ក្រសួងការបរទេស របស់ប្រទេសវៀតណាម នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែមេសា បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាម៉េរិក ក្នុងការតម្លើងតម្លៃពន្ធទៅវិញទៅមកលើការនាំចេញរបស់ខ្លួន។
អ្នកនាំពាក្យក្រសួងការបរទេសលោក Pham Thu Hang បានប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters យ៉ាងដូច្នេះថា៖ «យើងជឿជាក់ថាការសម្រេចចិត្តនេះមិនសមស្របទៅនឹងការពិតនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលមានផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរឡើយ»។
ក្នុងនោះ លោក Pham Thu Hang ក៏បានសង្កត់ធ្ងន់ថា វៀតណាមនឹងបន្តស្វែងរកដំណោះស្រាយសម្រាប់ការអភិវឌ្ឍន៍ស្ថិរភាព និងនិរន្តរភាពនៃទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីជាមួយសហរដ្ឋអាមេរិក។
គួរជម្រាបផងដែរថា កាលពីថ្ងៃពុធ លោកប្រធានាធិបតី Donald Trump បានបង្កើនភាពតានតឹងពាណិជ្ជកម្មសកលបន្ថែមទៀត ជាមួយនឹងការដាក់ចេញពន្ធគយរហូតដល់ចន្លោះពី ១០%-៥០% ខណៈប្រទេសវៀតណាមឡើងដល់ ៤៦% ឯណោះលើការនាំចូលទាំងអស់៕