នៅក្នុងយុគសម័យឌីជីថលនេះ ទូរស័ព្ទត្រូវបានផ្សារជាប់យ៉ាងជិតស្និទ្ធិជាមួយនឹងមនុស្សទូទៅ ព្រោះថាវាអាចជួយសម្រួលការងារបានយ៉ាងច្រើន ជាពិសេសគឺទៅលើការធ្វើទំនាក់ទំនង។ ទន្ទឹមនឹងនេះផងដែរប្រភពពី Global State STATCOUNTER បានបង្ហាញឱ្យឃើញថា ទូរស័ព្ទទាំង១០ម៉ាកនេះជាប់ឈ្មោះល្បី និងមានអ្នកពេញនិយមប្រើប្រាស់ច្រើននៅស្រុកខ្មែរ៖
Apple ទូរស័ព្ទដៃ iPhone គឺជាស្មាតហ្វូនលំដាប់កំពូលដែលអាចទាក់ទាញអតិថិជនទូទៅឱ្យជ្រើសរើសប្រើប្រាស់ ដោយសារតែការរចនាយ៉ាងប្រណិត ស្របជាមួយថាមពលដំណើរការដ៏ល្អ ដាក់បញ្ចូលដោយប្រព័ន្ធអេកូឡូស៊ីរបស់ក្រុមហ៊ុន Apple និងការយកចិត្តទុកដាក់ ទៅលើការច្នៃប្រឌិតថ្មីជាប់លាប់នៅក្នុងមុខងារប្រើប្រាស់ ក៏ដូចជាប្រព័ន្ធសុវត្ថិភាព។
Oppo គឺជាម៉ាកស្មាតហ្វូនដ៏ពេញនិយមមួយ ដែលត្រូវបានមនុស្សទូទៅស្គាល់តាមរយៈ បច្ចេកវិទ្យាកាមេរ៉ាប្រកបដោយភាពច្នៃប្រឌិត សាកថ្មលឿន ការរចនាទាន់សម័យ និងតម្លៃប្រកួតប្រជែង ដែលជាហេតុនេះឱ្យវាក្លាយជាជម្រើសពិសេសនៅក្នុងទីផ្សារមធ្យម។
Samsung គឺជាស្មាតហ្វូនឈានមុខគេមួយដែលល្បីល្បាញតាមរយៈ អេក្រង់ដែលមានគុណភាពខ្ពស់ high-quality display ការច្នៃប្រឌិតនៅក្នុងទូរស័ព្ទដែលអាចបត់បាន ព្រមជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ា ដែលជាហេតុធ្វើឱ្យវាក្លាយជាម៉ាកទូរស័ព្ទប្រកួតប្រជែងដ៏កំពូលមួយនៅក្នុងទីផ្សារស្មាតហ្វូន។
Vivo គឺជាម៉ាកស្មាតហ្វូនដែលល្បីល្បាញទៅលើការរចនាដ៏ទាន់សម័យ មុខងារកាមេរ៉ាប្រកបដោយភាពច្នៃប្រឌិត និងដំណើរការខ្លាំង ជាពិសេសបច្ចេកវិទ្យា selfie និងការសាកថ្មលឿន ព្រមជាមួយនឹងតម្លៃប្រកួតប្រជែងល្អ ដែលធ្វើឱ្យ Vivo ពេញនិយមជាខ្លាំងនៅក្នុងទីផ្សារមធ្យម។
Xiaomi គឺជាម៉ាកស្មាតហ្វូនដែលល្បីល្បាញ ព្រោះតែមានសមត្ថភាពខ្ពស់ភ្ជាប់ជាមួយនឹងតម្លៃប្រកួតប្រជែងល្អ មានបំពាក់នូវ Hardware ដ៏មានអានុភាព ថាមពលថ្មប្រើបានយូរ ព្រមទាំងមានកម្មវិធី MIUI លក្ខខណ្ឌទាំងអស់នេះហើយ ដែលនាំឱ្យ Xiaomi អាចស្ថិតនៅក្នុងបញ្ជីជម្រើសរបស់អ្នកប្រើប្រាស់។
Realme គឺជាស្មាតហ្វូនដែលល្បីល្បាញថាមានតម្លៃសមរម្យ ប៉ុន្តែមានថាមពលខ្លាំង សាកថ្មបានលឿន អេក្រង់ច្បាស់ល្អ និងមានដំណើរការខ្លាំង ដែលជាហេតុនាំឱ្យវាពេញនិយមខ្លាំងនៅក្នុងទីផ្សារមធ្យម។
Huawei គឺជាម៉ាកស្មាតហ្វូនដែលល្បីខាងបច្ចេកវិទ្យាកាមេរ៉ាទំនើប ថាមពលថ្មប្រើប្រាស់បានយូរ ការដំណើរការប្រកបដោយថាមពលខ្លាំង។
Infinix គឺជាម៉ាកស្មាតហ្វូនដែលមានតម្លៃសមរម្យ ភ្ជាប់ជាមួយនឹងថាមពលថ្មខ្លាំង និងមានលក្ខណៈពិសេសច្រើន ដោយផ្តោតទៅលើអ្នកប្រើប្រាស់វ័យក្មេង និងផ្ដោតទៅលើទីផ្សារដែលកំពុងរីកចម្រើន។ យីហោនេះទទួលបានប្រជាប្រិយភាពនៅក្នុងតំបន់ដូចជាអាហ្វ្រិក អាស៊ីអាគ្នេយ៍ និងផ្នែកខ្លះនៃអាស៊ីខាងត្បូង។
Tecno គឺជាម៉ាកស្មាតហ្វូនដែលមានតម្លៃសមរម្យជាមួយនឹងដំណើរដ៏រឹងមាំ ថាមពលថ្មខ្លាំង និងមានមុខងារកាមេរ៉ាល្អ ដែលធ្វើឱ្យវាពេញនិយមនៅក្នុងទីផ្សារដែលកំពុងរីកចម្រើន ជាពិសេសនៅអាហ្វ្រិក និងអាស៊ីអាគ្នេយ៍។
Nokia គឺជាម៉ាកទូរស័ព្ទ ដែលប្រជាជនខ្មែរទូទៅស្គាល់យូរឆ្នាំណាស់មកហើយ តាមរយៈភាពរឹងមាំ និងគុណភាពតាន់ ប្រើប្រាស់បានយូរ។
ក្រៅពីទូរស័ព្ទដៃទាំង១០ម៉ាក ដែលបានលើកឡើងនៅខាងលើ ក៏នៅមានជាច្រើនប្រភេទផ្សេងទៀតដែរ ដែលមានលក់នៅលើទីផ្សារកម្ពុជាយើង។ តើលោកអ្នកចូលចិត្តម៉ាកណាជាងគេ?
អត្ថបទដោយ៖ សូ សុខលី (កូនផ្កាឈូក)