មោទនភាពជាតិ! និស្សិតកម្ពុជាមកពី CADT និង RUPP ឈ្នះពានរង្វាន់ធំៗក្នុងការប្រកួតប្រជែងសន្តិសុខសាយប័រថ្នាក់តំបន់មេគង្គ-ឡានឆាង
Khunna - ឃុនណា
•
NOVEMBER 15 2026
•
ឌីជីថល
•
52 views
•
2 mins read
•

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជ័យលាភី និងបិទការប្រកួតប្រជែងសន្តិសុខសាយប័រថ្នាក់តំបន់មេគង្គ-ឡានឆាង (Lancang-Mekong Regional Cybersecurity Competition) ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា នៅសណ្ឋាគារព្រីនអង្គរ ខេត្តសៀមរាប។

Img 3107

ការប្រកួតប្រជែងសន្តិសុខសាយប័រថ្នាក់តំបន់មេគង្គ-ឡានឆាងនេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមាននិស្សិតចូលរួមសរុប ៤០រូប បែងចែកជា ១០ក្រុម មកពីសាកលវិទ្យាល័យនៃបណ្ដាប្រទេសជាសមាជិកកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដើម្បីចូលរួមប្រកួតក្នុងវិញ្ញាសា Capture the Flag (CTF)។

Img 3111

ជាលទ្ធផលនៃការប្រកួត ក្រុមជ័យលាភីទាំង ៣ បានទទួលពានរង្វាន់ និងប្រាក់រង្វាន់តាមចំណាត់ថ្នាក់ ដូចខាងក្រោម៖

  • ចំណាត់ថ្នាក់លេខ១៖ បានទៅលើ ក្រុម WillHack4Coffee មកពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នៃប្រទេសកម្ពុជា ទទួលបានពានរង្វាន់លេខ១ និងទឹកប្រាក់ចំនួន ៦,០០០,០០០រៀល។
  • ចំណាត់ថ្នាក់លេខ២៖ បានទៅលើ ក្រុម ISITDTU1 មកពីសាកលវិទ្យាល័យ Duy Tan University នៃប្រទេសវៀតណាម ទទួលបានពានរង្វាន់លេខ២ និងទឹកប្រាក់ចំនួន ៤,០០០,០០០រៀល។
  • ចំណាត់ថ្នាក់លេខ៣៖ បានទៅលើ ក្រុម ITEsec មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នៃប្រទេសកម្ពុជា ទទួលបានពានរង្វាន់លេខ៣ និងទឹកប្រាក់ចំនួន ២,០០០,០០០រៀល។

Img 3108
Img 3109
Img 3110

ការប្រកួតប្រជែងនេះ រៀបចំឡើងក្នុងគោលបំណងជំរុញការផ្លាស់ប្តូរចំណេះដឹង ពង្រឹងសមត្ថភាព និងផ្តល់ឱកាសដល់យុវជនក្នុងការភ្ជាប់ចំណេះដឹងទៅនឹងការអនុវត្តជាក់ស្តែងក្នុងវិស័យសន្តិសុខសាយប័រ។ បន្ថែមពីនេះ ការប្រកួតនេះក៏បានលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខសាយប័ររវាងកម្ពុជា និងបណ្ដាប្រទេសមេគង្គ-ឡានឆាង ព្រមទាំងបានកសាងបណ្ដាញទំនាក់ទំនង និងការយល់ដឹងរវាងយុវជនក្នុងតំបន់ផងដែរ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia