ប្រើ Gemini ត្រឹមតែឆ្លើយសំណួរ! ឥឡូវGoogle ពង្រីកឱ្យធ្វើកូនចៅសម្រាប់បម្រើអ្នកបានយ៉ាងងាយ ក្រោយធ្វើបែបនេះ
Touch Soriya
•
OCTOBER 30 2026
•
គន្លឹះល្អៗ
•
451 views
•
3 mins read
•

Google កំពុងពង្រីកសមត្ថភាពរបស់ Gemini និង Google Search តាមរយៈការភ្ជាប់កម្មវិធីជាមួយក្រុមហ៊ុនផ្សេងៗ ដើម្បីឱ្យអ្នកប្រើប្រាស់អាចប្រើសេវាកម្មក្នុងកម្មវិធីទាំងនេះ ជាមួយ AI បានកាន់តែងាយស្រួល ហើយបច្ចុប្បន្ន មានកម្មវិធីដែលអាចភ្ជាប់ជាមួយ Gemini និង Search សរុបជាង ៥០ apps រួចហើយ ដែលគ្របដណ្តប់លើវិស័យជាច្រើន ដូចជា ការងារ សុខភាព និងការហាត់ប្រាណ។

យោងតាមការប្រកាសរបស់ Google នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ក្រុមហ៊ុន បានដាក់ឱ្យប្រើប្រព័ន្ធថ្មីមានឈ្មោះថា Connected Appសម្រាប់អ្នកបង្កើត App ផ្សេងៗ អាចសាកល្បង និងគ្រប់គ្រងកម្មវិធីដែលចង់ភ្ជាប់ជាមួយ Gemini និង Google Search។

044

តាមរយៈការភ្ជាប់ជាមួយ Gemini និង Google Search ហើយ អ្នកប្រើប្រាស់អាចឱ្យ Gemini ជួយធ្វើការផ្សេងៗជាមួយ App ដែលបានភ្ជាប់ ដូចជា ប្រើ Canva ដើម្បីរចនា Flyer ផ្សព្វផ្សាយ, ប្រើ YouTube Music ដើម្បីបង្កើត Playlist សម្រាប់ស្តាប់បទចម្រៀង ក្នុងនោះ Gemini ក៏បានពង្រីកពីការប្រើ AI សម្រាប់ឆ្លើយសំណួរ ដើម្បីជួយធ្វើការជាក់ស្តែង តាមរយៈសេវាកម្មដែលបានភ្ជាប់ ដូចជាអាចជួយបញ្ជាទិញគ្រឿងទេស ។

ចំពោះ កម្មវិធីជាង ៥០ Apps ដែលមាននៅលើ Gemini និង Search រួមមានកម្មវិធីដែលមកពីក្រុមហ៊ុនដៃគូដូចជា Adobe, Experian, Localiza និង Peloton ជាដើម។ ទោះជាយ៉ាងណា កម្មវិធីទាំងនេះ កំពុងដំណើរការនៅលើ Gemini ជាមុន ហើយ ក្រុមហ៊ុន Google ក៏គ្រោងនាំកម្មវិធីដែលមាននៅលើ Gemini ទៅកាន់ Google Search បន្ថែមទៀតនាពេលខាងមុខ ខណៈដែលការភ្ជាប់ជាមួយ Calm ក៏នឹងមាននៅ Gemini និង Google Search ផងដែរ។

045

សម្រាប់អ្នកដែលចង់ដាក់ស្នើ Apps ឱ្យ Google ពិនិត្យ គឺដំបូង អ្នកត្រូវភ្ជាប់ Apps ជាមួយប្រព័ន្ធដែល Google គាំទ្រ ដូចជា Cloud-hosted MCP Server ឬ Android MCP ដោយប្រើ AppFunctions APIs។ បន្ទាប់មក អ្នកត្រូវចូលទៅកាន់ Google Connected Console ដើម្បីចុះឈ្មោះ សាកល្បង និងដាក់ស្នើ Apps ឱ្យ Google មុននឹងសម្រេចថាភ្ជាប់ជាមួយ Gemini, Google Search ឬទាំងពីរ។

ក្រោយ Google អនុម័ត និងដាក់ឱ្យដំណើរការ អ្នកក៏អាចតាមដានស្ថានភាពកម្មវិធីរបស់ខ្លួន ដូចជា ទិន្នន័យនៃការប្រើប្រាស់កម្មវិធី ល្បឿនឆ្លើយតប និងអត្រាកំហុសបច្ចេកទេស។ Google បានបញ្ជាក់ថា ការបើកឱ្យប្រើ Connected Apps Platform នេះ គឺជាដំណាក់កាលសាកល្បងដំបូងមាននៅសហរដ្ឋអាមេរិក ហើយនឹងបើកសិទ្ធិឱ្យចូលប្រើជាបន្តបន្ទាប់ នៅពេលខាងមុខ។

045

ការបង្កើត Connected Apps Platform នេះ គឺបង្ហាញពីទិសដៅរបស់ Google ក្នុងការពង្រីកសមត្ថភាព AI ឱ្យធ្វើការជាមួយកម្មវិធី និងសេវាកម្មពីក្រុមហ៊ុនផ្សេងៗ ដែលមិនត្រឹមតែផ្តល់ចម្លើយដល់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យពួកគេអាចប្រើប្រាស់មុខងារផ្សេងៗ ដើម្បីបំពេញកិច្ចការបានកាន់តែច្រើនតាមរយៈ Gemini និង Google Search។ គួរបញ្ជាក់ថា ក្រុមហ៊ុន Google មិនទាន់បញ្ជាក់កាលបរិច្ឆេទជាក់លាក់សម្រាប់ការដាក់ឱ្យប្រើប្រាស់ទូលំទូលាយនៅគ្រប់ទីផ្សារនៅឡើយទេ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia