ព្រឹត្តិការណ៍ «ហ្វ្រង់កូតិច ២០២៦» (FrancoTech 2026) និងពិធីបិទវេទិកាសហគ្រិនហ្វ្រង់កូហ្វូន ដែលជាព្រឹត្តិការណ៍អមដ៏សំខាន់នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ត្រូវបានប្រារព្ធពិធីបើកជាផ្លូវការនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
- ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង
- ឯកឧត្តម Tô Lâm អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
- ឯកឧត្តម Mark Carney នាយករដ្ឋមន្ត្រីកាណាដា
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ អង្គទូត ដៃគូអភិវឌ្ឍន៍ តំណាងវិស័យឯកជន ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ធុរកិច្ចថ្មីឌីជីថល គ្រឹះស្ថានអប់រំ និងដៃគូពាក់ព័ន្ធជាច្រើន សរុបប្រមាណជាង ១ ៣០០ នាក់។


ព្រឹត្តិការណ៍ «ហ្វ្រង់កូតិច ២០២៦» ត្រូវបានរៀបចំឡើងក្រោមមូលបទ «សហគមន៍ហ្វ្រង់កូហ្វូនីតែមួយ អនាគតឌីជីថលតែមួយ» (One Francophone Community, One Digital Future)។ ព្រឹត្តិការណ៍នេះមានគោលបំណងសំខាន់ៗក្នុងការ៖
- ចែករំលែកចំណេះដឹង បទពិសោធន៍ បច្ចេកវិទ្យាថ្មីៗ និងឧត្តមានុវត្តន៍
- ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច បច្ចេកវិទ្យា និងវិនិយោគ
- ផ្សព្វផ្សាយពីសក្ដានុពលរបស់កម្ពុជា ក្នុងនាមជាមជ្ឈមណ្ឌលតភ្ជាប់ពាណិជ្ជកម្ម និងបច្ចេកវិទ្យារវាងសហគមន៍ហ្វ្រង់កូហ្វូនី និងតំបន់អាស៊ាន។

គិតត្រឹមថ្ងៃបើកព្រឹត្តិការណ៍ «ហ្វ្រង់កូតិច ២០២៦» ទទួលបានការចុះឈ្មោះចូលរួមសរុបចំនួន ២៨ ១២៤ នាក់ មកពី ១០៦ ប្រទេស ហើយត្រូវបានរំពឹងថានឹងអាចទាក់ទាញអ្នកចូលរួមទស្សនាសរុបជាង ៣០ ០០០ នាក់ ក្នុងរយៈពេល ៣ថ្ងៃនៃការប្រព្រឹត្តទៅ។
ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ មានការរៀបចំកម្មវិធីសំខាន់ៗដូចជា៖
- ពិព័រណ៍បច្ចេកវិទ្យា និងនវានុវត្តន៍
- ការប្រកួតប្រជែងនវានុវត្តន៍ឌីជីថល
- វេទិកាវិនិយោគ
- ការផ្គូផ្គងធុរកិច្ច

វេទិកាពិភាក្សាដែលផ្តោតលើប្រធានបទស្នូលចំនួន ៧ គឺ៖
- ឱកាស និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI)
- រដ្ឋាភិបាលឌីជីថល
- បច្ចេកវិទ្យាហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុ
- បច្ចេកវិទ្យាកសិកម្ម និងសន្តិសុខស្បៀង
- ធុរកិច្ចថ្មីឌីជីថល និងនវានុវត្តន៍
- ស្ត្រីក្នុងវិស័យនវានុវត្តន៍
- បច្ចេកវិទ្យាសម្រាប់វិស័យទេសចរណ៍ និងវប្បធម៌។

តាមរយៈការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កម្រិតអន្តរជាតិនេះ កម្ពុជារំពឹងថានឹងអាចពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាក់ទាញលំហូរវិនិយោគថ្មីៗ ជំរុញការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា ព្រមទាំងលើកកម្ពស់តួនាទីរបស់កម្ពុជាក្នុងការចូលរួមកសាងអនាគតឌីជីថលប្រកបដោយបរិយាបន្ន និងចីរភាពទាំងនៅក្នុងតំបន់ និងពិភពលោក។
