កាលពីថ្ងៃចន្ទ ម្សិលមិញនេះប្រទេសជប៉ុនកំពុងតែត្រៀមខ្លួនទប់ទល់នឹងឥទ្ធិពលគ្រោះកាចព្យុះទីហ្វុង Hinnamnor ដែលរៀបនឹងបោកបក់យ៉ាងខ្លាំងមកលើប្រទេសខ្លួននៅពេលខាងមុខ ។ ខណ:ដែលក្រុមហ៊ុនអាកាសចរណ៍បានលុបចោលជើងហោះហើរជាច្រើន ហើយក្រុមហ៊ុនធំៗមួយចំនួន ក៏ដូចជាក្រុមហ៊ុនផលិតរថយន្តខ្នាតយក្ស Toyota និង Nissan ក៏បានផ្អាកការផលិតយ៉ាងតក់ក្រហុល នេះបើយោងតាមពីកាសែត Japan Today ។
តំបន់ដែលត្រូវបានព្យុះទីហ្វុងវាយាលុកមុនគេគឺនៅកោះ Kyushu នៃប្រទេសជប៉ុន ដោយបានធ្វើឲ្យរាំងស្ទះនូវអាជីវកម្មជាច្រើន ហើយគេក៏រំពឹងថា ព្យុះទីហ្វុងនេះនឹងមានកម្រិតធ្ងន់ទៅៗ ខណ:ដែលព្យុះនេះបានវាយប្រហារយ៉ាងខ្លាំងនៅប្រទេសកូរ៉េខាងត្បូង រហូតដល់ថ្នាក់កម្រិតប្រកាសអាសន្ននៅក្នុងទីកក្រុងផងដែរ ។
បើយោងតាមទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា តំបន់ខ្លះនៃកោះ Kyushu នឹងត្រូវបានរងឥទ្ធិពលដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំងដោយមានល្បឿនខ្យល ៣០០មីលីម៉ែត្រក្នុងរយ:ពេល ២៤ម៉ោង ចាប់ពីថ្ងៃត្រង់ថ្ងៃចន្ទរហូតដល់ថ្ងៃអង្គារនេះ ។
ទន្ទឹមនឹងនេះផងដែរ ជើងហោះហើរនៅប្រទេសជប៉ុនដែលនៅតំបន់នោះបានធ្វើការលុបជើងហោះហើរប្រហែល ៧០ កាលពីថ្ងៃចន្ទ។ ដោយឡែកក្រុមហ៊ុនផលិតរថយន្ត Toyota Motor Corp បានឲ្យដឹងថា ខ្លូននឹងផ្អាកការផលិតនៅរោងចក្រចំនួន ៣ នៅក្បែរតំបន់ Kyushu ភាគខាងលិចនៃប្រទេសជប៉ុន ហើយក្រុមហ៊ុន Nissan Motor Corp ព្រមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធខ្លួន Nissan Shatai Co ក៏បានផ្អាកខ្សែសង្វាក់ផលិតកម្មខ្លួនផងដែរ ៕
អត្ថបទដោយ៖ ព្រឹម ភក្តី