លោក Jun Young-hyun អនុប្រធានក្រុមហ៊ុន Samsung និងជាប្រធានថ្មីនៃផ្នែកដំណោះស្រាយឧបករណ៍ (Devices Solution Division) បានសុំទោសជាសាធារណៈកាលពីថ្ងៃអង្គារ បន្ទាប់ពីការព្យាករណ៍លើប្រាក់ចំណេញនៃត្រីមាសទី៣ មានលទ្ធផលមិនល្អដូចការរំពឹងទុក នេះបើយោងតាមការចុះផ្សាររបស់ CNBC ។
ក្នុងនាមជាក្រុមហ៊ុនដ៏ឈានមុខមួយ Samsung បានប៉ាន់ប្រមាណថាប្រាក់ចំណេញប្រតិបត្តិការសម្រាប់ត្រីមាសដែលបញ្ចប់នៅខែកញ្ញា នឹងមានប្រមាណ 9.10 ទ្រីលានវ៉ុន ដែលចំនួននេះគឺទាបជាងការរំពឹងរបស់ស្ថាប័ន LSEG ទៀត
ចំពោះស្តាប័ន LSEG គឺបានធ្វើការព្យាករណ៍ថា ប្រាក់ចំណេញប្រតិបត្តិការនឹងមានចំនួន 11.456 ទ្រីលានវ៉ុន (ប្រមាណ 7.7 ប៊ីលានដុល្លារ) សម្រាប់ត្រីមាសបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា។
Samsung បានពន្យល់ថា ដំណើរការនៃផ្នែកមេម៉ូរីរបស់ខ្លួនរងផលប៉ះពាល់ដោយសារ "ថ្លៃដើមមួយលើក និងផលប៉ះពាល់អវិជ្ជមាន" ដែលរួមមានការកែតម្រូវស្តុកទំនិញពីអតិថិជនទូរស័ព្ទចល័ត និងការផ្គត់ផ្គង់កើនឡើងនូវផលិតផលមេម៉ូរីចាស់ៗពីក្រុមហ៊ុនចិនថែមទៀតផង។
នៅក្នុងសារលិខិតសុំទោស ទៅកាន់អតិថិជន អ្នកវិនិយោគ ក៏ដូចជាបុគ្គលិកជាដើម លោក Jun Young-hyun ថ្លែងថា ទោះបីជាយ៉ាងណាក៏ដោយក្រុមហ៊ុន Samsung កន្លងមកគឺតែងតែបំប្លែងពីវិបត្តិទៅឱកាស ដោយមានប្រវត្តិនៃការប្រកួតប្រជែង នវានុវត្តន៍ និងការយកឈ្នះជាដើម។ លើសពីនេះទៅទៀតលោកក៏បានសន្យាថា នឹងធ្វើឲ្យស្ថានភាពដ៏លំបាកដែលកំពុងប្រឈមបច្ចុប្បន្ននេះ ឲ្យក្លាយជាឱកាសសម្រាប់ការបោះជំហ៊ានទៅមុខទៀត។
អត្ថបទដោយ៖ រិន មករា