ម៉ូដែល Camry របស់ក្រុមហ៊ុន Toyota ជិតឈានជើងចូលវ័យ ៤០ឆ្នាំទៅហើយ ស្របពេលនេះដែរ ក្រុមហ៊ុន Toyota បានចេញនូវរថយន្ត Camry សេរីថ្មី ឆ្នាំ ២០២៣ ដែលជាប្រភេទ Sedan ព្រមទាំងបន្ថែមនូវរសជាតិថ្មីនៃ Nightshade Special Edition បែបខ្មៅសុទ្ធយ៉ាងស្រស់ស្អាតថែមទៀតផង ។
ដូចដែលបងប្អូនបានដឹងរួចមកហើយថា ចំពោះរូបរាងខាងរបស់ម៉ូដែល Camry នៃក្រុមហ៊ុនយក្សជប៉ុនមួយនេះ មានការដាប់ដេតសេរីពី មួយឆ្នាំទៅមួយឆ្នាំ យើងឃើញថាមានភាពស្រដៀងគ្នា តែសម្រាប់ការមកដល់សេរីក្រោយៗនេះ Camry បានថែមពណ៌យ៉ាងប្រណិត ជាពិសេសគឺប្រភេទម៉ូដែល SE ដែលបន្ថែមនូវពណ៌ខ្មៅសុទ្ធ Nightshape Specail Edition ។
ទន្ទឹមនឹងនេះផងដែរ សម្រាប់ម៉ូដែល Camry ឆ្នាំ ២០២៣ បានផ្តល់នូវពីរជម្រើសនៃការបើកបរ ប៊ុង១ FWD និង ប៊ុង២ AWD ប៉ុន្តែចំពោះការប្រើប្រអប់លេខវិញនោះ គឺមាន ៨ វគ្គអូតូ ដូចគ្នា ។ បន្ថែមពីនេះ ចំពោះម៉ូដែលរថយន្ត Camry នេះត្រូវបានផលិតចេញមក ៥ ម៉ូដែល រួមមាន LE , XLE, SE, SE Nightshade និង XSE ។ មួយវិញទៀតចំពោះម៉ូដែលកម្រិតខ្ពស់ដែលត្រូវបានបំពាក់មកជាមួយនឹង ស៊ីឡាំង V6 រួមមាន XLE និង XSE ព្រមទាំងកម្រិតឡានប្រណាំង Performanc TRD ថែមទៀតផង ។
យ៉ាងណាមិញ ចំពោះកម្លាំងម៉ាស៊ីនវិញនោះ ខាងក្រុមហ៊ុន Toyota បានបែងចែកជា២ជម្រើសម៉ាស៊ីនផងដែរ ដោយជម្រើសទី១ ជាប្រភេទ Standard មានម៉ាស៊ីនចំណុះ ២.៥ លីត្រ ស៊ីឡាំង៤ ព្រមទាំងកម្លាំងម៉ាស៊ីន ២០៣ សេះ និងជម្រើសទី២ ជាប្រភេទ Full-option មានស៊ីឡាំង V6 ដែលមានចំណុះ ៣.៥ លីត្រ ថែមទាំងមានកម្លាំងម៉ាស៊ីនរហូតដល់ ៣១០ សេះ ៕