យោងតាមការបង្ហោះនៅលើគណនី X ផ្លូវការ របស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Donald Trump បានឱ្យដឹងថា អាម៉េរិកបានប្រកាសផ្អាកដំណើរការពន្ធគយថ្មីរយៈពេល៩០ថ្ងៃ រាប់ចាប់ពីថ្ងៃទី១០ ខែមេសា។
មូលហេតុធំនៅពីក្រោយការសម្រេចចិត្តផ្អាកដំណើរការ នៃការប្រើប្រាស់ពន្ធគយថ្មីនេះ គឺដោយសារតែ ប្រទេសដែលជាដៃគូពាណិជ្ជកម្មជាច្រើនបានស្នើសុំធ្វើការចរចា ចំពោះបញ្ហាពន្ធគយថ្មី។ ទន្ទឹមនឹងនោះប្រភពពី Reuters ក៏បានឱ្យដឹងដែរថា មានវិនិយោគិនជាច្រើនបានស្នើសុំ ការបន្ធូរបន្ថយទៅលើករណីពន្ធនេះ ដើម្បីឱ្យគ្រប់ភាគីមានពេលសម្របខ្លួន ក៏ដូចជាការពារកុំឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក។
គួរជម្រាបផងដែរថា ការផ្អាកកំណត់ពន្ធថ្មីនេះបានធ្វើឡើងបន្ទាប់ពីរយៈពេល មិនដល់២៤នៃការដាក់ប្រកាសជាធរមាន កាលពីថ្ងៃទី09 ខែមេសា។ ឥឡូវនេះបណ្ដាប្រទេសដែលជាដៃគូពាណិជ្ជកម្មជាង70 ប្រទេស ត្រូវបានកំណត់ឱ្យប្រើប្រាស់តួលេខពន្ធគយចាស់ដែលភាគច្រើនស្ថិតក្នុងខ្ទង់ 10%។ ដោយឡែកប្រទេសចិនវិញត្រូវបាន ប្រធានាធិបតី Trump ប្រកាសកំណត់ពន្ធ 125% មិនមានការបន្ធូរបន្ថយឡើយ៕