ក្នុងករណីដែលអត្តសញ្ញាណប័ណ្ណរបស់លោកអ្នកមានបញ្ហា របក បាក់ ឬក៏ខូច អាចដាក់ពាក្យស្នើសុំបោះពុម្ពប្ដូរថ្មីបាន ដោយពុំមានគិតកម្រៃសេវានោះទេ។ នេះបើយោងតាមការលើកឡើង របស់ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
ខាងក្រោមនេះជាព័ត៌មានសំខាន់ៗមួយចំនួនដែលលោកអ្នកគួរដឹងបន្ថែម៖
១. ករណីសុំផ្ដល់ថ្មី
-សេចក្ដីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ដែលចេញដោយមន្ត្រីអត្រានុកូលដ្ឋាន ឃុំ សង្កាត់ ឬ ចេញដោយសាលាក្រុង ស្រុក ខណ្ឌ ដែលបានចុះបញ្ជី ឬចេញដោយនាយកដ្ឋានអត្រានុកូលដ្ឋាន
-សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ (ច្បាប់ដើម ឬច្បាប់ចម្លងមានបញ្ជាក់ត្រឹមត្រូវតាមច្បាប់ដើម)
២. ករណីផុត ឬជិតផុតសុពលភាព
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលផុតសុពលភាព ឬមុនផុតសុពលភាពយ៉ាងច្រើន៩០ថ្ងៃ
-ឯកសារសំអាងផ្សេងៗ ករណីមានការកែតម្រូវទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឧទាហរណ៍ដូចជាអាសយដ្ឋាន ជាដើមដែលត្រូវភ្ជាប់ជាមួយសៀវភៅស្នាក់នៅ។
៣. ករណីបាត់៖ ត្រូវស្នើសុំទុតិយតា និងមានឯកសារដូចជា ពាក្យបណ្តឹងបាត់ និងពាក្យស្នើសុំទុតិយតា ពីប៉ុស្តិ៍នគរបាលរដ្ឋបាល
៤. ករណីខូច៖ ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលខូច
៥. ករណីកែតម្រូវ
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលខុសទិន្នន័យ
-សេចក្តីចម្លងសំបុត្រកំណើត ឬ សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត
-សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ និងឯកសារថតចម្លងដែលមានបញ្ជាក់ត្រឹមត្រូវតាមច្បាប់ដើម
-ករណីខ្លះទាមទារឯកសារគល់បញ្ជីអត្រានុកូលដ្ឋាន
-សេចក្តីសម្រេចកែតម្រូវ ចេញដោយមន្ត្រីអត្រានុកូលដ្ឋានថ្នាក់ជាតិ ឬសេចក្តីសម្រេចរបស់តុលាការ ដែលមានការទទួលស្គាល់ឱ្យកែតម្រូវពីនាយកដ្ឋានអត្រានុកូលដ្ឋាន។ល។
· ទីតាំង
ទី១. នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានាភ្នំពេញ)
ទី២. ទីស្នាក់ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រចាំនៅផ្សារទំនើបអ៊ីអនម៉ល២ សែនសុខ
ទី៣. ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់
ទី៤. អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ
ទី៥. ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត
សម្រាប់ព័ត៌មានបន្ថែម សូមទាញ កម្មវិធី GDI eServices ឬ ទាក់ទងលេខ ១២៧១ / ០១៧ ៨៩៨៩១៥ រៀងរាល់ម៉ោងធ្វើការ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន។
អត្ថបទដោយ៖ សូ សុខលី (កូនផ្កាឈូក)