កាលប៉ុន្មានថ្ងៃកន្លងទៅនេះ លោក Elon musk បានចេញមុខនិយាយជំនួស Tesla ថា៖ Tesla Semi កំពុងចាប់ផ្តើមផលិតហើយនឹងត្រូវបានដាក់លក់នៅថ្ងៃទី១ ខែធ្នូ ព្រមទាំងអះអាងរថយន្តនេះនឹងប្រគល់ទៅឲ្យ ក្រុមហ៊ុន Pepsi មុនគេ ។ ប៉ុន្តែអ្វីដែលហួសចិត្តនោះគឺថា ថ្មីៗនេះ គេបានរកឃើញ Video អំពីTesla Semi បានខូចនៅតាមផ្លូវ Highway មួយកន្លែងនៅរដ្ឋកាលីហ្វ័រញ៉ា ស្របពេលដែលកំពុងធ្វើតេស្តសាកល្បង។
យោងតាមការបង្ហោះរបស់គេហទំព័រ CARSCOOPS បានឲ្យដឹងថា វិដេអូដែលបានថតដោយអ្នកដឹកជញ្ជូនមួយក្រុម អំពីរថយន្ត អគ្គិសនីខ្នាតធំ Tesla Semi បានគាំងខូចនៅក្បែរផ្លូវ Highway ស្ថិតនៅ Fremont រដ្ឋកាលីហ្វ័រញ៉ា ស្របពេលដែលកំពុងតែធ្វើតេស្តសាកល្បង។
ហេតុការណ៍មួយនេះដែរ គេបានសង្ស័យថា រថយន្តនេះអាចជាអស់ថាមពលថ្ម ឬក៏មានបញ្ហាគាំងលើផ្នែកមេកានិកណាមួយ។ បើតាមសង្កេតមើលឲ្យច្បាស់ យើងបានឃើញថាមានរថយន្តជួសជុល Tesla service van និងរថយន្តសណ្ដោង និងកុងតាន័តធំមួយទៀត បានចុះមកត្រួតពិនិត្យនិងដោះស្រាយបញ្ហាដែលកើតមានលើ Tesla semi ។
នេះគឺជាសុបិនអាក្រក់មួយដែលធ្វើឲ្យការរងចាំរបស់ក្រុមហ៊ុន Pepsi មិនដឹងជាត្រូវបន្តការរងចាំដល់ពេលណាទៀតទេ ហើយ ខាងក្រុមហ៊ុន Tesla មិនមានការចេញមកបកស្រាយពីបញ្ហាកើតឡើងរបស់ Tesla Semi នៅឡើយទេ។
គួរជំរាបផងដែរថា វិដេអូនេះដែរបានបង្ហោះក្នុងបណ្តាញសង្គម YouTube មុនពេល លោក Elon musk បានប្រកាស ១ថ្ងៃ ពោលគឺវិដេអូនេះបានបង្ហោះនៅថ្ងៃទី០៥ ខែតុលា រីឯលោក Elon musk បានចេញសេចក្តីប្រកាស ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ៕
អត្ថបទដោយ៖ ព្រឹម ភក្តី