Toyota bZ3 ជាឡានអគ្គិសនីប្រភេទ Sedan ដំបូងគេបង្អស់របស់ Toyota ដែលត្រូវបានដាក់លក់នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ត្រូវជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិដែលមានរយ:ពេល ៣ថ្ងៃ។
មិនគួរឲ្យជឿ ឡានអគ្គិសនី Toyota bZ3 ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនចិន ដោយគ្រាន់តែដាក់លក់ភ្លាម ចំនួនអ្នកបញ្ជារទិញកើនឡើងដល់ទៅ ៥០០០គ្រឿងឯណោះ ។ នេះបើយោងតាមប្រភពពី Faw-Toyota ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយនឹងក្រុមហ៊ុន Toyota នៅប្រទេសចិន។
ប្រភពដដែលបានឲ្យដឹងថា bZ3 ជាប្រភេទឡាន Sedan ដំបូងគេរបស់ក្រុមហ៊ុន Toyota ដែលត្រូវជាប្អូនរបស់ bZ4X ជាឡានប្រភេទ SUV ។ ឡាននេះត្រូវបានគេដឹងថា ផលិតនៅប្រទេសចិន និងត្រូវបានបំពាក់នូវបច្ចេកវិទ្យាអាគុយ (LFP Blade battery) របស់ក្រុមហ៊ុន BYD ទៀតផង ដោយអាចសាកថ្មម្តងរត់បានចម្ងាយដល់ទៅ 616Km ។
ជាមួយគ្នានេះផងដែរ Toyota bZ3 ជម្រើស ៣ ដែលត្រូវបានចេញលក់នៅលើទីផ្សារបរទេស រួមមាន៖
Toyota bZ3 Elite PRO មានរយ:ចម្ងាយរត់ 517Km តម្លៃ $24,680
Toyota bZ3 Longe-rang Pro មានរយ:ចម្ងាយរត់ 616Km តម្លៃ $27,587
Toyota bZ3 Longe-rang Premium មានរយ:ចម្ងាយរត់ 616Km តម្លៃ $29,041
គូសបញ្ជាក់ផងដែរថា កម្លាំងម៉ូទ័រអគ្គិសនីរបស់ Toyota bZ3 មានពីរជម្រើស គឺ 135Kw និង 180Kw ដែលប្រភេទកម្លាំងទាំង ២នេះមានកម្លាំងរមួលដូចគ្នា 303Nm ហើយសម្រាប់កញ្ចប់ថ្មវិញក៏មាន ២ប្រភេទផងដែរ គឺ 49.9 KWh ដែលអាចគាំទ្រនឹងការរត់ចម្ងាយបាន 517Km និង 65.3 KWh ដែលអាចគាំទ្រនឹងការរត់ចម្ងាយបាន 616Km។ រីឯការសាកថ្មល្បឿន bZ3 អាចសាកពី 30% ទៅ 80% ចាយពេលតែ ២៧នាទីតែប៉ុណ្ណោះ ៕
អត្ថបទដោយ៖ ព្រឹម ភក្តី