអគ្គិសនីផ្សេងៗមិនទាន់មាន Klara S គឺអាចធ្វើបាន ដោយម៉ូតូនេះអាចចុះត្រាំទឹកជម្រៅ 0.5 ម៉ែត្របានរហូតដល់ 30នាទីឯណោះ ។
គួរបញ្ជាក់ផងដែរថា ម៉ូតូអគ្គិសនី Klara S មាន ៧ពណ៌ រួមមាន ខ្មៅ ក្រហម ស ខៀវ ខ្មៅដិត បៃតងស្រាលនិងពណ៌ស្លែ និងមានកែបម៉ូតូចំនួន ២ពណ៌ថែមទៀត ហើយម៉ូតូអគ្គិសនីនេះ ត្រូវបានដាក់ផុសលក់ក្នុងវេបសាយក្នុងតម្លៃត្រឹមតែ ១៧០០ ដុល្លារតែប៉ុណ្ណោះ ៕
អត្ថបទដោយ៖ ព្រឹម ភក្តី