ជណ្ដើរយន្តក្នុងផ្ទះដែលមានសុវត្ថិភាព ត្រូវមានមុខងារសុវត្ថិភាពសមស្រប អនុវត្តតាមស្តង់ដារដែលត្រូវនឹងម៉ូដែល ដំឡើងបានត្រឹមត្រូវ និងមានផែនការច្បាស់លាស់សម្រាប់ករណីបន្ទាន់ និងការថែទាំ។
ការដំឡើងជណ្ដើរយន្តក្នុងផ្ទះអាចជួយឱ្យការរស់នៅប្រចាំថ្ងៃកាន់តែងាយស្រួល ជាពិសេសសម្រាប់ផ្ទះដែលមានច្រើនជាន់។ ប៉ុន្តែមុននឹងជ្រើសរើសជណ្ដើរយន្ត ម្ចាស់ផ្ទះភាគច្រើនតែងមានសំណួរសំខាន់មួយថា៖ តើខ្ញុំអាចដឹងបានយ៉ាងដូចម្តេចថា ជណ្ដើរយន្តនេះមានសុវត្ថិភាពសម្រាប់គ្រួសាររបស់ខ្ញុំ?
ជណ្ដើរយន្តក្នុងផ្ទះដែលមានសុវត្ថិភាព ត្រូវមានមុខងារសុវត្ថិភាពសមស្រប អនុវត្តតាមស្តង់ដារដែលត្រូវនឹងម៉ូដែលនោះ ដំឡើងបានត្រឹមត្រូវ និងមានផែនការច្បាស់លាស់សម្រាប់ករណីបន្ទាន់ និងការថែទាំ។
សម្រាប់ម្ចាស់ផ្ទះនៅកម្ពុជា ចំណុចទាំងនេះសុទ្ធតែសំខាន់ មិនថាអ្នកមានគម្រោងដំឡើងជណ្ដើរយន្តនៅក្នុងវីឡាថ្មី ផ្ទះល្វែង ឬផ្ទះដែលសាងសង់រួចនោះទេ។
តើអ្វីខ្លះដែលធ្វើឱ្យជណ្ដើរយន្តក្នុងផ្ទះមានសុវត្ថិភាព?
សុវត្ថិភាពរបស់ជណ្ដើរយន្តក្នុងផ្ទះ មិនអាចវាយតម្លៃត្រឹមតែការឡើងចុះរលូនរវាងជាន់បានទេ។ វាអាស្រ័យលើការរចនា ការដំឡើង ការធ្វើតេស្ត និងការថែទាំប្រព័ន្ធទាំងមូល។
ជណ្ដើរយន្តសម្រាប់លំនៅឋានដែលរចនាបានល្អ គួរជួយបង្ការហានិភ័យទូទៅ ដូចជា ការផ្លាស់ទីដោយមិនបានប្រើប្រាស់ ការបើកទ្វារនៅពេលណាដែលមិនមានសុវត្ថិភាព ការផ្ទុកលើសទម្ងន់កំណត់ និងការជាប់អ្នកដំណើរនៅខាងក្នុងពេលដាច់ភ្លើងជាដើម។
ខាងក្រោមនេះជាមុខងារសុវត្ថិភាពសំខាន់ៗមួយចំនួនដែលអ្នកគួរពិនិត្យ៖
• ប្រព័ន្ធសោទ្វារសុវត្ថិភាព៖ ទប់ស្កាត់មិនឱ្យជណ្ដើរយន្តដំណើរការ នៅពេលទ្វារតាមជាន់មិនទាន់បិទ និងចាក់សោបានត្រឹមត្រូវ។
• ប៊ូតុងបញ្ឈប់បន្ទាន់៖ អនុញ្ញាតឱ្យអ្នកប្រើប្រាស់បញ្ឈប់ជណ្ដើរយន្តនៅពេលមានអាសន្ន។
• ប្រព័ន្ធចុះជណ្តើរយន្តពេលមានអាសន្ន៖ សម្រាប់ម៉ូដែលដែលបំពាក់មុខងារនេះ ប្រព័ន្ធអាចនាំអ្នកដំណើរទៅដល់ចំណតជាន់ដែលជិតជាងគេនៅពេលមានករណីដាច់ភ្លើង។
• ប្រព័ន្ធចាប់សញ្ញាឧបសគ្គ៖ ជួយរកឃើញវត្ថុរាំងស្ទះ ហើយបញ្ឈប់ ឬទប់ស្កាត់ចលនាដែលអាចបង្កគ្រោះថ្នាក់។
• សញ្ញារោទិ៍ ឬប្រព័ន្ធទំនាក់ទំនងបន្ទាន់៖ អនុញ្ញាតឱ្យអ្នកដំណើរហៅរកជំនួយនៅពេលចាំបាច់បាន។
• ប្រព័ន្ធការពារការផ្ទុកលើសទម្ងន់៖ សម្រាប់ម៉ូដែលដែលមានមុខងារនេះ ប្រព័ន្ធនឹងមិនអនុញ្ញាតឱ្យជណ្ដើរយន្តដំណើរការ នៅពេលទម្ងន់ផ្ទុកលើសកម្រិតកំណត់។
ជណ្ដើរយន្តក្នុងផ្ទះមិនមែនគ្រប់ប្រភេទសុទ្ធតែប្រើប្រព័ន្ធសុវត្ថិភាពដូចគ្នាទេ។ មុខងារមួយចំនួនអាស្រ័យលើម៉ូដែល បច្ចេកវិទ្យាប្រព័ន្ធបញ្ជូនចលនា និងស្តង់ដារដែលអនុវត្តចំពោះជណ្ដើរយន្តនោះ។ មុនសម្រេចចិត្ត សូមឱ្យអ្នកផ្គត់ផ្គង់ពន្យល់ថា ម៉ូដែលដែលអ្នកគ្រោងដំឡើងមានមុខងារសុវត្ថិភាពអ្វីខ្លះ។
តើជណ្ដើរយន្តក្នុងផ្ទះនឹងទៅជាយ៉ាងណាពេលដាច់ភ្លើង?
នៅពេលដាច់ភ្លើងជារឿងសំខាន់មួយសម្រាប់ម្ចាស់ផ្ទះដែលកំពុងពិចារណាក្នុងការដំឡើងជណ្ដើរយន្ត។ អ្វីដែលកើតឡើងនៅពេលនោះ អាស្រ័យលើការរចនា និងឧបករណ៍សង្គ្រោះបន្ទាន់ដែលជណ្ដើរយន្តបានបំពាក់។
ជណ្ដើរយន្តក្នុងផ្ទះមួយចំនួនមានប្រព័ន្ធចុះនៅពេលមានអាសន្នដែលប្រើថាមពលអាគុយបម្រុង។ ប្រព័ន្ធនេះអនុញ្ញាតឱ្យជណ្ដើរយន្តផ្លាស់ទីទៅកាន់ចំណតជាន់ដែលបានកំណត់ នៅពេលដាច់ភ្លើង។ ចំណែកប្រព័ន្ធផ្សេងទៀត អាចមាននីតិវិធីសង្គ្រោះខុសពីនេះ។
ម្ចាស់ផ្ទះគួរសួរសំណួរងាយៗចំនួនបី៖
1. តើនឹងមានអ្វីកើតឡើងនៅពេលដាច់ភ្លើង?
2. តើអ្នកដំណើរអាចចេញពីជណ្ដើរយន្តដោយសុវត្ថិភាពបានយ៉ាងដូចម្តេច?
3. តើគួរទាក់ទងទៅអ្នកណា ប្រសិនបើជណ្ដើរយន្តមិនអាចត្រឡប់ទៅដល់ចំណតជាន់បាន?
អ្នកផ្គត់ផ្គង់គួរបង្ហាញពីរបៀបប្រើប្រាស់ប្រព័ន្ធសង្គ្រោះបន្ទាន់នៅពេលប្រគល់ជណ្ដើរយន្ត។ អ្នកដំណើរមិនត្រូវព្យាយាមបង្ខំបើកទ្វារដែលជាប់សោ ឬរំលងប្រព័ន្ធសុវត្ថិភាពរបស់ជណ្ដើរយន្តឡើយ។

ជណ្ដើរយន្តក្នុងផ្ទះ Cibes ដែលដំឡើងនៅខាងក្រៅអគារដែលមកជាមួយគ្រោងកញ្ចក់ជុំវិញដើម្បីផ្តល់ភាពងាយស្រួល និងសុវត្ថិភាពក្នុងការធ្វើដំណើររវាងជាន់។
តើស្តង់ដារសុវត្ថិភាពណាខ្លះអនុវត្តចំពោះជណ្ដើរយន្តក្នុងផ្ទះ?
ស្តង់ដារសុវត្ថិភាពជួយកំណត់របៀបរចនា ធ្វើតេស្ត និងដំណើរការជណ្ដើរយន្ត។ ទោះជាយ៉ាងណា ជណ្ដើរយន្តប្រភេទផ្សេងគ្នាអាចស្ថិតក្រោមស្តង់ដារខុសគ្នា។
ឧទាហរណ៍ EN 81-41 ជាស្តង់ដារសុវត្ថិភាពអឺរ៉ុបសម្រាប់ជណ្ដើរយន្តប្រភេទផ្លេតហ្វូមដែលផ្លាស់ទីឡើងបាន និងអាច សម្រួលដល់អ្នកដែលមានការលំបាកក្នុងការធ្វើចលនា។ ស្តង់ដារនេះកំណត់តម្រូវការជាក់លាក់ផ្នែករចនា និងសុវត្ថិភាពសម្រាប់ឧបករណ៍ប្រភេទនេះ។
ចំណែក EN 81-20 និង EN 81-50 គ្របដណ្តប់លើតម្រូវការសុវត្ថិភាព វិធាននៃការរចនា ការគណនា និងការធ្វើតេស្ត សម្រាប់ជណ្ដើរយន្តដឹកអ្នកដំណើរ និងជណ្ដើរយន្តដឹកទំនិញរួមជាមួយអ្នកដំណើរ។
ស្តង់ដារទាំងនេះមិនអាចប្រើជំនួសគ្នាបានទេ។ ជណ្ដើរយន្តប្រភេទផ្លេតហ្វូមសម្រាប់លំនៅឋាន និងជណ្ដើរយន្តដឹកអ្នកដំណើរទូទៅ អាចមានតម្រូវការបច្ចេកទេសខុសគ្នា។

ជណ្ដើរយន្តក្នុងផ្ទះ Cibes ស្ថិតក្រោមវិញ្ញាបនបត្រពិនិត្យប្រភេទ EC (EC-Type Examination Certificate) ដែលយោងតាម EN 81-41 ជាស្តង់ដារសុវត្ថិភាពអឺរ៉ុបសម្រាប់ជណ្ដើរយន្តប្រភេទផ្លេតហ្វូម។ វិញ្ញាបនបត្រនេះជាភស្តុតាងគាំទ្រការអនុលោមតាមតម្រូវការសុវត្ថិភាព និងការរចនាដែលអនុវត្តចំពោះម៉ូដែលដែលបានបញ្ជាក់ក្នុងវិញ្ញាបនបត្រ។
តើម្ចាស់ផ្ទះគួរពិនិត្យអ្វីខ្លះនៅលើវិញ្ញាបនបត្រសុវត្ថិភាព?
សូមស្នើសុំឯកសារពីអ្នកផ្គត់ផ្គង់ដែលបញ្ជាក់ពីម៉ូដែលជណ្ដើរយន្តជាក់លាក់ និងស្តង់ដារដែលបានប្រើសម្រាប់វាយតម្លៃ។ ពិនិត្យថា វិញ្ញាបនបត្រ ឬរបាយការណ៍ធ្វើតេស្តត្រូវនឹងផលិតផលដែលកំពុងផ្តល់ជូនអ្នកឬអត់។ អ្នកក៏គួរសួរថា មុខងារសុវត្ថិភាពណាខ្លះត្រូវបានធ្វើតេស្ត ហើយការដំឡើងម៉ូដែលនោះត្រូវបានអនុម័តដែរឬទេ។
នៅកម្ពុជា ម្ចាស់ផ្ទះក៏គួរពិនិត្យតម្រូវការមូលដ្ឋានដែលពាក់ព័ន្ធនឹងការសាងសង់ ការដំឡើង និងការត្រួតពិនិត្យ មុនចាប់ផ្តើមការងារ។ វិញ្ញាបនបត្រជាភស្តុតាងដ៏មានប្រយោជន៍ ប៉ុន្តែវាមិនអាចជំនួសការដំឡើងត្រឹមត្រូវ ឬការថែទាំជាប្រចាំបានទេ។
តើជណ្ដើរយន្តក្នុងផ្ទះប្រើប្រព័ន្ធវីសស្ពឺមានសុវត្ថិភាពដែរឬទេ?
ជណ្ដើរយន្តក្នុងផ្ទះប្រើប្រព័ន្ធវីសស្ពឺអាចផ្តល់ការធ្វើដំណើររវាងជាន់ប្រកបដោយសុវត្ថិភាព និងភាពទុកចិត្តបាន នៅពេលដែលវាត្រូវបានរចនា ដំឡើង និងថែទាំបានត្រឹមត្រូវតាមតម្រូវការរបស់ក្រុមហ៊ុនផលិត។
បច្ចេកវិទ្យានេះប្រើម៉ូទ័រ វីសស្ពឺ និងគ្រាប់ណាត់ (Nut) បញ្ជូនចលនា ដើម្បីឱ្យជណ្ដើរយន្តឡើងចុះរវាងជាន់បាន។ ការរចនាដែលមានទំហំតូចល្មម អនុញ្ញាតឱ្យម៉ូដែលមួយចំនួនដំឡើងបានដោយមិនត្រូវការរណ្តៅជ្រៅ ឬបន្ទប់ម៉ាស៊ីនដាច់ដោយឡែក។ ដូច្នេះ វាអាចសមស្របសម្រាប់លំនៅឋានជាច្រើនប្រភេទ។
ទោះជាយ៉ាងណា សុវត្ថិភាពជណ្ដើរយន្តមិនអាស្រ័យតែលើប្រព័ន្ធបញ្ជូនចលនាប៉ុណ្ណោះទេ។ កត្តាសំខាន់ៗផ្សេងទៀតរួមមាន ប្រព័ន្ធសោទ្វារសុវត្ថិភាព មុខងារសង្គ្រោះបន្ទាន់ ប្រព័ន្ធការពារអគ្គិសនី ការដំឡើងត្រឹមត្រូវ និងការថែទាំជាប្រចាំ។
មុនជ្រើសរើសជណ្ដើរយន្តក្នុងផ្ទះប្រើប្រព័ន្ធវីសស្ពឺ ម្ចាស់ផ្ទះគួរពិនិត្យវិញ្ញាបនបត្រសុវត្ថិភាពរបស់ម៉ូដែលជាក់លាក់នោះ និងប្រាកដថាវាសមស្របនឹងតម្រូវការរបស់ផ្ទះខ្លួន។

ជណ្ដើរយន្តក្នុងផ្ទះ Cibes ប្រើប្រព័ន្ធវីសស្ពឺ ដែលដំឡើងនៅក្នុងផ្ទះលំនៅឋាន ផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររវាងជាន់ ជាមួយការរចនាស្អាត ស៊ុមកញ្ចក់ជុំវិញ និងមុខងារសុវត្ថិភាព។
តើគួរជ្រើសរើសជណ្ដើរយន្តក្នុងផ្ទះបែបណា ដើម្បីឱ្យមានសុវត្ថិភាពសម្រាប់សមាជិកគ្រួសារដែលមានវ័យចាស់?
នៅពេលជ្រើសរើសជណ្ដើរយន្តសម្រាប់សមាជិកគ្រួសារដែលមានវ័យចាស់ ភាពងាយស្រួលក្នុងការប្រើប្រាស់មានសារៈសំខាន់ដូចគ្នានឹងសុវត្ថិភាពផ្នែកមេកានិក។ ជណ្ដើរយន្តមួយអាចមានមុខងារសុវត្ថិភាពជាច្រើន ប៉ុន្តែអ្នកដែលមានការលំបាកក្នុងការធ្វើចលនាអាចនៅតែពិបាកក្នុងការប្រើប្រាស់វាបានស្រួល។
ចាប់ផ្តើមពីការពិនិត្យច្រកចូល។ តើវាធំទូលាយគ្រប់គ្រាន់ដែរឬទេ? តើអ្នកប្រើប្រាស់អាចចូលបានដោយមិនចាំបាច់ឈានជើងរំលងទ្វារខ្ពស់ឬទេ? តើប៊ូតុងបញ្ជាស្ថិតនៅកន្លែងដែលងាយលូកដៃដល់ឬទេ?
ផ្លេតហ្វូម ឬកាប៊ីនជណ្ដើរយន្តក៏ត្រូវមានទំហំគ្រប់គ្រាន់សម្រាប់អ្នកដែលនឹងប្រើប្រាស់ផងដែរ។ ប្រសិនបើសមាជិកគ្រួសារប្រើរទេះរុញ សូមពិនិត្យទទឹងច្រកចូលជាក់ស្តែង ទំហំផ្ទៃដែលអាចប្រើប្រាស់បាន របៀបបើកបិទទ្វារ និងទម្ងន់ផ្ទុកកំណត់។ ប្រសិនបើត្រូវមានអ្នកអមដំណើរ ជណ្ដើរយន្តត្រូវមានទំហំ និងសមត្ថភាពផ្ទុកគ្រប់គ្រាន់សម្រាប់ទាំងពីរនាក់។
ពន្លឺសមរម្យ ស្លាកសញ្ញាបញ្ជារច្បាស់ៗ និងប្រព័ន្ធទំនាក់ទំនងបន្ទាន់ដែលងាយស្រួលក្នុងការប្រើ ក៏អាចជួយឱ្យការប្រើប្រាស់ប្រចាំថ្ងៃកាន់តែមានផាសុកភាព។ ការសាកល្បងតេស្តជណ្ដើរយន្តដោយផ្ទាល់មុនជ្រើសរើសម៉ូដែល ពិតជាមានប្រយោជន៍ ជាពិសេសនៅពេលដែលវានឹងត្រូវប្រើដោយអ្នកដែលមានការលំបាកក្នុងការធ្វើចលនា។
ហេតុអ្វីការថែទាំជាប្រចាំមានសារៈសំខាន់ចំពោះសុវត្ថិភាពជណ្ដើរយន្តក្នុងផ្ទះ?
ទោះជាជណ្ដើរយន្តក្នុងផ្ទះត្រូវបានរចនាបានល្អក៏ដោយ វានៅតែត្រូវការការថែទាំជាប្រចាំ។ យូរៗទៅ គ្រឿងបន្លាស់មេកានិក យន្តការទ្វារ តំណភ្ជាប់អគ្គិសនី និងឧបករណ៍សុវត្ថិភាព អាចត្រូវការការត្រួតពិនិត្យ ការកែតម្រូវ ឬការផ្លាស់ប្តូរ។
ការថែទាំជួយរកឃើញបញ្ហា មុនពេលវាប៉ះពាល់ដល់ដំណើរការធម្មតា។ សម្រាប់ជណ្ដើរយន្តប្រើប្រព័ន្ធវីសស្ពឺ ការថែទាំអាចរួមមាន ការពិនិត្យប្រព័ន្ធដើមវីសស្ពឺ និងណាត់ ការបញ្ចូលប្រេងរំអិលនៅកន្លែងដែលត្រូវការ ការពិនិត្យសោទ្វារ ប្រព័ន្ធបញ្ជាអគ្គិសនី និងមុខងារសង្គ្រោះបន្ទាន់។
កាលវិភាគថែទាំគួរអនុវត្តតាមការណែនាំរបស់ក្រុមហ៊ុនផលិត និងតម្រូវការមូលដ្ឋានដែលពាក់ព័ន្ធ។ ម្ចាស់ផ្ទះក៏គួររក្សាកំណត់ត្រាថែទាំ ដែលបង្ហាញពីកាលបរិច្ឆេទត្រួតពិនិត្យ និងការងារដែលបានអនុវត្ត។
ប្រសិនបើជណ្ដើរយន្តចាប់ផ្តើមមានសំឡេងខុសធម្មតា ឈប់មិនស្មើនឹងជាន់ ឬមានបញ្ហាកើតឡើងដដែលៗ គួរឱ្យអ្នកបច្ចេកទេសដែលមានជំនាញមកពិនិត្យ មិនគួរបន្តប្រើរហូតដល់បញ្ហាកាន់តែធ្ងន់ធ្ងរទេ។

Cibes Lift មានក្រុមសេវាកម្មបច្ចេកទេសផ្ទាល់ សម្រាប់គាំទ្រការដំឡើងប្រកបដោយវិជ្ជាជីវៈ ការថែទាំជាប្រចាំ និងការត្រួតពិនិត្យសុវត្ថិភាព។ អ្នកបច្ចេកទេសរបស់យើងជួយថែរក្សាជណ្ដើរយន្តក្នុងផ្ទះឱ្យដំណើរការដោយសុវត្ថិភាព និងអាចទុកចិត្តបានក្នុងរយៈពេលវែង។
តើម្ចាស់ផ្ទះនៅកម្ពុជាគួរសួរអ្វីខ្លះ មុនទិញជណ្ដើរយន្តក្នុងផ្ទះ?
ការជ្រើសរើសជណ្ដើរយន្តក្នុងផ្ទះដែលមានសុវត្ថិភាព ត្រូវពិចារណាលើសពីតម្លៃ ឬរូបរាងខាងក្រៅ។ វាគួរសមនឹងផ្ទះ ឆ្លើយតបនឹងតម្រូវការរបស់អ្នកប្រើប្រាស់ មានឯកសារបច្ចេកទេសច្បាស់លាស់ ការដំឡើងដោយអ្នកជំនាញ និងសេវាថែទាំដែលអាចទុកចិត្តបាន។
មុនចុះហត្ថលេខាលើកិច្ចសន្យា សូមសួរអ្នកផ្គត់ផ្គង់អំពីម៉ូដែលជាក់លាក់ សមត្ថភាពផ្ទុក ស្តង់ដារសុវត្ថិភាព មុខងារសង្គ្រោះបន្ទាន់ និងតម្រូវការសម្រាប់ការដំឡើង។ សូមបញ្ជាក់ឱ្យច្បាស់ថា អ្នកណាជាអ្នកដំឡើង តើមានអ្នកបច្ចេកទេសក្នុងស្រុកដែលអាចផ្តល់សេវាថែទាំឬទេ ហើយសេវាក្រោយពេលដំឡើងអ្វីខ្លះ។
សម្រាប់ម្ចាស់ផ្ទះដែលកំពុងស្វែងយល់អំពីជណ្ដើរយន្តក្នុងផ្ទះប្រើប្រព័ន្ធវីសស្ពឺ Cibes Lift Cambodia អាចផ្តល់ព័ត៌មានផលិតផល និងការណែនាំអំពីការដំឡើង។ សូមផ្ទៀងផ្ទាត់លក្ខណៈបច្ចេកទេសឱ្យត្រូវនឹងម៉ូដែលដែលអ្នកជ្រើសរើស និងទីតាំងដំឡើង។ ការមកទស្សនា Showroom អាចជួយឱ្យអ្នកយល់ពីរបៀបដំណើរការរបស់ជណ្ដើរយន្ត ខណៈការចុះពិនិត្យទីតាំងអាចជួយវាយតម្លៃថា តើវាអាចដំឡើងឱ្យសមនឹងផ្ទះរបស់អ្នកបានយ៉ាងដូចម្តេច?
មិនថាអ្នកកំពុងសាងសង់វីឡាថ្មី ឬបន្ថែមជណ្ដើរយន្តទៅក្នុងផ្ទះដែលមានស្រាប់នោះទេ ការពិនិត្យចំណុចទាំងនេះអាចជួយឱ្យអ្នកសម្រេចចិត្តដោយមានព័ត៌មានគ្រប់គ្រាន់ ដើម្បីធ្វើដំណើររវាងជាន់កាន់តែងាយស្រួល និងមានសុវត្ថិភាព។
Website: Cibes Lift Cambodia
Phone: 081 811 184 |011 837 183
