យោងតាមការណែនាំរបស់ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ General Department of Digital Technology and Media ដែលស្តីពីសុវត្ថិភាពឯកជនអ្នកប្រើប្រាស់លើបណ្តាញសង្គម បានឱ្យដឹងថា ទិន្នន័យបុគ្គល ឬព័ត៌មានសម្គាល់អត្តសញ្ញាណផ្ទាល់ខ្លួន (PII - Personally Identifiable Information) សម្តៅលើព័ត៌មានទាំងឡាយដែលអាចកំណត់អត្តសញ្ញាណបុគ្គលណាម្នាក់បាន។ ព័ត៌មានទាំងនោះរួមមាន នាម-នាមត្រកូល អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ថ្ងៃខែឆ្នាំកំណើត រូបថត ព័ត៌មានជីវមាត្រ (ស្នាមម្រាមដៃ) លេខទូរសព្ទ អាសយដ្ឋាន និងព័ត៌មានហិរញ្ញវត្ថុ (លេខគណនីធនាគារ)។

ថ្មីៗនេះ ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានឌីជីថល និងផ្សព្វផ្សាយអប់រំ បានសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួនបានបង្ហោះរូបភាពអត្តសញ្ញាណប័ណ្ណខ្លួនជាសាធារណៈ លើបណ្តាញសង្គមហ្វេសបុក។ ការចែករំលែក ឬបង្ហោះទិន្នន័យបែបនេះនឹងធ្វើឱ្យអ្នកអាចក្លាយជាគោលដៅវាយប្រហាររបស់ក្រុមឧក្រិដ្ឋជនបទល្មើសបច្ចេកវិទ្យាដោយស្តែងតាមបទល្មើសដូចខាងក្រោម៖
១. ការក្លែងបន្លំអត្តសញ្ញាណ (Identity Theft)៖ ការយកឈ្មោះ ឬរូបថតអត្តសញ្ញាណប័ណ្ណទៅប្រើប្រាស់ប្រព្រឹត្តបទល្មើសផ្សេងៗ ដូចជា ការបញ្ជាទិញទំនិញខុសច្បាប់ ការប្រកបអាជីវកម្មអនឡាញខុសច្បាប់ ការគំរាមកំហែងបុគ្គលដទៃ ឬការយកឈ្មោះទៅខ្ចីប្រាក់ខុសច្បាប់ជាដើម។
២. ការលួចគ្រប់គ្រងគណនីធនាគារ៖ ជនល្មើសប្រើប្រាស់ទិន្នន័យបុគ្គលស្រាវជ្រាវរកគណនីធនាគារ ហើយយកព័ត៌មានអត្តសញ្ញាណប័ណ្ណទៅបន្លំឆ្លងកាត់ប្រព័ន្ធផ្ទៀងផ្ទាត់សុវត្ថិភាពរបស់ធនាគារ ឬកាបូបលុយអេឡិចត្រូនិក ដើម្បីលួចយកប្រាក់របស់ជនរងគ្រោះ។
៣. ការគំរាមកំហែងទារប្រាក់ (Extortion)៖ ជនល្មើសអាចប្រមូលយករូបថត និងទិន្នន័យបុគ្គលរបស់ជនរងគ្រោះ ទៅធ្វើការគំរាមកំហែងទារប្រាក់ តាមរយៈវិធីសាស្ត្រទុច្ចរិតផ្សេងៗ រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើតជាវីដេអូ ឬរូបភាពអាសអភាស។
ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ បញ្ឈប់ការចែករំលែកទិន្នន័យបុគ្គលរបស់ខ្លួនរួមមាន រូបថតអត្តសញ្ញាណប័ណ្ណ និងទិន្នន័យ PII ផ្សេងទៀត លើបណ្តាញសង្គមជាបន្ទាន់ និងសូមរក្សាទុកទិន្នន័យទាំងនេះឲ្យបានត្រឹមត្រូវ និងមានសុវត្ថិភាពបំផុត៕
