លែងឈឺក្បាលរឿងរកខោអាវស្លៀកពាក់ទៀតហើយ! Meta បានបញ្ចេញ AI ថ្មីចេះជួយគិតម៉ូដសម្លៀកបំពាក់ឱ្យអ្នក
Touch Soriya
•
NOVEMBER 3 2026
•
ឌីជីថល
•
91 views
•
1 min read
•

មានខោអាវពេញទូ តែដល់ម៉ោងចេញក្រៅ បែរជាមិនដឹងថាគួរជ្រើសរើសឈុតណាស្លៀកបែបណា បញ្ហានេះអាចនឹងលែងកើតមានទៀតហើយ ដោយសារក្រុមហ៊ុន Meta បានដាក់ឱ្យប្រើប្រាស់កម្មវិធី AI ថ្មីមួយ ដែលមានឈ្មោះថា Style Sketch ដែលអាចជួយឱ្យអ្នកប្រើរៀបចំសម្លៀកបំពាក់ពីខោអាវដែលមានស្រាប់ រួចសាកស្លៀកជាមួយរូបរាងនិម្មិត។ 

42

កម្មវិធី Style Sketch ត្រូវបានរចនាឡើងដើម្បីជាជំនួយការផ្នែកជ្រើសរើសម៉ូដសម្លៀកបំពាក់ផ្ទាល់ខ្លួន ដោយអាចជួយអ្នកប្រើប្រាស់អាចបង្កើតគំនិតផ្គូផ្គងសម្លៀកបំពាក់ផ្សេងៗគ្នា តាមរយៈរូបភាពខោអាវដែលខ្លួនមាន។ អ្នកប្រើប្រាស់ អាចបញ្ចូលរូបភាពសម្លៀកបំពាក់ដោយផ្ទាល់ពីក្នុងទូរសព្ទ ថតរូប ឬវីដេអូខ្លីៗ ហើយក៏អាចភ្ជាប់ជាមួយគណនី Instagram ដើម្បីជួយប្រមូលរូបភាពសម្លៀកបំពាក់ដែលធ្លាប់បង្ហោះផងដែរ។

ចំណុចគួរឱ្យចាប់អារម្មណ៍នៃកម្មវិធីនេះ អាចណែនាំអ្នកអំពីម៉ូដខោអាវ និងបង្ហាញការស្លៀកពាក់តាមរូបរាងនិម្មិតដែលត្រូវនឹងទម្រង់រាងកាយ និងពណ៌សម្បុររបស់អ្នកប្រើ។ ជាមួយគ្នានេះ អ្នកប្រើអាចមើលឃើញគំនិតនៃការស្លៀកពាក់មុនពេលសម្រេចចិត្តជ្រើសរើសឈុតណាមួយយកមកស្លៀកនៅលើខ្លួន។

40

មិនត្រឹមតែជួយជ្រើសរើសខោអាវសម្រាប់ស្លៀកប្រចាំថ្ងៃប៉ុណ្ណោះទេ Style Sketch ក៏អាចជួយរៀបចំឈុតសម្លៀកបំពាក់សម្រាប់ដំណើរកម្សាន្តបានដែរ។ អ្នកប្រើប្រាស់ គ្រាន់តែបញ្ចូលទីតាំងដែលចង់ទៅ ចំនួនថ្ងៃ និងសកម្មភាពដែលគ្រោងនឹងធ្វើ នោះកម្មវិធីនឹងជួយរៀបចំឈុតសម្លៀកបំពាក់សម្រាប់ថ្ងៃនីមួយៗ ដោយគិតគូរពីការព្យាករណ៍អាកាសធាតុ និងគម្រោងធ្វើដំណើររបស់អ្នកប្រើផងដែរ។

41

យោងតាមការរាយការណ៍របស់សារព័ត៌មាន TechCrunch បានបញ្ជាក់ថា បច្ចុប្បន្ន កម្មវិធីនេះអាចប្រើប្រាស់បាននៅប្រទេសឥណ្ឌូនេស៊ី សិង្ហបុរី និងថៃ តាមរយៈទូរសព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ iOS និង Android។ ចំណែកឯការពង្រីកទៅកាន់ប្រទេសផ្សេងទៀតនៅពេលណានោះ Meta មិនទាន់បានបញ្ជាក់នៅឡើយទេ។ គួរបញ្ជាក់ថា Style Sketch គឺជាកម្មវិធី AI មួយក្នុងចំណោមកម្មវិធីថ្មីៗដែល Meta កំពុងសាកល្បង និងដាក់ឱ្យប្រើប្រាស់ ដោយមានគោលដៅពង្រីកការប្រើប្រាស់បច្ចេកវិទ្យា AI ទៅកាន់សេវាកម្មផ្សេងៗក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia