នៅក្នុងយុគសម័យដែលពិភពលោកទាំងមូលកំពុងតែជជែកគ្នាតែពីរឿងបច្ចេកវិទ្យា ឌីជីថល និង AI យ៉ាងស៊ីជម្រៅ ពេលខ្លះយើងប្រហែលជាភ្លេចក្រឡេកមើលសិល្បៈនៃការបង្កើតជីវិតដ៏ប្រណីតមួយដែលទាមទារនូវបច្ចេកទេស និងភាពអត់ធ្មត់ខ្ពស់បំផុត។ ក្នុងអត្ថបទនេះ ខ្ញុំសូមបង្វែរអារម្មណ៍អ្នកទាំងអស់គ្នាមកនិយាយអំពី "បច្ចេកទេសដាំ ឬជាផ្នែកមួយនៃកសិកម្មរុក្ខសាស្ត្រ" វិញម្តង។ ហើយក្នុងអត្ថបទមួយនេះយើងទៅសិក្សាពីប្រភេទកូនឈើដែលមានអាយុកាល ៥០០ ឆ្នាំមួយដើម ដែលមានតម្លៃរាប់ម៉ឺនដុល្លារ ខណៈនៅកម្ពុជាមានហាងមួយកន្លែងដែលនាំចូលប្រទេសដើមឈើនេះមកលក់ដំបូងគេផងដែរ។

ជាទូទៅ Japanese Shimpaku មកពីឈ្មោះវិទ្យាសាស្ត្រ Juniperus chinensis 'Shimpaku' គឺជាប្រភេទដើមស្រល់តឿជប៉ុន (Juniper) ដែលមានប្រជាប្រិយភាពនិងមានតម្លៃខ្ពស់បំផុតក្នុងរុក្ខជាតិប៊ុងសៃ (Bonsai) ជាដើមឈើធំធម្មជាតិ ដែលគេបង្រួមមកដាំក្នុងផើងតូចៗ ហើយមានអាយុកាលរាប់រយឆ្នាំរហូតមកដល់បច្ចុប្បន្ន បូករួមជាមួយតម្លៃចាប់ពីខ្ទង់ម៉ឺនដុល្លារ។ រុក្ខជាតិនេះមានលក្ខណៈពិសេសត្រង់ស្លឹកតូចៗទន់ពណ៌បៃតងចាស់ រៀបស្ទើរតែជាប់គ្នា និងមានដើមស្កេកស្កះដែលអាចពត់ពេនបានដែលខុសពីដើមឈើទូទៅ។ សាច់ឈើស្ងួតរបស់វាដែលគេដុសខាត់ឱ្យឡើងពណ៌ស (ហៅថា Jin និង Shari) បង្កើតបានជាសភណ្ឌភាពបែបបុរាណ និងរឹងមាំ ដែលធ្វើឱ្យវាក្លាយជាជម្រើសលេខមួយសម្រាប់អ្នកស្នេហាវប្បធម៌ប៊ុនសៃជុំវិញពិភពលោក។
ចំពោះប្រភពដើមកំណើត Shimpaku ត្រូវបានរកឃើញដំបូងនៅលើកំពូលភ្នំថ្មចោទក្នុងប្រទេសជប៉ុន ជាពិសេសក្នុងតំបន់ Itoigawa និងភ្នំ Ishizuchi។ នេះបើយោងតាគេហទំព័រផ្លូវការតំបន់ប្រវត្តិសាស្ត្រ Shimpaku ជប៉ុន shimpaku.geo-itoigawa.com និងមជ្ឈមណ្ឌលថែទាំប៊ុងសៃអន្តរជាតិ Bonsai Empire ជាដើម។


រឿងមួយដែលគួរភ្ញាក់ផ្អើល នៅក្នុងប្រទេសកម្ពុជាយើងមានហាងមួយកន្លែងក្នុងរាជធានីភ្នំពេញបាននាំចូលដើមឈើប្រភេទ Bonsai ដែលមានអាយុកាលដល់ ៥០០ រយឆ្នាំ យកមកលក់បន្ត ចង់ដឹងថាបច្ចេកទេសថែទាំដើមឈើមួយនេះ ដែលស្ថិតក្នុងតំបន់អាកាសធាតុខុសគ្នាពីទឹកដីជប៉ុន អាចទៅរួចដោយរបៀបណា ក្នុងអត្ថបទនេះ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅដឹងពីវិធីសាស្រ្តថែ និងតម្លៃលក់នៅក្នុងប្រទេសកម្ពុជា ដែលមានតែមួយគត់នៅខ្មែរពីហាង Living Bonsai។
យោងតាមការសម្ភាសន៍ផ្ទាល់នៅទីតាំងហាង រវាង Technology Cambodia និង លោក អ៊ុំ លីភាវ ដែលជាម្ចាស់អាជីវកម្ម Living Bonsai បានឱ្យដឹងថា Living Bonsai ជាហាងមួយកន្លែងដែលចាប់ផ្តើមបើកលក់តាំងពីឆ្នាំ ២០២៤ មកម្លេះ តែកាលជំនាន់នោះគ្រាន់តែលក់លើទីផ្សារអនឡាញប៉ុណ្ណោះ។ ក្រោយមក ដោយលោកបានមើលឃើញពីចំណុចពិសេសនៃអ្នកស្រលាញ់វិស័យធម្មជាតិ ទើបលោកហ៊ានសម្រចចិត្តបើកហាងលក់ផ្ទាល់មួយកន្លែងនៅរាជធានីភ្នំពេញ ជាមួយដើមទុនដំបូងដប់ម៉ឺនដុល្លារ រហូតពង្រីងទុនដល់ មួយលានដុល្លារក្នុងឆ្នាំ ២០២៦ នេះ។ តាមការលើកឡើងរបស់លោក អ៊ុំ លីភាវ បានប្រាប់អោយដឹងថា ដើមឈើប្រភេទ Juniper ទាំងនេះលោកបាននាំចូលជាង ៥០ ដើមមកប្រទេសកម្ពុជា ដោយលោកបានបញ្ជាក់ថានៅកម្ពុជាមានតែ Living Bonsai ប៉ុណ្ណោះ ដែលបាននាំចូល ហើយក៏មានលក់ Shimpaku Juniper អាយុកាល ៥០០ ឆ្នាំតែមួយដើមគត់ តម្លៃគឺខ្ទង់ ១០ ម៉ឺនដុល្លារជាងនៅប្រទេសកម្ពុជា។

Shimpaku Juniper អាយុកាល ៥០០ ឆ្នាំមួយដើមនេះមានប្រវត្ថិដុះនៅលើភ្នំចោទ ដែលមានអាយុកាលរាប់រយឆ្នាំក្នុងប្រទេសជប៉ុន ដែលជាដើមឈើមានជីវិតអមតៈ ខណៈដែលម្ចាស់អាជីវកម្ម លោកហ៊ានរុករក និងស្រាវជ្រាវយកមកលក់បន្តនៅកម្ពុជា ដោយលោកបានប្រាប់ពីបច្ចេកទេសនាំយក និងពីបច្ចេកទេសក្នុងការថែផងដែរ។ Shimpaku Juniper ត្រូវបានបន្តថែនៅកម្ពុជា ដោយក្នុងរយៈពេល ៣ ខែអ្នកថែទាំដាក់ជីមួយដង ចំពោះការស្រោចទឹកនៅពេលធាតុអាកាសក្តៅ និងមានពន្លឺថ្ងៃខ្លាំង ដីក្នុងផើងអាចស្ងួតលឿន ដូច្នេះក្នុងករណីនេះ Shimpaku អាចត្រូវការការស្រោចទឹក ១ ថ្ងៃម្តង ឬពេលខ្លះ ១ ថ្ងៃ ២ ដង (ព្រឹក និងល្ងាច) ប្រសិនបើដីស្ងួតខ្លាំង ហើយសម្រាប់ដើមឈើមួយប្រភេទនេះធន់ជាមួយទឹកណាស់ ទោះបីត្រូវភ្លៀងជោគជាំក៏នៅតែអាចបន្តរស់បានដែរ។ ទោះជាយ៉ាងណាក្តីលោកក៏បានបញ្ជាក់ថា សម្រាប់អ្នកដែលទិញយកទៅហើយមានចេតនាគាស់ចេញពីផើងយកទៅដាំនឹងសណ្ឋានដីផ្ទាល់ គឺលោកមិនណែនាំឱ្យធ្វើបែបនេះទេ ព្រោះវាអាចប៉ះពាល់ដល់ការលូតលាស់របស់ដើមឈើ។ ម្យ៉ាងវិញទៀតចំពោះក្បួនក្នុងការថែទាំឱ្យដើមមួយនេះរក្សាបានភាពស្រស់ស្អាត លោកក៏បានណែនាំនៅពេលដែលវាបន្តលូត អាចយកមកកាន់ហាងវិញដើម្បីឱ្យហាងផ្តល់សេវាកម្មកាត់រូបរាងផ្កា និងស្លឹកជូន ដើម្បីរក្សាបាននូវភាពស្រស់ស្អាត។ ចំពោះប្រភេទដើមទាំងនេះដាក់ក្នុងផ្ទះ ហាង សណ្ឋាគារ ឬស្ថាប័នកាងារសម្រាប់លើករាសី ថាមពលល្អ ភាពស្រស់ស្អាត ភាពធន់ ការស៊ូទ្រាំ និងភាពគង់វង្សយូរអង្វែង និងការតុតែងលម្អបែប Unique ផងដែរ។

បច្ចុប្បន្នមានភ្ញៀវជាច្រើន ដែលចាប់អារម្មណ៍ជាមួយ Shimpaku ដោយក្នុងមួយខែ ទៅ បីខែ Living Bonsai លក់ដាច់យ៉ាងតិច ១០ ដើម ខណៈដែលដើមមួយចំនួនក្នុងចំណោមជាង ៥០ ដើមនេះ ហាងទទួលបានការកក់ជាបន្តបន្ទាប់។ ជាមួយគ្នានេះដែរ លោក អ៊ុំ លីភាវ ដែលជាម្ចាស់អាជីវកម្ម Living Bonsai បានប្រាប់ពីគម្រោងក្នុងពេលអនាគតថា លោកមានគម្រោងនាំយកដើមឈើប្លែកៗជាច្រើនទៀតមកប្រទេសកម្ពុជា ហើយនឹងពង្រីកវិសាលភាពអ្នកស្រលាញ់វិស័យធម្មជាតិឱ្យកាន់តែទូលំទូលាយជានេះផងដែរ។

សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចង់ជាវ អាចទំនាក់ទំនង៖ 0714444249
- Tele: https://t.me/livingbonsaicambodia
- តារាងមើលដើម BONSAI ទាំងអស់: livingbonsaikh.com
- សម្រាប់ទីតាំងហាងមកមើលដោយផ្ទាល់: https://maps.app.goo.gl/8FrEDGJbaDmRebqC6?g_st=ipc
- ដឹកជញ្ចូនទូរទាំងប្រទេស

អត្ថបទដោយ៖ ងួន ឃុនណា - Khunna NGUON
