ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នឹងធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីចូលរួមពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាង កម្ពុជា និង ថៃ នៅក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាន។ នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មាន Reuters។
ក្នុងនោះ រដ្ឋមន្រ្តីការបរទេសនៃប្រទេសម៉ាឡេស៊ី លោក Mohamad Hasan បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ យ៉ាងដូច្នេះថា «ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលនេះ យើងសង្ឃឹមថានឹងឃើញការចុះហត្ថលេខាលើសេចក្តីប្រកាសមួយដែលគេស្គាល់ថាជាកិច្ចព្រមព្រៀង Kuala Lumpur រវាងប្រទេសជិតខាងទាំងពីរនេះ ដើម្បីធានាបាននូវសន្តិភាព និងបទឈប់បាញ់ដ៏យូរអង្វែង»។
លោក Mohamad ក៏បានបញ្ជាក់ផងដែរថា ប្រទេសម៉ាឡេស៊ី និងសហរដ្ឋអាមេរិក នឹងធ្វើជាអ្នកសម្របសម្រួលដោយផ្ទាល់ចំពោះ បទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលនឹងតម្រូវឱ្យភាគីទាំងពីរដកមីន និងកាំភ្លើងធំទាំងអស់ចេញពីព្រំដែន ខណៈកិច្ចប្រជុំកំពូលអាស៊ាន នឹងប្រព្រឹត្តិទៅនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥៕