ក្រុមហ៊ុន Solis បង្ហាញដំណោះស្រាយរួមបញ្ចូលគ្នានៃប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ និងការស្តុកថាមពល ក្នុងពិព័រណ៍ Cambuild 2026 នៅរាជធានីភ្នំពេញ
Sakada Techie
•
OCTOBER 2 2026
•
PR
•
4 mins read
•

ក្រុមហ៊ុន Solis ដែលជាក្រុមហ៊ុនផលិត Solar Inverter និងជាអ្នកផ្គត់ផ្គង់ដំណោះស្រាយស្តុកថាមពលឈានមុខគេលើសកលលោក បានដាក់បង្ហាញបច្ចេកវិទ្យាសូឡា និងប្រព័ន្ធស្តុកថាមពលចុងក្រោយបង្អស់របស់ខ្លួននៅក្នុងពិព័រណ៍ Cambuild 2026 ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ដល់ ៣០ ខែកញ្ញា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

នៅស្តង់ពិព័រណ៍លេខ B172 ក្រុមហ៊ុន Solis បានបង្ហាញផលិតផលជាច្រើនដែលគ្របដណ្តប់លើ ប្រព័ន្ធស្តុកថាមពលសម្រាប់វិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម (C&I) ប្រព័ន្ធស្តុកថាមពលសម្រាប់លំនៅឋាន និងប្រព័ន្ធសូឡាខ្នាតធំភ្ជាប់បណ្តាញជាតិដោយគូសបញ្ជាក់ពីយុទ្ធសាស្ត្រក្នុងការគាំទ្រតម្រូវការថាមពលចម្រុះនៅកម្ពុជា តាមរយៈដំណោះស្រាយរួមបញ្ចូលគ្នារវាងសូឡា និងប្រព័ន្ធស្តុកទុក។

Photo 2026 10 02 13.48.48

ដំណោះស្រាយស្តុកថាមពលប្រកបដោយភាពបត់បែនសម្រាប់វិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម (C&I)

ការស្តុកថាមពលគឺជាការផ្តោតសំខាន់របស់ Solis នៅក្នុងពិព័រណ៍នេះ ជាមួយនឹងដំណោះស្រាយដែលបង្កើតឡើងដើម្បីជួយដល់អតិថិជន C&I ក្នុងការពង្រឹងការគ្រប់គ្រងថាមពល បង្កើនការប្រើប្រាស់ថាមពលដែលផលិតចេញពីពន្លឺព្រះអាទិត្យ និងបង្កើនភាពបត់បែនក្នុងការផ្គត់ផ្គង់អគ្គិសនី។

ក្នុងចំណោមផលិតផលដែលបានដាក់បង្ហាញ រួមមាន FlexCore-ID (ទំហំ ៦០–២៦១ kWh)ដែលជាប្រព័ន្ធស្តុកថាមពលម៉ូឌុលក្នុងអគារ (Indoor Modular Energy Storage System) បំពាក់នូវរចនាសម្ព័ន្ធតម្រៀបបញ្ឈរ (Vertical Stacking)។ ដំណោះស្រាយនេះផ្តល់នូវភាពបត់បែនក្នុងការកំណត់ និងពង្រីកទំហំផ្ទុក សម្រាប់អគារពាណិជ្ជកម្ម រោងចក្រ និងបណ្តាអាជីវកម្ម C&I ផ្សេងទៀត ដែលការដំឡើងងាយស្រួល និងការប្រើប្រាស់ទីធ្លាក្នុងអគារប្រកបដោយប្រសិទ្ធភាពគឺជាកត្តាចម្បង។

Photo 2026 10 02 13.50.53

ទន្ទឹមនឹងនេះ Solis ក៏បានបង្ហាញនូវ Hybrid Inverter បីហ្វា ម៉ូឌែល S6-EH3P60K និង S6-EH3P125K ដែលត្រូវបានរចនាឡើងដើម្បីរួមបញ្ចូលការផលិតថាមពលពីផ្ទាំងសូឡា (PV) និងអាគុយស្តុកថាមពលសម្រាប់វិស័យ C&I។ ក្នុងនោះ ម៉ូឌែល S6-EH3P125Kគាំទ្រការប្រើប្រាស់ថាមពលកម្រិតខ្ពស់ និងអាចដំណើរការរួមគ្នាជាមួយប្រព័ន្ធស្តុកថាមពល Solis ដើម្បីផ្តល់នូវការដំឡើងប្រព័ន្ធសូឡា និងការស្តុកថាមពលយ៉ាងរលូន។

ដំណោះស្រាយសំខាន់មួយទៀតដែលបានដាក់បង្ហាញគឺ EverCore (ទំហំ ២៦១ kWh) ដែលជាប្រព័ន្ធស្តុកថាមពលក្រៅអគារ (Integrated Outdoor Energy Storage System) ដោយរួមបញ្ចូលអាគុយស្តុកទុក បច្ចេកវិទ្យា Hybrid Inverter និងប្រព័ន្ធគ្រប់គ្រងថាមពលក្នុងកញ្ចប់តែមួយ។ EverCore ត្រូវបានបង្កើតឡើងដើម្បីសម្រួលដល់ការដំឡើង និងគាំទ្រដល់ការគ្រប់គ្រងសម្របសម្រួលរវាង សូឡា អាគុយស្តុក ភ្លើងបណ្តាញរដ្ឋ និងម៉ាស៊ីនភ្លើងជំនួយទាំងក្នុងករណី On-grid និង Off-grid។

ដំណោះស្រាយទាំងអស់នេះផ្តល់នូវជម្រើសចម្រុះសម្រាប់ប្រព័ន្ធស្តុកថាមពល C&I ដែលអនុញ្ញាតឱ្យអតិថិជនជ្រើសរើសប្រព័ន្ធស្របតាមលក្ខខណ្ឌទីតាំង ទំហំតម្រូវការ និងតម្រូវការប្រតិបត្តិការជាក់ស្តែង។

Photo 2026 10 02 13.58.29

ដំណោះស្រាយសូឡាសម្រាប់លំនៅឋាន និងប្រព័ន្ធភ្ជាប់បណ្តាញជាតិ

សម្រាប់អតិថិជនលំនៅឋាន Solis បានដាក់បង្ហាញនូវ Hybrid Inverter ម៉ូឌែល S7-EH1P12K និង S6-EH3P18K ព្រមទាំងប្រព័ន្ធអាគុយ SolisStorage IntelliHouse (ទំហំ ១៦ kWh) ផងដែរ។

ដំណោះស្រាយទាំងនេះបង្កើតឡើងដើម្បីជួយសម្រួលដល់ការប្រើប្រាស់ថាមពលផ្ទាល់ខ្លួន និងការស្តុកថាមពលនៅតាមគេហដ្ឋាន ដោយជួយឱ្យគ្រួសារនីមួយៗបង្កើនការទាញយកផលពីថាមពលពន្លឺព្រះអាទិត្យ និងបង្កើនភាពបត់បែនក្នុងការគ្រប់គ្រងការប្រើប្រាស់អគ្គិសនី ក៏ដូចជាការត្រៀមថាមពលបម្រុងពេលដាច់ចរន្តអគ្គិសនី។

ចំពោះការដំឡើងប្រព័ន្ធសូឡាខ្នាតធំ Solis បានបង្ហាញនូវ Grid-tied Inverter កម្លាំង ១៥០ kW (ម៉ូឌែល S6-GC3P150K)ដែលរចនាឡើងសម្រាប់ដំបូលអគារពាណិជ្ជកម្ម និងគម្រោងសូឡាខ្នាតធំ។ អាំងវែរទ័រនេះរួមបញ្ចូលគ្នានូវសមត្ថភាពថាមពលខ្ពស់ និងការបំប្លែងថាមពលប្រកបដោយប្រសិទ្ធភាព ដើម្បីគាំទ្រដល់ការផលិតថាមពលប្រកបដោយស្ថិរភាព។

ការគាំទ្រដល់អន្តរកាលថាមពលនៅកម្ពុជា

ពិព័រណ៍នេះក៏ជាឱកាសមួយសម្រាប់ Solis ក្នុងការជួបពិភាក្សាផ្ទាល់ជាមួយម្ចាស់អាជីវកម្ម វិស្វករ អ្នកអភិវឌ្ឍន៍គម្រោងសូឡា និងអ្នកជំនាញក្នុងឧស្សាហកម្មថាមពល ដើម្បីផ្លាស់ប្តូរយោបល់លើតម្រូវការគម្រោងក្នុងស្រុក និងការអភិវឌ្ឍបច្ចេកវិទ្យាសូឡា ព្រមទាំងប្រព័ន្ធស្តុកថាមពលនៅកម្ពុជា។

លោក Tim Xue នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Solis បានមានប្រសាសន៍ថា៖

«ប្រទេសកម្ពុជាកំពុងបន្តអភិវឌ្ឍវិស័យថាមពលកកើតឡើងវិញរបស់ខ្លួន ដែលបង្កើតឱកាសថ្មីៗជាច្រើនសម្រាប់បច្ចេកវិទ្យាសូឡា និងប្រព័ន្ធស្តុកថាមពល។ ការចូលរួមរបស់យើងក្នុងពិព័រណ៍ Cambuild 2026 បង្ហាញពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់ Solis ចំពោះទីផ្សារកម្ពុជា និងការគាំទ្រអាជីវកម្មក្នុងស្រុក ក៏ដូចជាអតិថិជនក្នុងវិស័យឧស្សាហកម្ម ជាមួយនឹងដំណោះស្រាយថាមពលដែលមានទំនុកចិត្តខ្ពស់។ តាមរយៈការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាផ្ទាំងសូឡា Hybrid Inverter និងការស្តុកថាមពល យើងមានគោលបំណងផ្តល់នូវដំណោះស្រាយបត់បែន ដែលអាចឆ្លើយតបទៅនឹងតម្រូវការចម្រុះនៃគម្រោងនីមួយៗ។»

លោក ផល ចិន្តា (Phal Chenda) ប្រធានផ្នែកលក់របស់ Solis ប្រចាំប្រទេសកម្ពុជា បានបន្ថែមថា៖

«Solis បានឈានជើងចូលទីផ្សារកម្ពុជាអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ដោយបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអតិថិជន និងដៃគូក្នុងស្រុក។ ស្របពេលដែលទីផ្សារកំពុងបន្តរីកចម្រើន យើងសង្កេតឃើញថាមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងលើដំណោះស្រាយដែលរួមបញ្ចូលការផលិតថាមពលសូឡាជាមួយប្រព័ន្ធស្តុកទុក។ ផលិតផលដូចជា EverCore និង FlexCore-ID ផ្តល់នូវជម្រើសចម្រុះសម្រាប់អតិថិជនក្នុងការរួមបញ្ចូលប្រព័ន្ធស្តុកថាមពលទៅក្នុងប្រព័ន្ធថាមពលរបស់ពួកគេ ដោយផ្តោតសំខាន់លើភាពបត់បែន ភាពងាយស្រួលក្នុងការដំឡើង និងប្រសិទ្ធភាពខ្ពស់នៃប្រព័ន្ធ។»

ក្រុមការងារបច្ចេកទេសរបស់ Solis ក៏បានផ្តល់ការពិគ្រោះយោបល់ផ្នែកបច្ចេកទេស ដល់អ្នកចូលរួមទស្សនាពិព័រណ៍ទាក់ទងនឹងការដំឡើងសូឡា PV, Hybrid Inverter និងប្រព័ន្ធស្តុកថាមពលពេញមួយកម្មវិធីផងដែរ។

Photo 2026 10 02 13.58.52

ការបន្តពង្រីកទីផ្សារនៅកម្ពុជា

ការចូលរួមរបស់ Solis ក្នុងព្រឹត្តិការណ៍ Cambuild 2026 បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់នៅក្នុងវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា។ ជាមួយនឹងផលប័ត្រផលិតផលគ្របដណ្តប់លើ លំនៅឋាន ពាណិជ្ជកម្ម ឧស្សាហកម្ម និងប្រព័ន្ធភ្ជាប់បណ្តាញជាតិ, ក្រុមហ៊ុនកំពុងពង្រីកការផ្គត់ផ្គង់របស់ខ្លួន ដើម្បីគាំទ្រដល់អតិថិជននៅគ្រប់ដំណាក់កាលនៃការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងការស្តុកថាមពល។

តាមរយៈកិច្ចសហការបន្តជាមួយអ្នកចែកចាយក្នុងស្រុក ក្រុមការងារដំឡើង អ្នកអភិវឌ្ឍន៍គម្រោង និងដៃគូក្នុងឧស្សាហកម្ម Solis មានគោលដៅបន្តគាំទ្រដល់ការអភិវឌ្ឍ ការទាញយកថាមពលសូឡា ការស្តុកថាមពល និងដំណោះស្រាយគ្រប់គ្រងថាមពលឆ្លាតវៃ នៅទូទាំងប្រទេសកម្ពុជា។

Photo 2026 10 02 13.59.25

Photo 2026 10 02 13.59.47

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia