មានរាប់រយប្រភេទ! តែដ្រូន ៣នេះ គេនិយមប្រើច្រើនជាងគេបំផុតលើលោក
SOKLY - កូនផ្កាឈូក
SEPTEMBER 16 2025
អេឡិចត្រូនិក
5 views
3 mins read

សព្វថ្ងៃនេះដ្រូន (Drone) បានក្លាយជាឧបករណ៍បច្ចេកវិទ្យាមួយដែលពេញនិយមខ្លាំង ត្បិតវាមានសមត្ថភាពអាចជួយសម្រួលការងារបានច្រើនវិស័យ និងទូលំទូលាយខ្លាំង រាប់ចាប់ពីការថតវីដេអូ ប្រើប្រាស់ក្នុងសង្គ្រាម ក្នុងវិស័យកសិកម្ម និងដឹកជញ្ជូនជាដើម។

បើទោះបីជាមានរាប់រយប្រភេទ និងត្រូវបានផលិតចេញពីច្រើនក្រុមហ៊ុនទូទាំងពិភពលោក ប៉ុន្តែបើយោងតាមប្រភពពី MECHTEX បានឱ្យដឹងថា មានតែ ដ្រូន ៣ប្រភេទខាងក្រោមនេះប៉ុណ្ណោះ ដែលទទួលបានការពេញនិយមបំផុត៖

ទី១-Multi-Rotor Drones ជាដ្រូនដែលយើងឃើញញឹកបំផុត ដោយសារតែតម្លៃសមរម្យ និងងាយស្រួលបញ្ជា។ វាមានស្លាបហោះជាច្រើន (ជាទូទៅ ៤ ឬ ៦) ដែលអាចហោះឡើង និងចុះចត ក្នុងកន្លែងតូចចង្អៀតបាន។ ដ្រូនប្រភេទនេះគឺជាជម្រើសទី១សម្រាប់អ្នកចូលចិត្តថតរូប ឬវីដេអូ ទេសភាពពីលើអាកាស អ្នកនៅក្នុងវិស័យភាពយន្ត ឬ Content Creator ជាដើម។

ទី២-Fixed-Wing Dronesជាដ្រូនដែលមានរូបរាងដូចជាកូនយន្តហោះមួយ ស្លាបធំៗរបស់ដ្រូនមួយប្រភេទនេះ បានធ្វើឱ្យវាមានសមត្ថភាពហោះហើរ បានលឿន រយៈពេលយូរ និងឆ្ងាយជាងប្រភេទ Multi-Rotor ប៉ុន្តែវាក៏ត្រូវការទីតាំងរៀងទូលាយបន្តិចដើម្បីហោះឡើងនិងចុះចតផងដែរ។​ ដ្រូនមួយប្រភេទនេះ គេនិយមប្រើប្រាស់សម្រាប់ ការតាមដានព្រៃឈើ បម្រែបម្រួលអាកាសធាតុ ពិនិត្យតាមដានសុខភាពដំណាំលើផ្ទៃដីធំ ឬប្រើក្នុងវិស័យយោធាសម្រាប់ការស៊ើបអង្កេតពីចម្ងាយជាដើម។

ទី៣-Single-Rotor Dronesជាដ្រូនដែលមានប្រព័ន្ធដូចទៅនឹង ឧទ្ធម្ភាគចក្រ (Helicopter)។ ព្រោះតែសមត្ថភាពក្នុងការផ្ទុកទំនិញទម្ងន់បានធ្ងន់ ដ្រូនប្រភេទនេះត្រូវបានគេនិយមប្រើប្រាស់សម្រាប់ការដឹកជញ្ជូនទំនិញតូចៗ ឬ ប្រើប្រាស់ក្នុងវិស័យកសិកម្ម សម្រាប់បាញ់ថ្នាំ ឬជី​លើដំណាំជាដើម។

គួរជម្រាបផងដែរថា បើយោងតាមគេហទំព័រ SPHERICAL Insights បានឱ្យដឹងថា  កំពូលក្រុមហ៊ុនដែលជាប់ចំណាត់ថ្នាក់កំពូល លេខ១ លើពិភពលោក លើការផលិត លក់ ផ្ដល់សេវាកម្ម និងចែកចាយ ដ្រូន គឺ SZ DJI Technology Co., Ltd. (DJI) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយរបស់ចិន។

ក្រុមហ៊ុន DJI ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៦ ដែលមានលោក Frank Wang (Wang Tao) ជាស្ថាបនិក និងជានាយកប្រតិបត្តិផ្ទាល់។ ក្រុមហ៊ុនដែលបង្កើតឡើង និងដឹកនាំដោយ វិស្វករអវកាសចិនរូបនេះ បានធ្វើការផលិតនិងចែកចាយដ្រូនរហូតនាំមុខគេលើពិភពលោក។ ពីទុនសរុបប្រមាណ ១០៥លានដុល្លារ ពេលនេះ DJI ត្រូវបានប៉ាន់ស្មានថាមានតម្លៃសរុបដល់ទៅ ១៥ពាន់លានដុល្លារ។ នៅឆ្នាំ២០២៤ ប្រាក់ចំណូលពីការលក់ Drones របស់ DJI ត្រូវបានគេប៉ាន់ស្មានថា មានប្រមាណ ៥០ពាន់លានយន់ (ជាង ៧០២ លានដុល្លារ)។

ក្នុងខែកញ្ញា ឆ្នាំ២០២៥ នេះ DJI ក៏បានបញ្ចេញនូវ ម៉ូដែលដ្រូនថ្មីស្រឡាងមួយ មានឈ្មោះថា “Mini 5 Pro” ដែលជាប្រភេទ Multi-RotorDJI គ្រាន់តែបង្ហើបឱ្យដឹងមុនតិចៗសិនថា នឹងនាំមកនូវ Pro in Mini ដែលមានន័យថា កម្រិតស្ដង់ដារបច្ចេកវិទ្យាខ្ពស់ នៅក្នុងរូបរាងដ៏តូចច្រឡឹង។ បើចង់ដឹងថា Mini 5 Pro មានលក្ខណៈពិសេសបែបណាទៀត យើងចាំមើលការបើកបង្ហាញជាផ្លូវការនៅលើ ផេកផ្លូវការរបស់ DJI ដែលគេនឹងបើកបង្ហាញ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia