និយាយដល់ Toyota Prius ស៊េរីឆ្នាំ២០២៣ គឺមានមួយម៉ូដែលដែលសាកថ្មបានដូចឡានអគ្គិសនីអ៊ីចឹង ហើយម៉ូដែលមួយនោះគឺជា 2023 Toyota Prius Prime ដែលគ្រោងនឹងដាក់លក់នៅសហរដ្ឋអាមេរិកនៅខែឧសភាខាងមុខនេះ ជាមួយនឹងតម្លៃ 32,350$ ព្រមទាំងមានទំហំថ្មធំជាងទីផ្សារប្រទេសផ្សេងៗ ដោយអាចបើកបរចម្ងាយ ៧០គីឡូម៉ែត្រ ពេលសាកថ្មពេញម្តង។ នេះបើយោងតាមប្រភព The Eletric SUV បានចុះផ្សាយ។
ជាមួយគ្នានេះផងដែរ ការមកដល់របស់ Toyota Prius Prime ស៊េរីឆ្នាំ២០២៣ នៅសហរដ្ឋអាមេរិក Toyota សម្រេចចិត្តឲ្យដាក់លក់ទាំងអស់ ៣ Trim Level តែម្តង រួមមាន ៖
Toyota Prius Prime SE មានតម្លៃ32,350 ដុល្លារ
Toyota Prius Prime XSE មានតម្លៃ 35,600 ដុល្លារ
Toyota Prius Prime XSE Premium មានតម្លៃ 39,170ដុល្លារ
ដោយឡែក Trim level ទាំង៣ គឺមានចម្ងាយបើកបរខុសៗគ្នាផងដែរ ដោយ SE ទទួលបានចម្ងាយរត់ ៧០គ.ម , XSE ទទួលបានចម្ងាយរត់ ៦២គ.ម , XSE Performance ទទួលបានចម្ងាយរត់ ៦២គ.ម ។
ម្យ៉ាងវិញទៀត ទៅលើម៉ាស៊ីនរបស់រថយន្តទាំង ៣ ជម្រើសនេះត្រូវបានបំពាក់នូវម៉ាស៊ីនដូចគ្នា 1.8L មានកម្លាំង ២២០សេះ និងរមួល ១៨៨ញ៉ូតុនម៉ែត្រឯណោះ ព្រមមានល្បឿនស្ទុះពី0-១០០គម/ម៉ ចាយពេលតែ ៦.៦វិនាទីតែប៉ុណ្ណោះ ។
គួរជំរាបផងដែរថា សម្រាប់ Toyota Prius Prime ស៊េរីឆ្នាំ២០២៣ ដែលមានបច្ចេកវិទ្យា Plug-in Hybrid នេះ អាចសាកថ្មជាមួយនឹងឆ្នាំងសាក AC កម្លាំង 3.5w ប្រើពេលតែ ៤ម៉ោង អាគុយនឹងពេញ៕
អត្ថបទដោយ៖ ព្រឹម ភក្តី