ចង់បានអីជប់ហ្នឹង! Genie 4 របស់ Google អាចបង្កើតពិភពឌីជីថលដែលប្ដូរឈុត និងសំឡេងបានភ្លាមៗ
Touch Soriya
•
OCTOBER 29 2026
•
ឌីជីថល
•
30 views
•
2 mins read
•

បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កាន់តែរីកចម្រើននាពេលបច្ចុប្បន្នដែលបង្កើតរូបភាព និងវីដេអូបាន ខណៈពេលនេះ Google DeepMind ក៏បានប្រកាសចេញ Genie 4 ដែលជាបច្ចេកវិទ្យាអាចបង្កើតពិភពឌីជីថលអន្តរកម្ម ធ្វើឱ្យអ្នកប្រើប្រាស់អាចបញ្ជាឱ្យផ្លាស់ប្ដូរឈុតឆាក និងបង្កើតសំឡេងបាន។ តាមការប្រកាសរបស់ Google DeepMind នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ បានបង្ហាញថា Genie 4 អាចបង្កើតបរិយាកាសឌីជីថលដែលមានរូបភាព និងសំឡេង ស្របទៅតាមអ្វីដែលកំពុងកើតឡើងក្នុងឈុតឆាកដែលបានបង្កើត។

27

ក្នុងនោះ អ្នកប្រើប្រាស់ មិនចាំបាច់បង្កើតឈុតឆាកថ្មីទាំងស្រុង នៅរាល់ពេលចង់កែប្រែនោះទេ ប៉ុន្តែអាចប្រើប្រាស់ការនិយាយ ដើម្បីឱ្យប្រព័ន្ធផ្លាស់ប្ដូរបានភ្លាមៗ។ ជាមួយគ្នានេះ អ្នកប្រើប្រាស់ ក៏អាចបញ្ជាឱ្យផ្លាស់ប្ដូរមុំកាមេរ៉ា ប្ដូរអាកាសធាតុ ឬបន្ថែមតួអង្គទៅក្នុងឈុតឆាកដែលកំពុងបង្កើតបានទៀតផង។ ក្រៅពីរូបភាព Genie 4 ក៏អាចបង្កើតសំឡេងបរិយាកាស តន្ត្រី និងសំឡេងសន្ទនាផងដែរ មានន័យថា ពិភពឌីជីថលដែលបង្កើតឡើងដោយ Genie 4 មិនមែនមានតែរូបភាពមើលប៉ុណ្ណោះទេ ប៉ុន្តែអាចឱ្យអ្នកប្រើប្រាស់ធ្វើសកម្មភាព និងកែប្រែបាន។

26

បើតាមសារព័ត៌មាន TechCrunch បានបញ្ជាក់ថា Genie 4 មានការកែលម្អលើភាពប្រាកដនិយម នៃរូបភាព សមត្ថភាពបង្កើតសំឡេង និងការរក្សាភាពស៊ីសង្វាក់គ្នានៃឈុតឆាក។ ប្រព័ន្ធនេះ ក៏អាចរក្សាពិភពឌីជីថល ដែលបានបង្កើតឱ្យមានភាពបន្តគ្នាបានរហូតដល់ប្រហែល ២នាទី ដែលជាការកែលម្អធៀបនឹងកំណែមុន។ បច្ចេកវិទ្យានេះ អាចមានអត្ថប្រយោជន៍សម្រាប់វិស័យច្នៃប្រឌិតជាច្រើន ដូចជាការរៀបចំគំនិតសម្រាប់ភាពយន្ត ការបង្កើតហ្គេម និងការសាកល្បងគំនិតបង្កើតឈុតឆាក មុនពេលចាប់ផ្ដើមផលិតខ្សែភាពយន្តជាក់ស្ដែង។

28

ទោះជាយ៉ាងណា Genie 4 ក៏មិនមែនជាឧបករណ៍ដែលអាចជំនួសការថតវីដេអូគ្រប់ប្រភេទបាននោះទេ ដែលចំណុចពិសេសរបស់វា គឺការបង្កើតពិភពឌីជីថលនិម្មិតដែលអាចកែប្រែ និងធ្វើសកម្មភាពបានក្នុងពេលជាក់ស្ដែង។ គួរបញ្ជាក់ថា បច្ចុប្បន្ន Google DeepMind បានចាប់ផ្ដើមដាក់ឱ្យអ្នកប្រើប្រាស់ដែលទទួលបានការអនុញ្ញាតមួយចំនួនសាកល្បង នៅពេលខាង Genie 4 នេះ នឹងដាក់ឱ្យអ្នកប្រើប្រាស់ជាវនៅលើ Google AI Ultra តាមរយៈ Project Genie ព្រមទាំងផ្ដល់សិទ្ធិឱ្យចូលប្រើដំបូងដល់ដៃគូសហការតាមរយៈ Gemini API និង AI Studio ផងដែរ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia