ប្រវត្តិសាស្ត្រថ្មី! យុវជនកម្ពុជាផ្តួលដៃគូប្រកួត ដោយគ្រងតំណែងជើងឯកជជែកដេញដោលលំដាប់ពិភពលោក ក្នុងកម្មវិធី JCI World Congress 2026 នៅហ្វីលីពីន
Khunna - ឃុនណា
•
NOVEMBER 15 2026
•
ឱកាស
•
86 views
•
2 mins read
•

ក្នុងព្រឹត្តិការណ៍ដ៏មានមោទកភាពបំផុតសម្រាប់ជាតិកម្ពុជា ក្រុមជជែកដេញដោលតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា មកពីអង្គការ JCI (JCI Chaktomuk) បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រ ដោយគ្រងតំណែងជា «ជើងឯកពិភពលោក» (World Champions) ក្នុងការប្រកួតជជែកដេញដោលពិភពលោកប្រចាំឆ្នាំ ២០២៦ (JCI World Debate Championship 2026) ដែលប្រារព្ធឡើងក្នុងមហាសន្និបាតពិភពលោក JCI World Congress នៅឯទីក្រុងក្លាក ប្រទេសហ្វីលីពីន នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ។

Img 3096

ជ័យលាភីជាប្រវត្តិសាស្ត្រនេះ ត្រូវបានការកើតឡើងពីការប្តេជ្ញាចិត្តខ្ពស់ និងការប្រកួតប្រជែងយ៉ាងស្វិតស្វាញពីសំណាក់សមាជិកក្រុមឆ្នើមទាំងបីរូបគឺ៖

១. កញ្ញា ស្លេះ រ៉យ្យ៉ាន (Ms. Ryan Sleh)

២. លោក ស៊ាង ធានសឹង្ហ (Mr. Theansoeng Seang)

៣. កញ្ញា អ៊ុង ខេមរាបូណ៌មីច័ន្ទ (Ms. Khemara Bormeychan Ung)

Img 3095

មុនពេលឈានដល់ការឈ្នះពានរង្វាន់កម្រិតពិភពលោកដ៏ធំធេងនេះ ក្រុមយុវជនកម្ពុជាបានបង្កើតភាពល្បីល្បាញ និងទទួលបានការគាំទ្រយ៉ាងខ្លាំងកន្លងមកហើយ តាមរយៈការប្រកួតឈ្នះលើក្រុមយុវជនថៃយ៉ាងស្វិតស្វាញ និងជាពិសេសគឺការវាយលុកដណ្តើមបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតកម្រិតតំបន់អាស៊ីប៉ាស៊ីហ្វិក (ASPAC) ជាប្រវត្តិសាស្ត្រលើកដំបូង ដែលរៀបចំឡើងនៅប្រទេសជប៉ុន កាលពីខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ។

Img 3099

គូសបញ្ជាក់ផងដែរថា ចាប់តាំងពីវគ្គជម្រុះបឋម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រហូតដល់វគ្គផ្តាច់ព្រ័ត្រដ៏ស្វិតស្វាញមួយនេះ ក្រុមជជែកដេញដោលកម្ពុជាបានបង្ហាញពីភាពអង់អាច ទេពកោសល្យដ៏ប៉ិនប្រសប់ និងស្មារតីមុតស្រួច ក្នុងការលើកយកសំឡេង រឿងរ៉ាវ និងទស្សនវិស័យរបស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ រហូតអាចទាក់ទាញចិត្តគណៈកម្មការ និងដណ្តើមបានជើងឯកពិភពលោកមកជូនជាតិមាតុភូមិវិញយ៉ាងត្រចះត្រចង់។

Img 3097

ជ័យជម្នះដ៏ធំធេងនេះ មិនត្រឹមតែជាកិត្តិយសផ្ទាល់ខ្លួនរបស់យុវជនទាំងបីរូបប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមោទកភាពរួមរបស់ប្រទេសកម្ពុជាទាំងមូល រួមមានក្រុមគ្រួសារ ទីប្រឹក្សា ស្ថាប័ន JCI កម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាគ្រប់រូបដែលតែងតែគាំទ្រ និងជឿជាក់លើសមត្ថភាពយុវជនខ្មែរ។ ទន្ទឹមនឹងនេះ ស្មារតីនៃការប្រកួតប្រជែងដ៏ថ្លៃថ្នូរ និងការគោរពគ្នាទៅវិញទៅមកពីបណ្តាប្រទេសដទៃទៀត ក៏បានរួមចំណែកលើកកម្ពស់ស្តង់ដារ និងស្មារតីពិតប្រាកដនៃគ្រួសារ JCI ផងដែរ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia