ក្រុមហ៊ុនមេធំ Toyota បានប្រកាសក្តែងៗ ប្រាប់ទៅកាន់មហាជនទូទាំងសកលលោក ឲ្យបានដឹងពីគម្រោងអនាគត ឆ្នាំ ២០៣០ ថាខ្លួននឹងផលិតចេញនូវប្រភេទរថយន្តអគ្គិសនី ៣០ ម៉ូដែល ព្រមទាំងបង្កើនការលក់រួមគ្នា Toyota និង Lexus ឲ្យបាន ៣.៥ លានគ្រឿងក្នុងមួយឆ្នាំ ។
បើយោងតាមសម្តីរបស់ លោក Akio Toyoda ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Toyota ផ្ទាល់បានលើកឡើងពីគម្រោងការនាពេលអនាគត ជាមួយការអភិវឌ្ឍនូវកញ្ចប់ថ្មសម្រាប់រថយន្តអគ្គិសនីសុទ្ធ (BEV) ដែលគ្រោងចាប់ផ្តើមផែនការធំបំផុតមិនធ្លាប់មានពីមុនមក ដោយការប្រកាសបញ្ចេញនូវរថយន្ត BEV ៣០ ម៉ូដែល រួមទាំង Toyota bz4x ផងដែរ ។
រំលឹកបន្តិច ចំពោះ Toyota bz4x នេះកាលពីកន្លងខាងក្រុមហ៊ុន Toyota ប្រចាំប្រទេសថៃក៏បានយកម៉ូដែលមកតាំងបង្ហាញម្តងរួចមកហើយ ប៉ុន្តែនៅមិនទាន់មានការប្រកាសលក់ចេញនៅឡើយទេនៅពេល ដោយគ្រាន់តែដឹងថា Toyota នឹងទុក bz4x សម្រាប់លក់ចេញនៅចុងឆ្នាំ ២០២២ នេះ ដូច្នេះគម្រោង ៣០ ម៉ូដែល ដែល Toyota បានប្រកាសនៅសល់តែ ២៩ ម៉ូដែលទៀតតែប៉ុណ្ណោះ ។
ក្រឡេកមកវិញ កាលពីកន្លងទៅនេះ ខាងក្រុមហ៊ុន Toyota ក៏បានបង្ហាញនូវរូបរាងម៉ូដែលឡានចំនួន ១៥ ម៉ូដែលផងដែរ ក្នុងនោះ រួមមានប្រភេទរថយន្តស្ព័រ រថយន្ត SUV( bz4x) រថយនន្តភីបអាប់ និងប្រភេទរថយន្តដឹកទំនិញ ឬហៅថា Van ។
ក្នុងចំណោមម៉ូដែលទាំងនោះ Toyota Compact Cruiser EV 2024 បានឈ្នះពានរង្វាន់រថយន្តគំរូដែលរចនាស្អាតនិងមានភាពទាក់ទាញជាងគេ BEST DESIGN CONCEPT CAR AWARD 2022 ។ នេះបើយោងតាមចេញផ្សាយរបស់ Car Design Award.org ៕
ប្រភព ៖ Engineeringnews
អត្ថបទដោយ៖ ព្រឹម ភក្តី