យោងតាមកិច្ចសម្ភាសន៍ផ្ទាល់រវាង Technology Cambodia និងក្រុមហ៊ុន Smean (Start-up) ក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ និងបច្ចេកវិទ្យា FrancoTech 2026 កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា Smean AI ដែលជាកម្មវិធីកត់ត្រាដោយបញ្ញាសិប្បនិម្មិត (AI Scribe) ភាសាខ្មែរដំបូងគេបង្អស់ បានចូលរួមជាដៃគូបច្ចេកវិទ្យាបកប្រែផ្លូវការនៃព្រឹត្តិការណ៍នេះ។

ព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនី ២០២៦ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដែលរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងនាមជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ (20th Francophonie Summit)។

ព្រឹត្តិការណ៍ FrancoTech បានប្រមូលផ្តុំអ្នកនវានុវត្តន៍ សហគ្រិន វិនិយោគិន និងតំណាងរដ្ឋាភិបាលមកពីបណ្តាប្រទេសនិយាយភាសាបារាំងជុំវិញពិភពលោក។ ក្នុងរយៈពេលពេញ ៣ ថ្ងៃនៃកម្មវិធី ផលិតផលថ្មីរបស់ Smean AI គឺ Smean Prism បានផ្តល់សេវាកម្មបំប្លែងសំឡេងទៅជាអត្ថបទ និងបកប្រែផ្ទាល់ភ្លាមៗនូវរាល់បទបង្ហាញរបស់វាគ្មិន។ នៅពេលវាគ្មិនធ្វើបទបង្ហាញជាភាសាខ្មែរ អ្នកចូលរួមអាចតាមដានជាភាសាអង់គ្លេស ឬភាសាបារាំង និងផ្ទុយមកវិញ ដែលអនុញ្ញាតឱ្យអ្នកចូលរួមគ្រប់រូបអាចស្តាប់ យល់ និងចូលរួមពិភាក្សាបានយ៉ាងរលូន ទោះបីជាវាគ្មិននិយាយភាសាអ្វីក៏ដោយ។


នៅក្នុងព្រឹត្តិការណ៍ FrancoTech 2026 អ្នកចូលរួមគ្រាន់តែស្កេន QR Code នៅលើទូរសព្ទដៃ ជ្រើសរើសភាសាដែលខ្លួនចង់បាន រួចអាចអានអត្ថបទបកប្រែផ្ទាល់ ពីសម្តីរបស់វាគ្មិនបានភ្លាមៗ។ លើសពីនេះ អ្នកចូលរួមក៏អាចស្តាប់សំឡេងបកប្រែបានផងដែរ តាមរយៈមុខងារបំប្លែងការនិយាយទៅជាការនិយាយរបស់ Smean Prism ដែលអានអត្ថបទបកប្រែជាសំឡេងធម្មជាតិ ដោយមិនចាំបាច់ប្រើប្រាស់បន្ទប់អ្នកបកប្រែ និងដាក់កាសស្តាប់ដូចកម្មវិធីទូទៅឡើយ។

ក្នុងអំឡុងពេលកម្មវិធី វាគ្មិនអាចនិយាយជាភាសារបស់ខ្លួន ហើយ Smean Prism នឹងចាប់សំឡេង និងបំប្លែងជាអត្ថបទផ្ទាល់តែម្តង។ បច្ចុប្បន្ន Prism អាចស្គាល់ភាសានិយាយចំនួន ៦ ភាសា រួមមាន៖ ភាសាខ្មែរ អង់គ្លេស បារាំង ចិន ជប៉ុន និងវៀតណាម។ ចំណែកអ្នកចូលរួមវិញ អាចតាមដានបទបង្ហាញនីមួយៗនៅលើទូរសព្ទដៃបានរហូតដល់ ៩ ភាសា រួមមាន៖ ភាសាខ្មែរ អង់គ្លេស បារាំង ចិន ជប៉ុន វៀតណាម កូរ៉េ ថៃ និងអាល្លឺម៉ង់។ សម្រាប់គ្រប់ភាសាទាំងអស់ Prism ក៏អានការបកប្រែជាសំឡេងធម្មជាតិផងដែរ មានន័យថា បទបង្ហាញជាភាសាខ្មែរមួយ អាចស្តាប់បានផ្ទាល់រហូតដល់ ៩ ភាសាក្នុងពេលដំណាលគ្នា ហើយបន្ទាប់ពីចប់វគ្គនីមួយៗ Prism ក៏បង្កើតជាកំណត់ត្រាជាលាយលក្ខណ៍អក្សរពីរភាសាផងដែរ។

គោលដៅចម្បងរបស់ Smean AI គឺ «ភាសាមិនមែនជារនាំងរារាំងការក្រេបយកចំណេះដឹង ការផ្លាស់ប្តូរបទពិសោធន៍ និងការសិក្សាពីវប្បធម៌គ្នាទៅវិញទៅមកទៀតនោះទេ។»
ជារួមមកវិញ Smean AI បង្កើតឡើងនៅរាជធានីភ្នំពេញក្នុងខែកុម្ភៈ ឆ្នាំ ២០២៥ ក្រុមហ៊ុន Smean AI ដំណើរការដោយម៉ូដែលស្គាល់សំឡេងភាសាខ្មែរផ្ទាល់ខ្លួន ដែលត្រូវបានបណ្តុះបណ្តាលលើទិន្នន័យសំឡេងជាង ៤,០០០ ម៉ោង។ ម៉ូដែលនេះក៏យល់ពីការនិយាយលាយភាសា រវាងភាសាខ្មែរ អង់គ្លេស ចិន និងវៀតណាម ដូចទៅនឹងរបៀបដែលប្រជាជននៅកម្ពុជានិយាយជាធម្មតានៅក្នុងកិច្ចប្រជុំ និងព្រឹត្តិការណ៍នានា។

បច្ចុប្បន្ន Smean AI ជួយបំប្លែងកិច្ចប្រជុំ ការសន្ទនា និងព្រឹត្តិការណ៍ផ្សេងៗ ទៅជាអត្ថបទចម្លង សេចក្តីសង្ខេប ការបកប្រែ និងកំណត់ហេតុផ្លូវការ។ កម្មវិធីនេះមានអ្នកប្រើប្រាស់ចុះឈ្មោះជាង ៥០,០០០ នាក់ អតិថិជនបង់ប្រាក់ប្រើប្រាស់ជាង ២,០០០ នាក់ និងបានដំណើរការទិន្នន័យសំឡេងសរុបជាង ៦០០,០០០ នាទី រួចមកហើយ។ ផលិតផលរបស់ Smean AI រួមមាន៖
- Smean Scribe៖ កម្មវិធី AI ដែលបំប្លែងឯកសារសំឡេងទៅជាអត្ថបទចម្លង សេចក្តីសង្ខេប និងកំណត់ហេតុផ្លូវការជាភាសាខ្មែរ និងអង់គ្លេស។
- Smean Halo៖ កម្មវិធីបំប្លែងសំឡេងទៅជាអត្ថបទ និងបកប្រែកិច្ចប្រជុំផ្ទាល់ភ្លាមៗ ជាភាសាខ្មែរ អង់គ្លេស ចិន ជប៉ុន បារាំង និងវៀតណាម។
- Smean Prism៖ ប្រព័ន្ធបង្ហាញអត្ថបទបកប្រែផ្ទាល់ និងសំឡេងបកប្រែសម្រាប់ព្រឹត្តិការណ៍នានា នៅលើទូរសព្ទដៃរបស់អ្នកស្តាប់គ្រប់រូប ព្រមទាំងមានកំណត់ត្រាពីរភាសាបន្ទាប់ពីចប់កម្មវិធី។
- Smean Speak៖ បច្ចេកវិទ្យាបំប្លែងអត្ថបទសរសេរជាភាសាខ្មែរ ទៅជាសំឡេងនិយាយបែបធម្មជាតិ (Text-to-speech)។
- Smean Studio៖ កម្មវិធីកាត់តវីដេអូដែលសរសេរអក្សររត់ (Captions) ជាភាសាខ្មែរ ឬអង់គ្លេសដោយស្វ័យប្រវត្តិ ព្រមទាំងមានជម្រើសបកប្រែសម្រាប់ផុសលើ TikTok, Reels, YouTube និង Facebook។

តាមរយៈការលើកកម្ពស់ភាសាខ្មែរឱ្យក្លាយជាភាសាអាទិភាពសម្រាប់បច្ចេកវិទ្យា AI ក្រុមហ៊ុន Smean AI មានគោលដៅជួយឱ្យស្ថាប័ន ធុរកិច្ច និងអ្នករៀបចំព្រឹត្តិការណ៍នៅកម្ពុជា អាចទំនាក់ទំនងជាមួយដៃគូអន្តរជាតិ និងជួយឱ្យភ្ញៀវអន្តរជាតិអាចផ្សារភ្ជាប់ទំនាក់ទំនងជាមួយកម្ពុជា ជាភាសារបស់ពួកគេផ្ទាល់។

