Tech Startup ស្ដាប់ទៅឡូយខ្លាំង សម្រាប់យុវជនស្រករក្រោយ ជំនាន់ Z ឬ ជំនាន់អាល់ហ្វា ស្របពេលបរិបទបច្ចុប្បន្ននៃការវិវត្តន៍នៃបច្ចេកវិទ្យាផងនោះ ខ្លះរៀនត្រឹមថ្នាក់វិទ្យាល័យផងក៏មានមហិច្ឆិតាចង់សាកភ្លក្សរសជាតិបង្កើត បើក Tech Startup សាកល្បងនឹងគេ។
យ៉ាងណាសម្រាប់សហគ្រិនបច្ចេកវិទ្យាកំពុងលេចធ្លោមួយរូប លោក ឡី កំថូងបានចែករំលែកពីបទពិសោធន៍នៅក្នុងកម្មវិធី Startup Grind Phnom Penh ប្រព្រឹត្តិទៅនៅថ្ងៃ២៥ ខែកុម្ភៈកន្លងទៅនេះ បានឱ្យដឹងថា លោក “មិនណែរនាំ” ឱ្យសិស្សនិស្សិតកំពុងជាប់រៀនចេញរកស៊ី ឬបើក Startup ឆៅៗនោះទេ។
ពាក្យមួយម៉ាត់ខ្លីខ្លឹម តែលោកបានបកស្រាយលម្អិតបន្ថែម ឆ្លើយតបទៅនឹងសំណួរអ្នកសម្របសម្រួលកម្មវិធីបានចោតសួរ ដោយលោកចង់ឱ្យសិស្សនិស្សិត ស្វែងយល់ពីបទពិសោធន៍ការងារមួយចំនួន។
ដោយបង្ហាញពីគម្រូរបស់ខ្លួន លោក កំថូង បានឱ្យជាគំនិតខ្លះថា ក្នុងអំឡុងពេលធ្វើការ យើងអាចចាប់ផ្ដើមរៀបគម្រោងទៅបណ្ដើរ លុះរួចរាល់ក្នុងការចេញហើយនោះ យើងអាចមានភាពច្បាស់លាស់ ជាងមិនមានគម្រោងសោះ។
មិនមែនជាការបំបាក់ស្មារតីទេ ប៉ុន្តែនិយាយបែបប្រាកដនិយម លោកបានបង្ហាញពីចំណុច ៣ សំខាន់ត្រូវសួរខ្លួនឯងមុននឹងចាប់ផ្ដើមចេញធ្វើ Startup ដោយផ្ដើមពី ទីមួយ ទៅលើការឆ្លុះបញ្ចាំងពីបន្ទុកហិរញ្ញវត្ថុរបស់ខ្លួនថា ថាតើមានបន្ទុក ឬត្រូវបង់ធានាគារយ៉ាងណា ទីពីរទៅលើថាតើយើងត្រូវការថវិការសម្រាប់ផ្គត់ផ្គង់ថវិការដែរឬទេ ហើយចុងក្រោយនោះ យើងត្រូវដឹងថាតើមានកញ្ចប់ថវិការសម្រាប់ផ្គត់ផ្គង់ជីវភាពផ្ទាល់ខ្លួនក្នុងអំឡុងពេល Startup របស់យើងមិនទាន់អាចរកចំណូលបាន ឬ មិនទាន់អាចទូរទាត់ចំណាយផ្សេងៗបាននោះ។
ជាចុងក្រោយលោកបានធ្វើការលើកទឹកចិត្តថា ប្រសិនបើយើងមានជំនាញ ហិរញ្ញវត្ថុអាចទ្រទ្រង់បាន ជាមួយនឹងបណ្ដាញទំនាក់ទំនងអាចយកជាការបាន ឱកាសនៃក្នុងការឈានជើងទៅធ្វើ Startup ឬផ្ដើមអាជីវកម្មមានភាពល្អប្រសើរ។
គូសបញ្ជាក់ផងដែរថា លោក ឡី កំថូង កាលពីថ្ងៃអាទិត្យ ទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅនេះ លោកបានធ្វើការចែករំលែក នៅក្នុងកម្មវិធីលំដាប់ពិភពលោក Startup Grind Cambodia ជាមួយនឹងប្រធានបទ “ចាប់ផ្ដើមធុរកិច្ចថ្មី និង ស្វ័យប្រវត្តិកម្មកន្លែងធ្វើការ។
Startup Grind នឹងមានការចែករំលែកប្រធានបទជាច្រើនក្នុងរង្វង់វិស័យ ធុរកិច្ចថ្មី ឬ Startup នេះជារៀងរាល់ខែ ហេតុនេះដើម្បីកុំឱ្យខកខានមិនបានចូលកម្មវិធីដ៏ល្អនេះ កុំភ្លេចតាមដានទំព័រផ្លូវការរបស់ Startup Grind Cambodia តាមរយៈលីងតំណរនេះ៖ https://www.facebook.com/StartupGrindKH